ដោយៈ សុផល / ភ្នំពេញ៖ មន្ត្រីអគ្គនាយកដ្ឋានភស្តុភារកម្ម នៃក្រសួងសាធារណការ និងដឹកជញ្ជូន ដឹកនាំដោយលោកអគ្គនាយក ឈៀង ពេជ្រ បានទៅទទួលការបណ្តុះ បណ្តាលខ្លី និងទស្សនកិច្ចសិក្សាទីតាំងសំខាន់ៗ​ពាក់ព័ន្ធវិស័យភស្តុភារកម្ម នៅសាធារណរដ្ឋកូរ៉េ ពីថ្ងៃទី១៨ ដល់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ ។

ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា៖ វគ្គបណ្ដុះបណ្ដាល ស្ថិតក្នុងគម្រោង “ការធ្វើទំនើបកម្មប្រព័ន្ធភស្តុភារកម្ម នៅកម្ពុជា និងការអនុវត្តសាកល្បង នៃប្រព័ន្ធកុំព្យូទ័រ ក្នុងវិស័យភស្តុភារកម្ម” ក្រោមកម្មវិធីជំនួយអភិវឌ្ឍន៍ផ្លូវការរបស់ សាធារណរដ្ឋកូរ៉េ (Korea’s ODA) តាមរយៈក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូន នៃសាធារណរដ្ឋកូរ៉េ។

លោក ឈៀង ពេជ្រ បានមានប្រសាសន៍ថា៖ គោលបំណងនៃដំណើរទស្សនកិច្ចនេះ គឺដើម្បីពង្រឹងសមត្ថភាព និងផ្តល់ចំណេះដឹងសំខាន់ៗ ក្នុងការរៀបចំផែនការ និងវិធីសាស្រ្ត វិភាគផលចំណេញ នៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធភស្តុភារកម្ម, ផ្តល់ចំណេះដឹងអំពី ការធ្វើទំនើបកម្មទិន្នន័យ ក្នុងវិស័យភស្តុភារកម្ម និងស្វែងយល់ការ​អនុវត្តជាក់ស្តែង នៃការធ្វើទំនើបកម្មវិស័យភស្តុភារកម្ម នៅសាធារណរដ្ឋកូរ៉េ។ វគ្គបណ្ដុះបណ្ដាលនេះ ក៏មានការចូលរួមពីវិស័យឯកជន ដែលជាភ្នាក់ងារអនុវត្តប្រព័ន្ធ​សាកល្បង (Pilot Project) សម្រាប់ការធ្វើទំនើបកម្ម ក្នុងវិស័យភស្តុភារកម្ម ផងដែរ។

វគ្គបណ្ដុះបណ្ដាលនៅក្នុងថ្នាក់ មានប្រធានបទ ដូចជា៖ (១) ការវិភាគសេដ្ឋកិច្ច នៃវិស័យភស្តុភារកម្មក្នុងគម្រោង ODA, ការគណនាអត្រាចំណេញត្រឡប់វិញ ផ្នែកសេដ្ឋកិច្ច និងផ្នែកហិរញ្ញវត្ថុ (EIRR & FIRR), (២) បច្ចេកវិទ្យាស្វ័យប្រវត្តិកម្ម ក្នុងវិស័យភស្តុភារកម្ម, (៣) ការណែនាំនិងការអនុវត្តបច្ចេកវិទ្យាស្វ័យប្រវត្តិកម្ម ក្នុងឧស្សាហកម្ម​ដឹកជញ្ជូនចុងក្រោយ៖ ករណីសិក្សានៅប្រទេសកូរ៉េ, (៤) ប្រព័ន្ធគ្រប់គ្រងការដឹកជញ្ជូន និង (៥) ទិដ្ឋភាពទូទៅនៃភស្តុភារកម្មតាមផ្លូវអាកាស និងភស្តុភារកម្មបែប​ឆ្លាតវៃ នៅអាកាសយានដ្ឋាន។

ដោយឡែក ការចុះទស្សនកិច្ចសិក្សា ធ្វើឡើងនៅតាមទីតាំងសំខាន់ៗនានា រួមមាន៖ (១) ក្រុមហ៊ុន Korean Superfreeze , (២) សាលពិព័រណ៍អាជ្ញាធរកំពង់ផែ Yeosu-Gwangyang, (៣) សាលពិព័រណ៍អាជ្ញាធរកំពង់ផែ Busan និង សាលពិព័រណ៍អាជ្ញាធរតំបន់សេដ្ឋកិច្ចសេរី Busan-Jinhae។

លោកអគ្គនាយក ក៏បានណែនាំដល់សិក្ខាកាមចូលរួមទាំងអស់ ទាំងមន្រ្តីរាជការ និងបុគ្គលិកវិស័យឯកជន ត្រូវយកចិត្តទុកដាក់ក្រេបយកចំណេះដឹងឱ្យអស់លទ្ធភាព ពីវគ្គបណ្ដុះបណ្ដាល និងទស្សកិច្ចសិក្សានាឱកាសនេះ ដើម្បីយកចំណេះដឹងទាំងនោះ ទៅអនុវត្តនៅក្នុងការងារប្រចាំថ្ងៃរបស់ខ្លួន៕ V / N