​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​បាល់ទាត់​) ៖ ខាងក្រោម​នេះ​ជា​ការប្រកួត ២ គូ​សម្រាំង​ក្នុង​ក្រប​ខណ្ឌ UEFA Champions League វគ្គ​ជម្រុះ​តាម​ពូ​ល ជុំ​ទី​១ សម្រាប់​ថ្ងៃ​អង្គារ​។

– AC Milan vs Newcastle

* ក្រុម AC Milan របូត​គ្រាប់​បាល់​ក្នុង​ការប្រកួត​ចំនួន ៨ ក្នុងចំណោម ១២ ប្រកួត​នៅ​អឺរ៉ុប​កាល​ពី​រដូវ​កាល​មុន​។​
* Newcastle រកបាន ៤ គ្រាប់​ក្នុងចំណោម ៥ ប្រកួត​ដំបូង​របស់​ពួកគេ​នៅ​រដូវ​កាល​នេះ​។​
* Giroud រកបាន ៤ គ្រាប់​ក្នុង ៤ ប្រកួត​សម្រាប់ AC​។​

​វា​ពិបាក​ក្នុងការ​គិត​ពី​ដំណាក់កាល​ប្រសើរ​ជាង​នេះ​ទៀត​ណាស់​សម្រាប់ Newcastle ដែល​បាន​មកលេង​ការប្រកួត Champions League លើកដំបូង​របស់​ពួកគេ​ក្នុង​រយៈពេល ២០ ឆ្នាំ​នៅ​ទឹកដី San Siro ។ ខណៈ​ដែល​ទឹកដី St James’ Park នឹង​មាន​ភាព​កក្រើក​ក្នុង​ពីរ​បី​សប្តាហ៍​ខាង​មុខ​សម្រាប់​ការប្រកួត​ជា​ម្ចាស់ផ្ទះ​អឺរ៉ុប​លើកដំបូង​របស់​ពួកគេ​ក្នុង​រយៈពេល​ជាច្រើន​ឆ្នាំ ការធ្វើដំណើរ​ទៅ​កាន់​ទីក្រុង Milan នៅ​ថ្ងៃ​អង្គារ​នេះ​ប្រាកដ​ជា​ឱកាស​ដ៏​ពិសេស​សម្រាប់​ក្រុម​របស់​លោក Eddie Howe ។​

​ជា​ការពិត​ណាស់ ក្រុម​ភ្ញៀវ​កំពុងធ្វើដំណើរ​ទៅ​កាន់​ទីក្រុង Milan ក្នុង​គោលបំណង​ប្រកួតប្រជែង សូម្បី​តែ​ស្ថិត​នៅក្នុង​ពូ​ល​ដ៏​លំបាក​ក៏ដោយ​។ ក្រុម​សារិកា​ព្រៃ​ត្រូវបាន​គេ​ទាយ​ថា​ជា​ក្រុម​លេខ​២​ដែល​នឹង​អាច​រួចផុត​ពី​ពូ​ល​ដែលមាន PSG និង Borussia Dortmund ផងដែរ​។ ទោះជា​យ៉ាងណា​ក៏ដោយ ការដាក់​ក្រុម​របស់​លោក Howe ក្នុងចំណោម​ក្រុម​រំពឹង​ឆ្លង​ផុត​ពូ​ល​ប្រហែល​ជា​ធ្វើ​រាង​ឆាប់​បន្តិច​ហើយ ដោយសារ​ក្រុម Milan ក៏​មាន​ប្រវត្តិ​ឈ្នះ​ពាន​អឺរ៉ុប​ដ៏​អស្ចារ្យ​ផងដែរ​។​

​ក្រុម​ម្ចាស់ផ្ទះ​បាន​ត្រឡប់​ទៅដល់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នៃ​ក្របខ័ណ្ឌ Champions League កាល​ពី​រដូវ​កាល​មុន ហើយ​កំណត់​ត្រា​របស់​ពួកគេ​ឆ្លងកាត់​ដំណាក់កាល​ដំបូងៗ​នៃ​ការប្រកួតប្រជែង​គឺ​អស្ចារ្យ​ណាស់​។ ពួកគេ​ត្រូវបាន​ជម្រុះ​ចេញពី​វគ្គ​ចែក​ពូ​ល​ម្តងគត់​ក្នុងចំណោម​យុទ្ធនាការ Champions League ១៤ លើក​ចុងក្រោយ​របស់​ពួកគេ ដូច្នេះ​ពួកគេ​មិន​អាច​មិន​រាប់​ចូល​ជា​ក្រុម​រំពឹង​ឆ្លង​ផុត​ពូ​ល​នោះឡើយ​។​

AC មាន​កីឡាករ​បទពិសោធន៍​ច្រើន ដែល​ដឹកនាំ​ដោយ​កីឡាករ Olivier Giroud ។ ខ្សែប្រយុទ្ធ​សញ្ជាតិ​បារាំង​រូបនេះ​បាន​ស៊ុត​បញ្ចូល​ទី​៤​គ្រាប់​ក្នុងចំណោម​ការប្រកួត​៤​លើក​ចុងក្រោយ​របស់​គេ​សម្រាប់​ក្រុម Milan​។​

​ខ្សែប្រយុទ្ធ​រូបនេះ​បាន​ស៊ុត​បាល់​បញ្ចូល​ទី ៥ គ្រាប់​ក្នុង ៧ ប្រកួត​សម្រាប់ Milan ក្នុងពេល​ឡើង​ដល់​វគ្គ ៤ ក្រុម​ចុងក្រោយ​នៃ​ក្របខ័ណ្ឌ Champions League ។ ជឿ​ថា​រូបគេ​នឹង​បន្ត​ទម្រង់​លេង​ដ៏​ល្អ​ទល់​នឹង​ក្រុម Newcastle ដែល​ត្រូវ​បាន​រហែក​ជា​ចំរៀក​ដោយ​កីឡាករ Evan Ferguson និង Darwin Nunez រួច​ទៅ​ហើយ​នៅ​រដូវ​កាល​នេះ​។​

