ដោយ: បូកគោ / កំពតៈ ការងារបង្កបង្កើនផលផ្នែកស្រែស្រូវ ជាសក្តានុពលដ៏សំខាន់ និងអាទិភាពចម្បង របស់ប្រជាកសិករ ស្រុកបន្ទាយមាស ដើម្បីបានប្រាក់ចំណូល ប្រចាំឆ្នាំសម្រាប់ជីវភាពគ្រួសារ។ នេះជាការបញ្ជាក់របស់ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញ នៃរដ្ឋបាលស្រុកបន្ទាយមាស ខេត្តកំពត។
លោក នូ ច័ន្ទដា អភិបាលស្រុកបន្ទាយមាសបានមានប្រសាសន៍ថាៈ ស្រុកបន្ទាយមាស មានទីតាំងភូមិសាស្ត្រអំណោយផលល្អ សម្រាប់ការងារបង្កបង្កើនផលស្រូវ ទាំងរដូវប្រាំង និងរដូវវស្សា ជាមួយប្រព័ន្ធធារាសាស្ត្រស្រោចស្រពគ្របដណ្តប់លើឃុំទាំង១៥។ បច្ចុប្បន្ន ប្រជាពលរដ្ឋ ជាង ៧៥ ភាគរយ ជាកសិករដែលបាននិងកំពុងប្រកបរបរ ផ្នែកដំណាំស្រូវដោយ១ឆ្នាំ ពួកគាត់អាចធ្វើស្រែបាន ២ ទៅ ៤ ដង តាមតំបន់។
លោកអភិបាលស្រុក បានបញ្ជាក់ថាៈ សម្រាប់ឆ្នាំ២០២៣ នេះ ការបង្កបង្កើនផលស្រូវ សម្រេចបានប្រមាណជាង ៣ ម៉ឺនហិកតា ពោលគឺ លើសផែនការ ហើយទិន្នផល និងតម្លៃក៏បានខ្ពស់ជាងបណ្តាឆ្នាំមុនផងដែរ។
លោក គឹម វណ្ណនី ប្រធានការិយាល័យកសិកម្មស្រុកបន្ទាយមាស បានប្រាប់ឱ្យដឹងដែរថាៈ ក្នុងចំណោមក្រុង ស្រុក ទាំង៩ របស់ខេត្តកំពត មានតែស្រុកបន្ទាយមាសទេ ដែលអាចផលិតស្រូវ បានច្រើនជាងគេ។ កសិករស្រុកនេះនិយមធ្វើស្រូវអុីអ៊ែរ សម្រាប់លក់ ដោយ១ឆ្នាំអាចធ្វើបានពី ២ ទៅ ៤ ដង។
លោកប្រធានការិយាល័យ បានបញ្ជាក់ថាៈ ស្រូវកំពុងមានទីផ្សារល្អ ហើយឈ្មួញ បានមកទិញដល់ស្រែ ពិសេសឆ្នាំនេះ តម្លៃស្រូវឡើងខ្ពស់ ខណៈដែលទិន្នផលស្រូវ ក៏មានបរិមាណច្រើនផងដែរ។
លោក គឹម វណ្ណនី បានបន្តថាៈ មន្ត្រីជំនាញ និងអាជ្ញាធរ ក៏បន្តជំរុញប្រជាពលរដ្ឋ ឱ្យចិញ្ចឹមសត្វ និងដាំបន្លែរួមផ្សំ ដើម្បីបានប្រាក់ចំណូលបន្ថែម។
ក្នុងនាមមន្ត្រីជំនាញ ក៏ដូចជាអាជ្ញាធរ លោកស្នើដល់ប្រជាកសិករ សូមកុំប្រើជី ឬថ្នាំបំណងធ្វើឱ្យស្រូវទុំលឿន ដើម្បីបានប្រមូលផលឆាប់រហ័សនោះ។ យ៉ាងណា ត្រូវសួរនាំមកមន្ត្រីជំនាញ ដើម្បីបញ្ចៀសនូវការបាត់បង់គុណភាព ខូចតម្លៃផលិតផល និងសុខភាពអ្នកទទួលទាន៕ V / N