ដោយៈ សៅវ៉ាន់ឌី / ព្រះវិហារ៖ ជនសង្ស័យម្នាក់ បានទាញពូថៅ កាប់ប្រពន្ធចំនួន ៣ ពូថៅចំក្បាល បណ្តាលឱ្យស្លាប់ភ្លាមៗ ហើយបានយកសាំងចាក់ដុតខ្លួនឯង រងរបួស ។ហេតុការណ៍នេះ បានកើតឡើង នៅភូមិស្រម៉ូវ សង្កាត់ប៉ាលហាល ក្រុង-ខេត្តព្រះវិហារ នាព្រឹកថ្ងៃទី១៩ ខែកញ្ញា នេះ។
សមត្ថកិច្ច បានឱ្យដឹងថាៈ ជនសង្ស័យ ឈ្មោះ ធី វ៉ូង អាយុ ៤៤ ឆ្នាំ រស់នៅភូមិ-សង្កាត់ខាងលើ។ ចំណែកប្រពន្ធ ឈ្មោះ ស្រី វឿន អាយុ ៤៣ ឆ្នាំ រស់នៅជាមួយគ្នា។
ប្រជាពលរដ្ឋ នៅក្បែនោះ បានឱ្យដឹងថាៈ កន្លងមក ក្នុងគ្រួសារមួយនេះ ធ្លាប់មានរឿងរ៉ាវផ្ទុះកំហឹង ឈ្លោះប្រកែកគ្នា ជាញឹកញយ ព្រោះតែពួកគេ ផឹកស្រាស្រវឹង។ ក្នុងនោះ ខាងប្រពន្ធ ក៏ធ្លាប់កាប់ប្តី ឱ្យរងរបួសម្តងដែរ។ តែពេលនេះ ពួកគេ ស្រវឹងបានឈ្លោះប្រកែកគ្នាទៀត ត្រូវប្តីទាញពូថៅ កាប់លើប្រពន្ធ ចំនួន ៣ ពួថៅ ចំក្បាល បណ្តាលឱ្យស្លាប់ភ្លាមៗ។
ក្រោយពីសម្លាប់ប្រពន្ធរួច ជនសង្ស័យ បានយកសាំងមកចាក់ដុតខ្លួនឯង រងរបួស ហើយក៏រត់ចូលរថយន្ត កំពុងបើក តែរថយន្តបានចាប់ហ្វ្រាំងឈប់ទាន់។
បន្ទាប់ពីហេតុការណ៍ កើតឡើង សមត្ថកិច្ច បាននាំជនដៃដល់ ទៅព្យាបាលនៅមន្ទីរពេទ្យ ដើម្បីបន្តនីតីវិធី ពេលក្រោយ៕ V / N