​លទ្ធផល​ព្យាករណ៍ AC ឈ្នះ ២-១​។​

– Manchester City vs Crvena Zvezda

* ក្រុម Manchester City បានឈ្នះ​ការប្រកួត​ក្នុងផ្ទះ​ខ្លួនឯង​ទាំង ៦ ដង​ក្នុង​ក្របខ័ណ្ឌ Champions League កាល​ពី​រដូវ​កាល​មុន​។​
* ក្រុម​មេឃ​ខៀវ​បាន​របូត​គ្រាប់​បាល់​ក្នុង​ការប្រកួត​៣​លើក​ចុងក្រោយ​របស់​ពួកគេ​។​
* គ្រាប់​បាល់​ទាំង​៣​របស់ Julian Alvarez ក្នុង​ក្របខ័ណ្ឌ Champions League សម្រាប់ Man City គឺ​កើតឡើង​ក្នុង​ទឹកដី​ខ្លួនឯង​។​

Manchester City បានឈ្នះ​ជើងឯក Champions League ជា​លើកដំបូង​របស់​ពួក​គេ​កាលពី​រដូវ​កាល​មុន ដែល​ជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ​ឈ្នះ​ពាន​បី​សម្រាប់​ក្រុម​របស់​លោក Pep Guardiola ហើយ​ពួកគេ​បានចាប់ផ្តើម​រដូវ​កាល ២០២៣/២៤ តាមរបៀប​ខ្លាំងក្លា​ដូចដើម ដោយ​ឈ្នះ​ការប្រកួត Premier League ទាំង​៥​របស់​ពួកគេ​រហូត​មក​ដល់​បច្ចុប្បន្ន​។​

Man City បាន​ទទួល​ជ័យជម្នះ​ក្នុង​ការប្រកួត​ក្នុងផ្ទះ​ទាំង​៦​លើ​ក​របស់​ពួកគេ​នៅក្នុង​ក្របខ័ណ្ឌ Champions League កាល​ពី​រដូវ​កាល​មុន ហើយ​ពួកគេ​មិន​បាន​ភ្លក្ស​រសជាតិ​ចាញ់​នៅឯ​ទឹកដី Etihad ទេ​ចាប់តាំងពី​ចាញ់ Lyon ២-១ នៅ​ខែ​កញ្ញា​ឆ្នាំ ២០១៨​។​

​ខណៈ Man City ឈ្នះ​ញឹកញាប់​ថ្មីៗ​នេះ ពួកគេ​មាន​ទំនោរ​របូត​គ្រាប់​បាល់​គ្រប់ពេល​ផងដែរ ខណៈ​ដែល​ពួកគេ​មិន​បាន​រក្សា Clean Sheet ក្នុង​ការប្រកួត​៣​លើក​ចុងក្រោយ​របស់​ពួកគេ​។ ពួកគេ​ក៏​បាន​របូត​គ្រាប់​បាល់​ក្នុង​ការប្រកួត​ក្នុងផ្ទះ​ចំនួន ២ លើក​ក្នុងចំណោម​៣​ប្រកួត​របស់​ពួកគេ​ក្នុង​ក្របខ័ណ្ឌ Champions League កាល​ពី​រដូវ​កាល​មុន​ផងដែរ​ក្នុងដំណាក់កាល​វគ្គ​ចែក​ពូ​ល​។​

​ម្ចាស់​ជើងឯក​សែ​ប៊ី Crvena Zvezda បាន​ស៊ុត​បញ្ចូល​ទី​ក្នុង​ការប្រកួត​ទាំង​៧​នៃ​ការប្រកួត​របស់​ពួកគេ​រហូត​មកដល់ពេលនេះ ហើយ​ពួកគេ​អាច​មាន​ឱកាស​ខ្ពស់​ក្នុងការ​ទម្លុះ​សំណាញ់​ទី​របស់ Manchester City​។​

​ខ្សែប្រយុទ្ធ​អា​ហ្សង់​ទីន Julian Alvarez បានចាប់ផ្តើម​ការប្រកួត Premier League ទាំង ៥ របស់ Man City រហូតមកទល់​ពេលនេះ ដោយ​ស៊ុត​បញ្ចូល​ទី​បាន ២ គ្រាប់ ហើយ​រូបគេ​នឹង​អាច​រក​ផ្លូវ​ស៊ុត​ចូល Crvena Zvezda ផងដែរ​។​

​គ្រាប់​បាល់​ទាំង​៣​នៃ​ការប្រកួត Champions League របស់ Alvarez កាល​ពី​រដូវ​កាល​មុន​បាន​កើតឡើង​នៅ​ទឹកដី Etihad រួម​ទាំង​ការទទួល​ជ័យជម្នះ​ក្នុង​វគ្គ​ចែក​ពូ​ល​លើ​ក្រុម Sevilla និង Copenhagen ហើយ​រូបគេ​មាន​សមត្ថភាព​ក្នុង​ការបន្ថែម​ចំនួន​គ្រាប់​បាល់​សរុប​នៅ​ពាក់កណ្តាល​សប្តាហ៍​នេះ​។​

​លទ្ធផល​ព្យាករណ៍ Man City ឈ្នះ ៤-១៕

Man City រំពឹង​ឈ្នះ​ម្ចាស់​ជើងឯក​សែ​ប៊ី Crvena Zvezda