ដោយៈ សុផល / ភ្នំពេញ៖ ក្រុមហ៊ុន Fuji Construction Works Co., Ltd. កាលពីថ្ងៃទី១៨ ខែកញ្ញា បានផ្តល់ឧបករណ៍បំភ្លឺផ្លូវ Pikalotto និងឧបករណ៍ សម្រាប់ខួងដំឡើង ដល់ក្រសួងសាធារណការ និងដឹកជញ្ជូន។

លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញចូលរួម ក្នុងពិធីប្រគល់ទទួលឧបករណ៍ទាំងនេះ ដោយមានការចូលរួមពី លោក Sanui Kazumasa ប្រធានទីភ្នាក់ងារ JICA ប្រចាំនៅកម្ពុជា។

ឧបករណ៍បំភ្លឺផ្លូវ Pikalotto នេះ គឺសម្រាប់បំពាក់ទៅលើទ្រូងផ្លូវថ្នល់ ឬស្ពាន ត្រង់កន្លែងដែលងាយបង្កគ្រោះថ្នាក់ ដូចជា កន្លែងផ្លូវកោងជាដើម ដើម្បីដាស់ស្មារតី អ្នកបើកបរ​នៅពេលយប់ ឱ្យមើលឃើញពីស្ថានភាពផ្លូវបានច្បាស់ និងបង្កើនការប្រុង ប្រយ័ត្នខ្ពស់។ ឧបករណ៍បំភ្លឺផ្លូវ ដែលទទួលបានពីក្រុមហ៊ុន មានចំនួន ៣.១០០ គ្រាប់ ដែល ២.៦៦៩ គ្រាប់ ត្រូវបានដំឡើងរួចរាល់ក្នុង ៧៥ ទីតាំង តាមបណ្តោយផ្លូវជាតិ លេខ២, ៥, ៦ និងលេខ៦១។

ដោយឡែក ឧបករណ៍ដែលនៅសល់ និងឧបករណ៍ខួងដំឡើង ២គ្រឿង បានយកមក ប្រគល់ជូនក្រសួង ដើម្បីទុកប្រើប្រាស់ក្នុងពេលបន្ទាប់៕ V / N