ដោយ៖ រ៉ាម៉ន / ភ្នំពេញ៖ តាមរយៈទីចាត់ការគ្រប់គ្រងធនធានមនុស្ស ក្នុងរយៈពេល៩ខែ ឆ្នាំ២០២៣នេះ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំនូវវគ្គបណ្តុះបណ្តាលផ្សេងៗ ដើម្បីពង្រឹងសមត្ថភាពមន្ត្រីរាជការ ក្នុងការគ្រប់គ្រងបុគ្គលិក នៅថ្នាក់ក្រោមជាតិ, ការតាក់តែងលិខិតរដ្ឋបាល, ការពង្រឹងផ្នត់គំនិត ក្នុងការបំពេញការងារ ជាមួយនឹងការ ពង្រឹងភាពជាអ្នកដឹកនាំក្នុងអង្គភាពផងដែរ។

នេះជាការលើកឡើងរបស់លោក កើត ឆែ អភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញ តំណាងលោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ក្នុងពិធីបើក «វគ្គបណ្តុះបណ្តាល ស្តីពីការងាររបៀប និងការគ្រប់គ្រងឯកសារ» នាព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ នេះ នៅសាលារាជធានីភ្នំពេញ។

លោក កើត ឆែ បានមានប្រសាសន៍ថា៖ ការរៀបចំវគ្គបណ្តុះបណ្តាល ស្តីពីការងាររបៀប និងការគ្រប់គ្រង ឯកសារ នេះគឺជាប្រធានដ៏មានសារៈសំខាន់ សម្រាប់បុគ្គលិក-មន្ត្រីរាជ ការ នៃរដ្ឋបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌ និងរដ្ឋបាលសង្កាត់ យកទៅអនុវត្ត ក្នុងការអនុវត្តការងារប្រចាំថ្ងៃ នៅតាមអង្គភាពរៀងៗខ្លួន ឱ្យស្របតាមគោលការណ៍ ណែនាំរបស់ក្រសួងមហាផ្ទៃ។ វគ្គបណ្តុះបណ្តាល ពិតជាបានរួមចំណែកបំពេញបន្ថែម ចំណេះដឹងជូនមន្ត្រីរាជការ សម្រាប់យកទៅបំពេញ ការងាររដ្ឋបាល ប្រកបដោយប្រសិទ្ធ ភាព ស័ក្តិសិទ្ធិភាព គុណភាព និងប្រសិទ្ធផលខ្ពស់។

លោក កើត ឆែ បានបញ្ជាក់ថា៖ ការងាររបៀប និងការគ្រប់គ្រងឯកសារ គឺជាបុរេលក្ខ ខណ្ឌ ដែលធានានូវដំណើរការ ជាប្រក្រតី នៃរដ្ឋបាលសាធារណៈ។ នៅក្នុងស្ថាប័នរដ្ឋ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ តែងមានផ្នែកមួយ (ការិយាល័យ) ចំណុះរចនាសម្ព័ន្ធ អង្គភាព ដែលទទួលបន្ទុកលើការងាររបៀប ដែលមានតួនាទីពិនិត្យ និងបែងចែករាល់ ឯកសារ លិខិតស្នាមផ្សេងៗ ដែលទទួលបានពីអង្គភាពដទៃ ឬប្រជាពលរដ្ឋ ទៅកាន់ ការិយាល័យជំនាញនីមួយៗ ដើម្បីរៀបចំធ្វើកំណត់បង្ហាញរឿង ជូនថ្នាក់ដឹកនាំអង្គភាព ក៏ដូចជាពិនិត្យ និងរៀបចំបោះត្រា, ចុះលេខនូវរាល់លិខិតឆ្លើយតបផ្សេងៗ ឬលិខិតរបស់ ស្ថាប័ន (លិខិតស្នើសុំ, សេចក្ដីជូនដំណឹង, សេចក្ដីណែនាំ, សេចក្ដីប្រកាសព័ត៌មាន) ។ល។

លោកបានបន្តទៀតថា៖ ការងារគ្រប់គ្រងឯកសារ ក៏មានសារៈសំខាន់ផងដែរ ក្នុងដំណើរការរបស់អង្គភាព ព្រោះ ថារាល់ឯកសារទាំងអស់ គឺជាលិខិតយុត្តិការ ដែលបញ្ជាក់អំពីការអនុវត្តការងាររដ្ឋបាល ហើយឯកសារទាំងនេះ តែងធ្វើជាកម្មវត្ថុ នៃកិច្ចសវនកម្ម ឬការធ្វើអធិការកិច្ចផ្សេងៗ។ ប្រសិនបើអង្គភាពមួយ ពុំយកចិត្តទុកដាក់ លើការគ្រប់គ្រងឯកសារទេនោះ ប្រាកដជាប្រឈមនឹងបញ្ហាផ្លូវច្បាប់ កំហុសរដ្ឋបាល និងបញ្ហាប្រឈមផ្សេងៗ ជាក់ជាមិនខាន។

លោក កើត ឆែ បានបញ្ជាក់បន្ថែមថា៖ ពាក់ព័ន្ធនឹងការគ្រប់គ្រងឯកសារនេះ យើងបាន ឃើញហើយ នៅចុងលិខិត រដ្ឋបាល ត្រង់ផ្នែកចម្លងជូន ឬកន្លែងទទួល តែងសរសេរ «ឯកសារ-កាលប្បវត្តិ» មានន័យថា ចំពោះ «ឯកសារ» គឺរក្សាទុកនៅទីចាត់ការ ការិយាល័យជំនាញ រីឯ «កាលប្បវត្តិ» គឺការរក្សាទុកជាឯកសារ តាមលំដាប់កាល បរិច្ឆេទ ដែលបានចេញឯកសារនោះ។ ចំណុចសំខាន់មួយទៀត គឺការរក្សាទុកឯកសារ អេឡិចត្រូនិច គឺត្រូវតែទុកដាក់ឱ្យបាន គត់មត់ ពោលគឺត្រូវរក្សានូវក្នុងកុំព្យូទ័រ៕ V / N