ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ ព្រឹត្តិការណ៍ប្រកួតកីឡាកាយសម្ព័ន្ធអាអេរ៉ូប៊ិកជើងឯក អាស៊ី លើកទី៨ នៅប្រទេសម៉ុងហ្គោលី បានបញ្ចប់ ដោយកម្ពុជា ទទួលបាននូវ អនុស្សាវរីយ៍ល្អៗ ជាច្រើន ពីព្រឹត្តិការណ៍នេះ។

នេះជាលើកដំបូងហើយ ដែលកម្ពុជា ប្រជែងបានមេដាយមាស លើប្រភេទកីឡានេះដោយកម្ពុជា ឈរក្នុងតំណែងលេខ៣ ក្នុងចំណោមប្រទេសជាង ១០ ដែលចូលរួម។
ប្រទេសវៀតណាម ឈរក្នុងតំណែងកំពូលតារាង ដោយដណ្ដើមបានមេដាយ សរុប ៧ គ្រឿងគឺ មេដាយមាស ៣ គ្រឿង ប្រាក់ ៣ គ្រឿង និងសំរិទ្ធ ១គ្រឿង។

ម្ចាស់ផ្ទះម៉ុងហ្គោលី ឈរក្នុងតំណែងលេខ២ ដោយដណ្ដើមបានមេដាយ ២គ្រឿងគឺ មាស១គ្រឿង និងសំរឹទ្ធ១គ្រឿង។ កម្ពុជាឈរក្នុងតំណែងលេខ៣ ដោយបានមេដាយ ២គ្រឿង គឺមាស ១គ្រឿង សំរិទ្ធ១គ្រឿង ដូចម៉ុងហ្គោលីដែរ។

ចិនតែប៉ិ ឈរក្នុងតំណែងលេខ៤ ដែលដណ្ដើមបាន មេដាយមាស១គ្រឿង។ សាធារណ រដ្ឋកូរ៉េ ឈរក្នុងតំណែងលេខ៥ ដោយដណ្ដើមបាន មេដាយប្រាក់ ៣គ្រឿង សំរិទ្ធចំនួន ២គ្រឿង។ ប្រទេសឥណ្ឌា ឈរក្នុងតំណែងលេខ៦ ដែលដណ្ដើមបានមេដាយសំរិទ្ធ ១គ្រឿង។ ចំពោះប្រទេសដទៃទៀត អត់មានដណ្ដើមបានមេដាយអ្វីឡើយ។

សូមបញ្ជាក់ថា កម្ពុជាដណ្ដើមបានមេដាយមាស ១ លើវិញ្ញាសា Senior Trio (សម្ដែងក្រុមនារី) ដោយមានកីឡាការិនី ស៊ីវ ចន្ថា, ណេម សុខហេង និងកីឡាការិនី ឌឹម អ៊នធីតា និងមេដាយសំរឹទ្ធ ១ លើវិញ្ញាសាឯកត្ដជននារី ដោយកីឡាការិនី សួស ស្រីពៅ៕ V / N