ដោយ៖សុវណ្ណកុម្ភៈ/ភ្នំពេញ៖ ការប្រកួតកីឡាស្ប៉េស្យាល់អូឡាំពិកថ្នាក់ខេត្តប្រចាំឆ្នាំ២០២៣នៅខេត្តព្រៃវែងបានបើកធ្វើឡើងនៅថ្ងៃទី១៩កញ្ញានេះ។

ក្នុងពិធីបើកការប្រកួតមានការអញ្ជើញចូលរួមពីលោក ហឿង សុផុន រដ្ឋលេខាធិការក្រសួងសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទានិងលោក អនភារៈ អភិបាលខេត្តព្រៃវែងនិងលោក ឃ្លាំងចន្ធូ អគ្គលេខាធិការគណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជា។

លោក ហឿង សុផុន បានបញ្ជាក់ថាដើម្បីលើកស្ទួយវិស័យពិការភាពនៅកម្ពុជារាជរដ្ឋាភិបាល បានខិតខំប្រឹងប្រែង និងបានចំណាយថវិការដ្ឋយ៉ាងច្រើន គឺសំដៅជួយដល់ជនពិការ និងក្រុមគ្រួសារទទួលបានគុណភាពជីវិតល្អប្រសើរ គ្មានការរើសអើង ទទួលបានសេវាសង្គម និងសេវាសាធារណៈប្រកបដោយគុណភាពរួមទាំងជំរុញអោយជនមានពិការភាពបានចូលរួមគ្រប់សកម្មភាពក្នុងសង្គមទាំងការចុះឈ្មោះបោះឆ្នោត និងឈរឈ្មោះជាបេក្ខជនបោះឆ្នោត ការទទួលបានការគោរពសិទ្ធិនិងសេចក្ដីថ្លៃថ្នូរព្រមទាំងការគិតគូរដាក់បញ្ចូលពិការភាពក្នុងគ្រប់វិស័យ។

លោកបាន កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងមាតាបិតា អាណាព្យាបាលទាំងអស់ដែលបានលះបង់ពេលវេលាមកចូលរួមដើម្បីលើកស្ទួយវិស័យកីឡាស្ប៉េស្យាល់អូឡាំពិកកម្ពុជា។ កន្លងមកគណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជា តែងតែយកចិត្តទុកដាក់ពង្រឹងពង្រីកចលនាស្ប៉េស្យាល់អូឡាំពិកដល់បណ្តាខេត្តនានា ព្រមទាំងបានបណ្តុះបណ្តាលមន្រ្តីជំនាញធ្វើការហ្វឹកហាត់ ដល់ជនពិការខ្សោយសតិបញ្ញា ក្នុងគោលបំណងផ្តល់ឱកាសឲ្យពួកគេ បានចូលរួមក្នុងសកម្មភាពសង្គម៕/PC