​ប្រែ​សម្រួលៈ​បំណង​(​វ៉េ​អិន​អិច​ស្ព្រេ​ស,ដឹណេសិន​)៖ ថៃ​បាន​កត់ត្រា​ឃើញ​ភ្ញៀវទេសចរ​បរទេស​មក​ដល់​ប្រទេស​ខ្លួន​១៩​លាន​នាក់​ចាប់ពី​ថ្ងៃ​០១​ខែ​មករា​ដល់​ថ្ងៃ​១៧​កញ្ញា​ឆ្នាំ​២០២៣ និង​រកចំណូល​បាន​មក​ពី​ទេសចរ​ទាំងនេះ​បាន​ប្រមាណ​៧៩៥​ពាន់​លាន​បាត​(២២,២៦​ពាន់​លាន​ដុល្លារ​) នេះ​បើ​តាម​ការប្រកាស​របស់​ក្រសួង​ទេសចរណ៍​ថៃ​កាលពី​ថ្ងៃ​អង្គារ​ទី​១៩​កញ្ញា​។​

​សេចក្តីថ្លែងការណ៍​មួយ​របស់​ក្រសួង​បាន​និយាយថា « ស្ថានភាព​ទេសចរណ៍​នៅ​ថៃ​បង្ហាញ​សញ្ញា​រើប​រើ​ប្រសើរឡើង​។​ការលើកលែង​ទិដ្ឋាការ​សំរាប់​ទេសចរ​ចិន​នឹង​រឹតតែ​ជំរុញ​វិស័យ​នេះ​មួយ​កំរិត​ទៀត​»​។​

​ការមកដល់​នៃ​ទេសចរ​ចិន​ត្រូវ​រំពឹងថា​នឹង​កើនឡើង​នៅពេល​ឧស្សាហកម្ម​នេះ​ចាប់ផ្តើម​ឈាន​ចូល​រដូវ​ទេសចរ​មក​ដល់​ច្រើន​នៅ​សប្តាហ៍​នេះ ដោយ​ប្រទេស​មួយចំនួន​ចាប់ផ្តើម​ការ​សម្រាក​ចុង​សប្តាហ៍​រយៈពេល​វែងៗ ដូចជា​ម៉ាឡេស៊ី​និង​ជប៉ុន​។​

​រដ្ឋាភិបាល​ថៃ​មាន​ផែនការ​ជំរុញ​វិស័យ​ទេសចរណ៍​ដោយ​ដាក់​ចេញ​វិធានការ​បន្តបន្ទាប់​រួម​មាន​ការ​​លើកលែង​ទិដ្ឋាការ​សំរាប់​ទេសចរ​ចិន​និង​កា​ហ្សាក់​ស្ថាណ​ចាប់ពី​ថ្ងៃ​២៥​កញ្ញា​រហូតដល់​ចុងខែ​កុម្ភៈឆ្នាំ២០២៤​។​

​ទេសចរណ៍​ជា​វិស័យ​ជំរុញ​សំខាន់​មួយ​នៃ​សេដ្ឋកិច្ច​ធំ​បំផុត​ទី​ពីរ​ប្រចាំ​អាស៊ី​អាគ្នេយ៍​នេះ ហើយ​រដ្ឋាភិបាលថៃ​រំពឹង​ថា​រហូត​ដល់​ចុង​ឆ្នាំ​នឹង​ទទួល​បាន​ភ្ញៀវ​សរុប​២៨​លាន​នាក់​។​

​កាលពី​ឆ្នាំ​២០១៩ មុន​ពេល​ផ្ទុះ​កូវី​ដ​១៩​បន្តិច ថៃ​បាន​ទទួល​ទេសចរ​បរទេស​ដល់​ទៅ​៣៩,៩​លាន​នាក់ក្នុងនោះ ទេសចរ​ចិន​១១​លាន​នាក់​។​រដ្ឋាភិបាល​ថៃមុន​នេះ​បាន​និយាយថា​ខ្លួន​មាន​បំណង​ទាក់ទាញ​ទេសចរ​ចិន​អោយបាន​ប្រាំ​លាន​នាក់​នៅ​ឆ្នាំ​២០២៣​។​

​ប៉ូលិសអន្តោប្រវេសន៍​ថៃ​ត្រៀមខ្លួន​សំរាប់​ការមកដល់​នៃ​ទេសចរ​ចិន​ក្រោយ​រដ្ឋាភិបាល​ប្រកាស​មិន​យក​ទិដ្ឋាការ​ចាប់ពីសប្តាហ៍ក្រោយ

​ដើម្បី​សាង​កេរ្តិ៍ឈ្នោះ​ថៃ​និង​បង្កើនជំនឿ​ចិត្ត​ទេសចរ មេ​ប៉ូលិស​ជាតិ​ថៃ​បាន​អះអាងថា ប៉ូលិស​ជាតិថៃ​នឹង​ធានា​ថា គ្មាន​នរណា​នឹង​កេង​ប្រវញ្ញ​ពី​អ្នកទេសចរ ហើយ​ក៏​នឹង​រារាំង​ឧក្រិដ្ឋជន​បរទេស​កុំ​អោយ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​នៅក្នុងទឹកដី​ថៃ​៕