​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​របស់​ចិន BYD បាន​ឈាន​មុខ​គេ​ក្នុង​ទីផ្សារ​រថយន្ត EV តូច​ប៉ុន្តែ​រីកចម្រើន​យ៉ាង​ឆាប់រហ័ស​របស់​អាស៊ីអាគ្នេយ៍ ដោយសារ​តែ​ភាពជា​ដៃគូ​ចែកចាយ​ជាមួយ​ក្រុមហ៊ុន​ធំៗ​ក្នុងស្រុក​។​

​នេះ​គឺជា​ព័ត៌មាន​លម្អិត​អំពី​ដៃគូ​ក្នុង​តំបន់​មួយចំនួន ៖ ម៉ាឡេស៊ី​និង​សិង្ហ​បុរី​

​រថយន្ត BYD ត្រូវ​បាន​លក់​ដោយ​ក្រុមហ៊ុន Sime Darby Motors ដែលជា​ក្រុមហ៊ុន​ផលិត​រថយន្ត​របស់​ក្រុមហ៊ុន​ពាណិជ្ជកម្ម​និង​ភស្តុភារ​យក្ស​ម៉ាឡេស៊ី Sime Darby ក្នុង​ប្រទេស​មាន​បំផុត​ចំនួន​ពីរ​ក្នុង​តំបន់​។​

​ភាព​ជា​ដៃគូ​នេះ​បាន​ចាប់ផ្តើម​ក្នុង​ឆ្នាំ ២០១៩ នៅពេល​ដែល​ក្រុមហ៊ុន Sime Darby Motors បានចាប់ផ្តើម​ចែកចាយ​រថយន្ត​អគ្គិសនី BYD EV នៅក្នុង​ប្រទេស​សិង្ហ​បុរី ដែល​ឥឡូវនេះ​វា​មាន​បណ្តាញ​ចែកចាយ​ចំនួន​ប្រាំពីរ​។​

​ក្រុមហ៊ុន​បាន​និយាយថា Sime Darby Motors បាន​ចូល​ជា​តំណាង​ចែកចាយ​សម្រាប់​ប្រទេស​ម៉ាឡេស៊ី​ក្នុង​ឆ្នាំ ២០២២ ហើយ​បច្ចុប្បន្ន​មាន​ទីតាំង​ចែកចាយ​ចំនួន ៩ នៅ​ទូទាំង​ប្រទេស ជាមួយនឹង​ទីតាំង ១២ ផ្សេង​ទៀត​កំពុង​ត្រៀម​បើក​។​

– ប្រទេស​ថៃ​

​ក្រុមហ៊ុន Rever Automotive គឺជា​ដៃគូ​ចែកចាយ​និង​លក់រាយ​របស់ BYD នៅក្នុង​ប្រទេស​ថៃ ដែល​ជា​ទីផ្សារ​ក្រៅប្រទេស​ដ៏​ធំ​បំផុត​ក្រុមហ៊ុន​រថយន្ត EV របស់​ចិន​នេះ កន្លែង​ដែល​ខ្លួន​កំពុង​វិនិយោគ​ជិត ៥០០ លាន​ដុល្លារ ដើម្បី​សាងសង់​រោងចក្រ​ផលិត​ថ្មី​មួយ​។​

​ក្រុមហ៊ុន Rever ដែល​នាយក​ប្រតិបត្តិ​និង​អនុ​នាយក​ប្រតិបត្តិ​របស់​ខ្លួន​ចេញ​មកពី​គ្រួសារ​ដែល​គ្រប់គ្រង​ក្រុមហ៊ុន​ក្នុងស្រុក Siam Motors Group បាន​និយាយ​កាលពី​ឆ្នាំមុន​ថា ខ្លួន​នឹង​វិនិយោគ​ជាង ៤ ពាន់​លាន​បាត (៨៣,៨៩ លាន​ដុល្លារ​) ដើម្បី​ជំរុញ BYD ចូល​មក​លំដាប់​កំពូល​នៃ​ទីផ្សារ​រថយន្ត​របស់​ប្រទេស​ថៃ​។​

