ចិន​ប្រកាស​អំពី​ការ​វាយ​ពន្ធ​សងសឹក​លើ​ទំនិញ​អាមេរិក​តម្លៃ ៦០ ពាន់​លាន​ដុល្លារ​

823
ចែករម្លែក

​ប្រទេស​ចិន​កាលពី​ថ្ងៃ​សុក្រ​ទី​៣​សីហា​បានប្រកាស​ពី​ការ​វាយ​ពន្ធ​សងសឹក​លើ​ទំនិញ​អាមេរិក​តម្លៃ ៦០ ពាន់​លាន​ដុល្លារ ដែលមាន​ចាប់ពី​ឧស្ម័ន​ធម្មជាតិ​រហូតដល់​យន្ដ​ហោះ​មួយចំនួន និង​បាន​ព្រមាន​អំពី​វិធានការ​បន្ថែមទៀត​ជាច្រើន ដែល​នេះ​បង្ហាញថា​ចិន​នឹងមិន​ចុះ​ញ៉ម​នឹង​សង្គ្រាម​ពាណិជ្ជកម្ម​អូសបន្លាយ​ពេល​ជាមួយ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​នោះឡើយ​។​

​ក្រសួង​ហិរញ្ញវត្ថុ​ចិន​បានបង្ហាញ​នូវ​ពន្ធ​ថ្មី​បន្ថែម​លើ​ទំនិញ​ចំនួន ៥.២០៧ មុខ​នាំចូល​ពី​សហរដ្ឋអាមេរិក ដែលមាន​ចាប់ពី ៥ ទៅ ២៥ ភាគរយ ។​

​ក្រសួងពាណិជ្ជកម្ម​ចិន​បានឱ្យដឹង​ក្នុង​សេចក្តីថ្លែងការណ៍​ដាច់ដោយឡែក​មួយ​ថា ការកំណត់​ពេលវេលា​វាយ​ពន្ធ​នឹង​អាស្រ័យ​លើ​សកម្មភាព​របស់​សហ​រដ្ឋ​អាមេរិក​។​

​រដ្ឋបាល​ត្រាំ​បាន​បង្កើន​ការដាក់​សម្ពាធ​ឱ្យមាន​សម្បទាន​ពាណិជ្ជកម្ម​ពី​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​នៅ​សប្តាហ៍​នេះ ដោយ​ស្នើឱ្យ​វាយ​ពន្ធ​ដល់​ទៅ ២៥ ភាគរយ​លើ​ទំនិញ​នាំចូល​ពី​ចិន​តម្លៃ ២០០ ពាន់​លាន​ដុល្លារ​។ ភ្លាមៗ​នោះ ចិន​បាន​ប្តេជ្ញា​សងសឹក​វិញ តែ​ទោះយ៉ាងណា​ក្នុងពេល​ជាមួយគ្នា​នោះ ចិន​បាន​ជំ​រុញឱ្យ​អាមេរិក​ធ្វើ​សកម្មភាព​ប្រកបដោយ​ការគិតគូរ​ពិចារណា និង​ត្រឡប់​ទៅ​ការចរចា​វិញ​ដើម្បី​ដោះស្រាយ​ជម្លោះ​។​

​សហរដ្ឋអាមេរិក​និង​ចិន​បាន​អនុវត្ត​ការ​វាយ​ពន្ធ​លើ​ទំនិញ​តម្លៃ ៣៤ ពាន់​លាន​ដុល្លារ​របស់​គ្នា​ទៅវិញទៅមក​រួចហើយ​កាលពី​ខែកក្កដា​។ វ៉ាស៊ីនតោន​ត្រូវគេ​រំពឹងថា​នឹង​អនុវត្ត​ការ​វាយ​ពន្ធ​បន្ថែមទៀត​ឆាប់ៗ​នេះ​ទៅលើ​ទំនិញ​ចិន​តម្លៃ ១៦ ពាន់​លាន​ដុល្លារ ដែល​ចិន​បានប្រកាស​រួចហើយ​ថា​ខ្លួន​នឹង​សងសឹក​វិញ​ឱ្យ​ស្មើគ្នា​៕ ដោយ៖ កញ្ញាដាលីស

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