ដោយ: ភ្នំខៀវ / បាត់ដំបងៈ យុវជនម្នាក់ ជិះម៉ូតូមិនប្រយ័ត្ន បានបុកគោយន្ត ពេញទំហឹងពីក្រោយ បណ្តាលឲ្យស្លាប់នៅកន្លែងកើតហេតុ និងពីរនាក់ផ្សេងទៀត រងរបួសធ្ងន់។
គ្រោះថ្នាក់ចរាចរណ៍ដែលផ្តើមឡើងពីការធ្វេសប្រហែសនេះ បានកើតឡើង នៅវេលាម៉ោងជាង ០៨:០០ នាទី យប់ ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ នៅតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងភូមិថ្មី ឃុំព្រៃតូច ស្រុកមោងឫស្សី ខេត្តបាត់ដំបង។
ប្រភពនៅកន្លែងកើតហេតុ បានបង្ហើបឲ្យដឹងថាៈ ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើ ផ្តើមឡើងដោយសារកត្តាខ្វះការប្រុងប្រយ័ត្ន ទាំងភាគីម៉ូតូ បើកបរបោះពួយលឿន ទាំងមិនបានគ្រប់គ្រងស្ថានការណ៍សុវត្ថិភាព នៅខាងមុខ ទាំងភាគីខាងគោយន្ត ប្រហែសមិនបានដាក់សញ្ញាចំណាំងផ្លាត ខាងក្រោយរបស់គោយន្តកន្ត្រៃ។
សមត្ថកិច្ច បានឲ្យដឹងថាៈ ជនរងគ្រោះ ដែលស្លាប់ ជាអ្នកបើកបរម៉ូតូ មានឈ្មោះ រុន ខេម៉ា ភេទប្រុស អាយុ ២៧ ឆ្នាំ រស់នៅភូមិពពឹស ឃុំព្រៃកន្លោង ស្រុកពោធិ៍រៀង ខេត្តព្រៃវែង ចំណែកអ្នករួមដំណើរចំនួន ពីរនាក់ទៀត មិនស្គាល់អត្តសញ្ញាណ រងរបួសធ្ងន់។ មុនពេលកើតហេតុ ភាគីជនរងគ្រោះ បានជិះម៉ូតូ ក្នុងទិសដៅស្របទិសគ្នា ពីស្រុកមោងឫស្សី ទៅទីប្រជុំជន ក្រុងបាត់ដំបង លុះដល់ចំណុចកើតហេតុ បានបុកពីក្រោយគោយន្តកន្ត្រៃសណ្តោងរ៉ឺម៉កមួយគ្រឿង ពេញទំហឹង បណ្តាលឲ្យស្លាប់ និងរបួសពេញផ្លូវ៕ V / N