​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ អ្នកការទូត​កំពូល​របស់​ចិន​កាលពី​ថ្ងៃ​ចន្ទ​បានចាប់ផ្តើម​ការពិគ្រោះ​យោបល់​ផ្នែក​សន្តិសុខ​ជាមួយ​មន្ត្រី​រុស្ស៊ី បន្ទាប់​ពី​កិច្ចពិភាក្សា​កាលពី​ចុង​សប្តាហ៍​របស់​គាត់​ជាមួយ​ទីប្រឹក្សា​សន្តិសុខ​ជាតិ​របស់​ប្រធានាធិបតី​អាម៉េរិក​ចូ បៃ​ដិន​នៅក្នុង​ប្រទេ​សម៉ាល់តា​។​

​ក្រសួងការបរទេស​ចិន​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​ខ្លី​មួយ​ថា រដ្ឋមន្ត្រីការបរទេស​លោក វ៉ាង យី ដែល​ក្នុងពេល​ដំណាលគ្នា​នេះ​កាន់​តំណែង​កំពូល​គោលនយោបាយ​ការបរទេស​របស់​បក្ស​កុំម្មុយនីស្ត​ដែរនោះ​នឹង​ស្ថិត​នៅក្នុង​ប្រទេស​រុស្ស៊ី​រហូត​ដល់​ថ្ងៃ​ព្រហស្បតិ៍​សម្រាប់​ការពិគ្រោះ​យោបល់​សន្តិសុខ​ជា​យុទ្ធសាស្ត្រ​។​

​លោក​វ៉ាង​បាន​បើក​កិច្ច​ពិភាក្សា​របស់​គាត់​ជាមួយ​រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី​លោក សឺ​ហ្គេ ឡាវ​រ៉ូវ ដោយ​សាទរ​ចំពោះ “​កិច្ចសហប្រតិបត្តិការ​ជា​យុទ្ធសាស្ត្រ​” រវាង​ប្រទេស​ទាំង​ពីរ និង​ការប្តេជ្ញា​ចិត្ត​រួមគ្នា​របស់​ពួកគេ​ចំពោះ “​ពិភពលោក​ពហុ​ប៉ូល​” និង “​សណ្តាប់ធ្នាប់​ពិភពលោក​ដែល​កាន់តែ​យុត្តិធម៌​” ជា​ពាក្យ​ដែល​រដ្ឋាភិបាល​ក្រុង​មូ​ស្គូ​និង​ក្រុង​ប៉េកាំង ប្រើប្រាស់​ដើម្បី​ពណ៌នា​អំពី​កិច្ចខិតខំ​ប្រឹងប្រែង​របស់​ខ្លួន​ដើម្បី​ទប់ទល់​អំណាច​ត្រួត​ត្រា​របស់​អាម៉េរិក​លើ​កិច្ចការ​ពិភពលោក​។​

​លោក​វ៉ាង​បាន​និយាយថា “​ចិន​និង​រុស្ស៊ី​ក្នុងនាម​ជា​មហាអំណាច​ឈានមុខ​គេ​លើ​ពិភពលោក​និង​ជា​សមាជិក​អចិន្ត្រៃយ៍​នៃ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការសហប្រជាជាតិ ទទួលខុសត្រូវ​ជា​ពិសេស​ក្នុង​ការរក្សា​ស្ថិរភាព​ជា​យុទ្ធសាស្ត្រ​សកល​និង​ការអភិវឌ្ឍ​សកល​។ ការ​ដែល​សកម្មភាព​ឯកតោភាគី​របស់​ក្រុម​អនុត្តរភាព​និង​ការប្រឈមមុខ​ដាក់​គ្នា​ក្នុង​ប្លុក​កាន់តែ​ហិង្សា វា​កាន់តែ​មាន​សារៈសំខាន់​សម្រាប់​យើង​ក្នុង​ការ​តាម​ឱ្យទាន់​កាលៈទេសៈ បង្ហាញ​ពី​ស្មារតី​នៃ​កាតព្វកិច្ច​ជា​មហាអំណាច និង បំពេញ​កាតព្វកិច្ច​អន្តរជាតិ​របស់​យើង​បន្ថែមទៀត​”​។​

​លោក​បាន​សង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការ​រុស្ស៊ី​-​ចិន “​មិន​ត្រូវ​បាន​បែរ​ទិស​ប្រឆាំង​នរណា​ម្នាក់​ឡើយ ហើយក៏​មិន​ទទួល​ឥទ្ធិពល​ពី​ប្រទេស​ផ្សេង​នោះដែរ​”​។​

​លោក​ឡាវ​រ៉ូវ​បាន​សង្កត់ធ្ងន់​អំពី “​សារៈសំខាន់​នៃ​កិច្ចសហប្រតិបត្តិការ​រុស្ស៊ី​-​ចិន​សម្រាប់​ការធានា​យុត្តិធម៌​ក្នុង​កិច្ចការ​ពិភពលោក សម្រាប់​ការធានា​ឱ្យមាន​តុល្យភាព​នៃ​ផលប្រយោជន៍​នៅក្នុង​ដំណើរការ​ដែល​កំពុង​អភិវឌ្ឍ​ក្នុងទិសដៅ​ផ្សេងៗ​គ្នា​”​។ លោក​បាន​កត់សម្គាល់​ថា រុស្ស៊ី​និង​ចិន​នឹង​សម្របសម្រួល​កិច្ចខិតខំ​ប្រឹងប្រែង​របស់​ពួកគេ​ក្នុងអំឡុងមហា​សន្និបា​ត​អ​.​ស​.​ប​នៅ​សប្តាហ៍​នេះ​និង​វេទិកា​អន្តរជាតិ​ផ្សេងទៀត​។​

​អាម៉េរិក​និង​ចិន​មិន​ស្របគ្នា​លើ​សកម្មភាព​យោធា​របស់​រុស្ស៊ី​នៅ​អ៊ុយ​ក្រែនទេ​។ ចិន​បាន​បដិសេធ​មិន​កាន់ជើង​ភាគី​នៅ​ក្នុង​ជម្លោះ ដោយ​និយាយថា ខណៈ​ទឹកដី​របស់​ប្រទេស​មួយ​ត្រូវ​តែ​គោរព លោកខាងលិច​ចាំបាច់​ត្រូវ​ពិចារណា​ពី​កង្វល់​សន្តិសុខ​របស់​រុស្ស៊ី​អំពី​ការពង្រីក​អង្គការ​ណា​តូ​។ ចិន​បាន​ចោទ​អាម៉េរិក​ថា​បានអូសបន្លាយ​ការប្រយុទ្ធ​ដោយ​ការផ្តល់​អាវុធ​ដល់​អ៊ុ​យក្រែន ជា​គ្រឿង​សព្វាវុធ​ដែល​អាម៉េរិក​និយាយថា រដ្ឋាភិបាល​ក្រុង​គៀវ​ត្រូវការ​ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​រុស្ស៊ី​៕

រដ្ឋមន្ត្រីការបរទេស​ចិន​លោក វ៉ាង យី ជួបពិភាក្សា​ជាមួយ​សម​ភាគី​រុស្ស៊ី​នៅ​មូ​ស្គូ​កាលពី​ថ្ងៃ​១៨​កញ្ញា​