ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ ម៉ោង ៦ ល្ងាច ថ្ងៃនេះ ម៉ោងនៅកម្ពុជា ក្រុមបាល់ទះ ជម្រើសជាតិកម្ពុជា នឹងប្រកួតជាមួយក្រុមជម្រើសជាតិឥណ្ឌា ក្នុងព្រឹត្តិការណ៍កីឡាអាស៊ី លើកទី១៩ នា នៅទីក្រុង Hangzhou ខេត្ត Zhejiang សាធារណរដ្ឋ ប្រជាមានិតចិន។
ក្រុមកម្ពុជាដែលកំពុងតែហ្វឹកហាត់ នៅប្រទេសចិន ស្រាប់នោះ គឺជាការត្រាំពឹស សម្រាប់ ព្រឹត្តិការណ៍កីឡាអាស៊ីនេះតែម្ដង។ ក្រុមបាល់ទះកម្ពុជា មិនមែនជាក្រុមបាតតារាង ដូចពីមុនឡើយ គឺពេលនេះ កំពុងតែឈរក្នុងលំដាប់លេខ២ នៃតំបន់អាស៊ីអាគ្នេយ៍ បន្ទាប់ពីឆ្លងកាត់ស៊ីហ្គេម លើកទី៣១ នៅវៀតណាម និងលើកទី៣២ នៅកម្ពុជា រួចមកនោះ។ ស៊ីហ្គេម ២ លើកចុងក្រោយនេះ បាល់ទះកម្ពុជា បានធ្វើឲ្យបណ្ដាប្រទេស ក្នុងតំបន់ មានការស្រឡាំងកាំងជាខ្លាំង។
កម្ពុជាស្ថិតនៅពូល C ជាមួយឥណ្ឌា និងកូរេ៉ខាងត្បូង។ សូមបញ្ជាក់ថា សម្រាប់ព្រឹត្តិ ការណ៍កីឡាអាស៊ី លើកទី១៩នេះ មានក្រុមបាល់ទះបុរស ចំនួន១៩ប្រទេស ចូលរួម ដោយបែងចែកជា ៦ពូល ដែលមួយពូលៗ មាន ៣ប្រទេស លើកលែងតែពូល F មួយប៉ុណ្ណោះ ដែលមានចំនួន ៤ ប្រទេស។
នេះជាការបង្ហាញខ្លួនឡើងវិញរបស់ ក្រុមបាល់ទះកម្ពុជា នៅក្នុងព្រឹត្តិការណ៍កីឡាអាស៊ី (Asian Games) នៅប្រទេសចិន ដែលកម្ពុជា ពុំបានចូលរួម នៅក្នុងពានរង្វាន់ មួយនេះ អស់រយៈកាលជាង ៥០ ឆ្នាំ មកហើយនោះ។
បន្ទាប់ពីជំនួបជាមួយឥណ្ឌា នាថ្ងៃនេះ ក្រុមកម្ពុជាត្រូវជួបប្រកួតជាមួយក្រុមកូរេ៉ខាងត្បូង ថ្ងៃទី២១ កញ្ញា មួយប្រកួតទៀត ដែលនោះជាការប្រកួតបញ្ចប់ពូល៕/V/r