ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ ឆ្នាំ១៩៧០ គឺជាការប្រកួតចុងក្រោយ នៃក្រុមបាល់ទះបុរសកម្ពុជា ក្នុងព្រឹត្តិការណ៍កីឡាអាស៊ី។
គេនៅចាំបានថា កាលប្រកួតកីឡាអាស៊ី នាឆ្នាំ១៩៧០ នៅទីក្រុងបាងកក កម្ពុជា បានទទួលចំណាត់ថ្នាក់លេខ៤។ ពេលនេះ ៥៣ ឆ្នាំកន្លងផុតទៅហើយៗ ថ្ងៃទី១៩ កញ្ញា នេះតែម្ដងដែលក្រុមបាល់ទះ ក្នុងសាលបុរសកម្ពុជា ត្រូវតតាំងជាមួយក្រុមជម្រើសជាតិឥណ្ឌា នៅទីលាន China Textile City Sports Centre Gymnasium នាទីក្រុង Hangzhou ប្រទេសចិន។
តោះ! មើលលទ្ធផល នៃការប្រកួតកីឡាអាស៊ីលើកទី៦ ឆ្នាំ១៩៧០ នៅទីក្រុងបាងកក ដែលការប្រកួតទី១ កម្ពុជាចាញ់ជប៉ុន ០ទល់៣សិតប្រកួតទី២ កម្ពុជាចាញ់ចិន០ទល់៣សិត ប្រកួតទី៣ កម្ពុជាឈ្នះប៉ាគីស្ថាន ៣សិតទល់០។
ប្រកួតទី៤ កម្ពុជាចាញ់កូរ៉េខាងត្បូង ០ទល់៣សិត ប្រកួតទី៥ កម្ពុជាឈ្នះថៃ ៣សិតទល់០។ ប្រកួតទី៦ កម្ពុជាឈ្នះអ៊ីរ៉ង់ ៣សិតទល់២សិត និងប្រកួតទី៧ កម្ពុជាឈ្នះឥណ្ឌូនេស៊ី ៣សិតទល់០។
លទ្ធផលឈ្នះ ៤ និងចាញ់ ៣ ប្រកួតនេះ នាំឲ្យកម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៤ នាពេលនោះ ខណៈមេដាយមាស បានទៅជប៉ុន មេដាយប្រាក់ បានទៅកូរ៉េខាងត្បូង និងមេដាយសំរឹទ្ធ បានទៅចិន។ ប៉ុន្ដែដំណាលគ្នានោះដែរ សម្រាប់ក្រុមបាល់ទះនារីកម្ពុជាវិញ គឺទទួលបានមេដាយសំរឹទ្ធ តែរហូតមកទល់ពេលនេះក្រុមបាល់ទះនារីកម្ពុជា មិនទាន់បានបង្ហាញវត្តមានជាថ្មី ក្នុងកីឡាអាស៊ីនោះទេ៕ V / N