ប្រែសម្រួលៈបំណង(CNA,Xinhua)៖ ចិននិងសហភាពអឺរ៉ុបកាលពីថ្ងៃចន្ទបានជួបពិភាក្សាគ្នានៅទីក្រុងប៉េកាំងលើប្រធានបទមួយចំនួន រួមមានបញ្ញាសិប្បនិម្មិត(AI) និងលំហូរទិន្នន័យកាត់ព្រំដែនចំពេលភាគីទាំងពីរមានជម្លោះអំពីការស៊ើបអង្កេតរបស់សហភាពអឺរ៉ុប(EU)លើការឧបត្ថម្ភរបស់រដ្ឋចិនចិនលើឧស្សាហកម្មរថយន្តអគ្គិសនី(EV)របស់ខ្លួន។
កិច្ចពិភាក្សានេះជាផ្នែកនៃ កិច្ចចរចាឌីជីថលថ្នាក់ខ្ពស់សហភាពអឺរ៉ុប-ចិន( EU-China High-level Digital Dialogue )ដឹកនាំធ្វើដោយឧបនាយករដ្ឋមន្ត្រីចិន ចាង ហ្គោឈិញ(Zhang Guoqing)និងអនុប្រធានគណៈកម្មាធិកាអឺរ៉ុប។វាជាជំនួបដូច្នេះជាលើកដំបូងក្នុងរយៈពេលបីឆ្នាំមកនេះ។
ជំនួបនេះត្រូវបានធ្វើឡើងនៅពេលភាពតានតឹងរវាងចិននិងEUបានកញ្ជ្រោលឡើងក្រោយពីប្រធានគណៈកម្មាធិការអឺរ៉ុបលោកស្រី អឺស៊ូឡា វ៉ុន ដឺ ឡេយេន បានប្រកាសអំពីការស៊ើបអង្កេតមួយលើឧស្សាហកម្មរថយន្ត EVរបស់ចិន ដើម្បីសំរេចថាតើគួរដាក់ពន្ធពិន័យឬយ៉ាងណា ដើម្បីការពារក្រុមហ៊ុនផលិតរថយន្តអឺរ៉ុប។
រដ្ឋាភិបាលទីក្រុងប៉េកាំងបានរិះគន់ការស៊ើបអង្កេតនេះ ដោយចាត់ទុកវាជា«អំពើគាំពារនិយម»មួយ និងបានព្រមមានថាវានឹងនាំអោយប៉ះពាល់ទំនាក់ទំនងសេដ្ឋកិច្ច។
កិច្ចពិភាក្សាកាលពីថ្ងៃចន្ទ គ្របដណ្តប់លើបញ្ហាសំខាន់ៗរួមមានវេទិកា( platform)និងបទបញ្ញត្តិទិន្នន័យ AI និងលំហូរទិន្នន័យឧស្សាហកម្មកាត់ព្រំដែន ។
កន្លងមកគណៈកម្មាធិការអឺរ៉ុបបានសម្តែងការព្រួយបារម្ភអំពីការលំបាក ដែលបណ្តាក្រុមហ៊ុនEUនៅចិនបានប្រឈម គឺការប្រើប្រាស់ទិន្នន័យឧស្សាហកម្មរបស់គេ ដោយសារតែចិនទើបពង្រីការអនុវត្តច្បាប់មួយ។
សូមបញ្ជាក់ថា ចិនកាលពីខែកក្កដាបានពង្រីកការអនុវត្តច្បាប់ប្រឆាំងចារកម្មរបស់ខ្លួន ដោយគ្របដណ្តប់លើវិសាលភាពធំជាងមុន រួមទាំងហាមការផ្ទេរព័ត៌មានណាមួយដែលពាក់ព័ន្ធនឹងសន្តិសុខជាតិនិងក៏បានពង្រីកនិយមន័យនៃចារកម្មផងដែរ។
លោកចាងបានប្រាប់កិច្ចប្រជុំថា ចិនស្វាគមន៍បណ្តាក្រុមហ៊ុនមកពីពាសពេញពិភពលោក រួមទាំងអឺរ៉ុប ដើម្បីចែករំលែកឳកាសអភិវឌ្ឍន៍នៃសេដ្ឋកិច្ចឌីជីថលនិងសំរេចលទ្ធផលឈ្នះឈ្នះ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរបស់រដ្ឋចិន។
សារព័ត៌មានដដែលបាននិយាយថា ភាគីទាំងពីរក៏យល់ព្រមជំរុញបរិយាកាសបើកចំហ ត្រឹមត្រូវនិងមិនរើសអើងមួយសំរាប់ការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល៕
ឧបនាយករដ្ឋមន្ត្រីចិន ដឹកនាំកិច្ចប្រជុំជាមួយអនុប្រធានគណៈកម្មាធិការអឺរ៉ុបនៅក្រុងប៉េកាំងកាលពីថ្ងៃ១៨កញ្ញា