​បច្ចុប្បន្ន​ក្រុមហ៊ុន​នេះ​មាន​ទីតាំង​ចែកចាយ​ចំនួន ៦២ នៅ​ទូទាំង​ប្រទេស​ថៃ ដែល​លក់​រថយន្ត BYD នេះ​បើ​យោង​តាម​វេបសាយ​របស់​ខ្លួន​។​

– ហ្វីលីពីន​

​ក្រុមហ៊ុន AC Motors ដែល​ជា​ផ្នែក​មួយ​នៃ​ក្រុមហ៊ុន​ពហុ​ផលិតផល​ហ្វីលីពីន Ayala Corp ដែល​មាន​ផលប្រយោជន៍​ចាប់ពី​អចលនទ្រព្យ​រហូតដល់​ថាមពល​កកើត​ឡើងវិញ បានប្រកាស​ភាព​ជា​ដៃគូ​ចែកចាយ​ជាមួយ BYD កាលពី​ខែ​មុន​។​

​ក្រុមហ៊ុន ដែល​លក់​ម៉ាក​យីហោ​ជប៉ុន​និង​អឺរ៉ុប​ផង​ដែរ​នោះ នឹង​បង្កើត​ទីតាំង​ចែកចាយ​រថយន្ត BYD ជាច្រើន​កន្លែង​នៅ​ទូទាំង​ប្រទេស​ហ្វីលីពីន​ក្នុង​រយៈពេល ១២ ខែ​ខាងមុខ ខណៈ​ដែល​ខ្លួន​កំពុង​ស្វែងរក​ការកសាង​ទីផ្សារ​រថយន្ត EV នៅក្នុង​ប្រទេស​ដែល​គាំទ្រ​ដោយ​ការកាត់បន្ថយ​ពន្ធគយ​។​

– ឥណ្ឌូណេស៊ី​

​ក្រុមហ៊ុន Bakrie & Brothers របស់​ឥណ្ឌូនេស៊ី ដែល​ផ្តោត​លើ​វិស័យ​ផលិតកម្ម​និង​ហេដ្ឋារចនាសម្ពន្ធ គឺជា​អ្នក​ចែកចាយ​រថយន្តក្រុង​អគ្គិសនី (EV) របស់ BYD នៅក្នុង​ប្រទេស​សេដ្ឋកិច្ច​ធំ​បំផុត​របស់​អាស៊ីអាគ្នេយ៍​។​

​ភាព​ជា​ដៃគូ​រវាង​ក្រុមហ៊ុន​ផលិត​រថយន្ត​ចិន និង​ក្រុមហ៊ុន VKTR ដែល​ជា​អង្គភាព​នៃ​ក្រុមហ៊ុន​ខាងលើ​បាន​ចាប់ផ្តើម​នៅក្នុង​ឆ្នាំ ២០១៨ ហើយ​រហូតមកទល់​ពេលនេះ​បានប្រគល់​រថយន្តក្រុង​អគ្គិសនី​ចំនួន ៥២ គ្រឿង​ដល់​រដ្ឋបាល​ក្នុង​តំបន់​នៃ​រដ្ឋធា​នីហ្សាការ​តា​នៃ​ប្រទេស​ឥណ្ឌូនេស៊ី​។​

​មន្ត្រី​ម្នាក់​បាន​និយាយថា បច្ចុប្បន្ន VKTR កំពុង​ពិភាក្សា​ជាមួយ​ក្រុមហ៊ុន​ឥណ្ឌូនេស៊ី​ជាច្រើន​សម្រាប់​ការបញ្ជាទិញ​ពាណិជ្ជកម្ម​សម្រាប់​រថយន្ត​ក្រុង BYD ហើយ​មិន​មាន​គម្រោង​ចូលទៅ​ក្នុង​ផ្នែក​រថយន្ត​ដឹក​អ្នកដំណើរ​ខ្នាត​តូច​ភ្លាមៗ​នោះទេ​៕

​ក្រុមហ៊ុន​រថយន្ត​អគ្គិសនី​ចិន BYD មាន​ដៃគូ​ចែកចាយ​ជាច្រើន​នៅ​អាស៊ី​អាគ្នេយ៍