ដោយៈ តារារិទ្ធ / តាកែវៈ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះ រាជាណាចក្រកម្ពុជា បានស្នើឲ្យរដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ពិនិត្យបញ្ចុះតម្លៃភ្លើង កម្រិតណាមួយ សម្រាប់ឲ្យសហគ្រាស និងសិប្បកម្ម នៅកម្ពុជាអាចបង្កើនការផលិត បន្ថែមទៀត ។
សម្ដេចធិបតី បានបន្តថា៖ “ខ្ញុំបានឲ្យឯកឧត្តម កែវ រតនៈ ពិនិត្យមើលតម្លៃអគ្គិសនី តើអាចបញ្ចុះក្នុងកម្រិតណាមួយ ពិសេសទៅលើវិស័យសហគ្រាសធុនតូច និងមធ្យម និងសិប្បកម្ម ឬរោងចក្រ ព្រោះនៅពេលដែលតម្លៃអគ្គិសនីថោក គាត់នឹងបង្កើនការ ផលិតថែមទៀត”។
បើតាមសម្ដេចធិបតី អាចមានសហគ្រាស ប្រមាណ ២១.០០០ សហគ្រាស ដែលអាច ទទួលបានផលប្រយោជន៍ ពីការបញ្ចុះតម្លៃភ្លើងនេះ។
សម្តេចធិបតី បានស្នើឲ្យលោករដ្ឋមន្រ្តី ត្រូវចាប់ផ្តើមធ្វើ កុំចាំបាច់អនុវត្តថ្ងៃក្រោយ គឺ ចាប់ផ្ដើមអនុវត្តភ្លាម ចាប់ពីពេលនេះ ។
សម្តេចធិបតី បានស្នើដល់រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បែបនេះ នៅក្នុងពិធីសំណេះ សំណាល ជាមួយកម្មករ ចំនួន ១៨.១០៤ នាក់ មកពីរោងចក្រ សហគ្រាសចំនួន ១៨ នៅក្នុងស្រុកបាទី ខេត្តតាកែវ នៅព្រឹកថ្ងៃអង្គារនេះ៕ V / N