ដោយ: សៅវ៉ាន់ឌី / ព្រះវិហារ៖ ផ្លូវក្រូសក្រហមមួយខ្សែ មានប្រវែងជិត ៤០ គីឡូម៉ែត្រ ក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ត្រូវភ្លៀងធ្លាក់ជាបន្តបន្ទាប់ នាដើមខែកញ្ញា បានហូរច្រោះដាច់ខូចជាអន្លើៗ។
លោក ហ៊ឹម ហឿន មេឃុំយាង បានឱ្យដឹងថាៈ ផ្លូវដែលរងការខូចខាត ចាប់ពីភូមិគងយោង ទៅភូមិជាំស្រែ ប្រវែង ១៤ គីឡូម៉ែត្រ -ពីភូមិជាំស្រែទៅភូមិរស្មី ប្រវែង ៤ គីឡូម៉ែត្រ -ពីភូមិរស្មី ទៅភូមិអន្ទិល ប្រវែង ៦ គីឡូម៉ែត្រ និងពីភូមិអន្ទិលទៅភូមិកំប្រាក់ ប្រវែង ១២ គីឡូម៉ែត្រ សរុបចំនួន ៣៦ គីឡូម៉ែត្រ។
លោកមេឃុំ បានបន្តថាៈ ផ្លូវប្រវែង ៣៦ គីឡូម៉ែត្រ ខាងលើនេះ កន្លែងខ្លះ ត្រូវបានទឹកហូរច្រោះដាច់ និងនៅកន្លែងខ្លះទៀត ទឹកបានហូរច្រោះ ខូចជាអន្លើៗ ធ្វើឱ្យលំបាកក្នុងការធើ្វដំណើរឆ្លងកាត់។ ក្នុងនោះ រដ្ឋបាលឃុំអំពាវនាវដល់ពលរដ្ឋ ដែលប្រើប្រាស់ផ្លូវមួយខ្សែនេះ សូមប្រុងប្រយ័ត្នផង ព្រោះក្រែងមានគ្រោះថ្នាក់ កើតឡើងជាយថហេតុ។
លោក ហ៊ឹម ហឿន បានឱ្យដឹងទៀតថាៈ ផ្លូវមួយខ្សែនេះ ស្ថិតក្រោមគម្រោងស្ថាបនា ដោយកងវិស្វកម្ម ក្រសួងការពារជាតិ, មន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះវិហារ និងថវិកាមូលនិធិឃុំសង្កាត់។ ផ្លូវនេះ មានស្ពានធំៗ ២ កន្លែង ទី១-ស្ពានពីភូមិយាង ឆ្លងទៅភូមិជាំស្រែប្រវែង ៦០ ម៉ែត្រ។ ទី២-ពីភូមិអន្ទិល ឆ្លងទៅភូមិកំប្រាក់មានប្រវែង ៧០ ម៉ែត្រ និងខ្វះលូមុខកាត់ដាក់តាមអូរធំៗជាច្រើនកន្លែងទៀត៕ V / N