ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ហ្វូង​អ្នកគាំទ្រ​បាល់ទាត់​អ៊ីរ៉ង់​បាន​ផ្តល់​ការស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​គ្រីស្ទា​ណូ រ៉ូ​ណាល់ដូ​កាលពី​ថ្ងៃ​ចន្ទ ខណៈ​ដែល​ក្លិប​អា​រ៉ាប៊ីសាអូឌីត​របស់គា​ត់​បាន​មក​ដល់​ទី​ក្រុងតេអេ​រ៉ង់​សម្រាប់​ការប្រកួត​ក្លិប​ទាំង​ក្នុងផ្ទះ​និង​ក្រៅ​ដី​ជា​លើកដំបូង​ចាប់តាំងពី​ប្រទេស​ទាំង​ពីរ​បាន​បន្ត​ទំនាក់ទំនង​ការទូត​ឡើងវិញ​។​

​អ្នកគាំទ្រ​បាន​ស្រែកហៅ​ឈ្មោះ​កីឡាករ​ឆ្នើម​ប្រចាំឆ្នាំ​របស់​ព័រ​ទុយ​ហ្គាល់​៥​សម័យ​កាលដែល​បាន​មក​ដល់​ជាមួយ​មិត្ត​រួម​ក្រុម Al Nassr ដើម្បី​ប៉ះ​ក្លិប​អ៊ីរ៉ង់ Persepolis ក្នុង​ការប្រកួត Asian Champions League នៅ​ថ្ងៃ​អង្គារ​។​

​ការប្រកួត​នេះ​នឹង​ក្លាយជា​ការប្រកួត​លើកដំបូង​ចាប់តាំងពី​រដ្ឋាភិបាល​ក្រុងតេអេ​រ៉ង់​និង​រី​យ៉ាដ​ឈាន​ដល់​កិច្ចព្រមព្រៀង​ដែល​សម្របសម្រួល​ដោយ​ចិន​កាលពី​ខែ​មីនា​។​

​ក្លិប​មកពី​ប្រទេស​ទាំង​ពីរ​បាន​លេង​តែ​ការប្រកួត​នៅលើ​ទឹកដី​អព្យាក្រឹត​ប៉ុណ្ណោះ​ចាប់តាំងពី​ឆ្នាំ ២០១៦ នៅពេលដែល​អា​រ៉ាប៊ីសាអូឌីត​ដែលកាន់​និកាយ​ស៊ុន​នី​ភាគច្រើន​និង​អ៊ីរ៉ង់​ដែល​កាន់​និកាយ​ស៊ី​អ៊ី​ត​ភាគច្រើន បាន​ផ្តាច់ទំនាក់ទំនង​នឹង​គ្នា​។​

​នៅ​ទី​ក្រុងតេអេ​រ៉ង់ ក្តីរំភើប​បាន​ហោះហើរ​ពេញ​អាកាស ខណៈ​ដែល​អ្នកគាំទ្រ​រង់ចាំ​យ៉ាង​អន្ទះសារ​ដើម្បី​មើល​រ៉ូ​ណាល់​ដូ នៅ​ពេល​គាត់​ចាកចេញ​ពី​អាកាសយានដ្ឋាន Imam Khomeini របស់​អ៊ីរ៉ង់​។​

​ហ្វូង​អ្នកគាំទ្រ​ដ៏​ច្រើន​កុះករ​បាន​តម្រង់​ជួរ​តាម​ដងផ្លូវ ខណៈ​ដែល​រ៉ូ​ណាល់ដូ​និង​ក្រុម​របស់​គាត់​បា​ន​មកដល់​សណ្ឋាគារ​ក្នុង​ទីក្រុង​ដោយ​ជិះ​តាម​ឡាន​ក្រុង​។​

​សម្រែក​ថា “​រ៉ូ​ណាល់​ដូ រ៉ូ​ណាល់​ដូ​!” ថែមទាំង​បាន​ជន់​លិច​ចូលទៅក្នុង​បន្ទប់ទទួលភ្ញៀវ​របស់​សណ្ឋាគារ​ទៀតផង​។​

​ផ្ទាំង​ប៉ាណូ​រូប​ភាពរ៉ូណា​ល់​ដូ​បាន​ផុ​សឡើង​ពាសពេញ​ដងផ្លូវ​សំខាន់ៗ​ក្នុង​រដ្ឋធានី​អ៊ីរ៉ង់ ដែល​អម​ជាមួយ​ពាក្យ “​ស្វាគមន៍​” ដែល​សរសេរ​ជា​ភាសា​អារ៉ាប់ អង់គ្លេស និង ហ្វា​ស៊ី (Farsi)​។​

​ណា​វីដ បូ​ហា​នី​ហ្វា (Navid Borhanifar) អាយុ ២៨ ឆ្នាំ ដែល​ជា​អ្នកគាំទ្រ​រ៉ូ​ណាល់​ដូ បាន​និយាយថា “​ខ្ញុំ​គិតថា​វា​នឹង​ក្លាយ​ជា​ការប្រកួត​ដ៏​ស្រស់ស្អាត ហើយ​នឹង​មាន​ក្តី​រំភើប​ច្រើន​។ វា​ពិតជា​រំភើប​ណាស់​សម្រាប់​ខ្ញុំ​”​។​

​គួរ​ឱ្យ​ស្តាយ​សម្រាប់​អ្នកគាំទ្រ គ្មាន​នរណា​ម្នាក់​នឹង​ត្រូវ​អនុញ្ញាត​ឱ្យ​ចូលរួម​ការ​ប្រកួត​ដែល​នឹង​ធ្វើឡើង​នៅ​កីឡដ្ឋាន Azadi ដ៏​ធំ​សម្បើម ដែល​អាច​ផ្ទុក​មនុស្ស​បាន​រហូត​ដល់ ៩០.០០០ នាក់​នោះ​ទេ​។​

​សហព័ន្ធ​កីឡា​បាល់ទាត់​អាស៊ី​បាន​កំណត់​ថា ការប្រកួត​នេះ​ត្រូវ​លេង​ដោយ​បិទទ្វារ ដែល​ជា​ការដាក់ទណ្ឌកម្ម​ចំពោះ​ការ​បង្ហោះ​តាម​អ៊ីនធឺណិត​ដ៏​ចម្រូងចម្រាស​ឆ្នាំ ២០២១ ដោយ​ក្លិប Persepolis មុន​ពេល​ប្រកួត​ជាមួយ​ក្លិប​របស់​ឥណ្ឌា​៕

​រ៉ូ​ណាល់ដូ​ទទួល​ការស្វាគម​ន៍​យ៉ាង​កក់ក្តៅ​ពេលមកដល់​ទឹកដី​អ៊ីរ៉ង់​កាលពី​ថ្ងៃ​ចន្ទ