ប្រែសម្រួល : កញ្ញាដាលីស (អេស៊ាវ័ន) ៖ គ្រោងឆ្អឹងដាយណូស័រ ដែលរក្សាបានយ៉ាងល្អខុសពីធម្មតា ពោលជាពូជដាយណូស័រខេមតូសូរឺស (Camptosaurus) ដែលគេស្គាល់ថា បារី (Barry) ដែលមានអាយុកាលតាំងពីចុងសម័យជួរ៉ាសស៊ីក (Jurassic) ប្រហែល ១៥០ លានឆ្នាំមុន នឹងស្ថិតនៅក្រោមស្នូរញញួរដេញថ្លៃនៅទីក្រុងប៉ារីសនៅខែក្រោយ។
ដាយណូស័រ ដែលរកឃើញដំបូងនៅក្នុងទសវត្សរ៍ឆ្នាំ ១៩៩០ នៅរដ្ឋវីអូមីង (Wyoming) សហរដ្ឋអាម៉េរិក ត្រូវបានស្តារឡើងវិញដំបូងក្នុងឆ្នាំ ២០០០ ដោយហ្វូស៊ីលវិទូ បារី ជែមស៍ (Barry James) ដែលវាបានទទួលឈ្មោះរបស់វា។
មន្ទីរពិសោធន៍អ៊ីតាលី ហ្សូអ៊ីក (Zoic) ដែលបានទិញយកបារីកាលពីឆ្នាំមុន បានធ្វើការជួសជុលបន្ថែមទៀតលើគ្រោងឆ្អឹងដែលមានកម្ពស់ ២,១០ ម៉ែត្រនិងប្រវែង ៥ ម៉ែត្រ។
លោក អាឡិចសាន់ឌឺ ហ្គីក្វេលឡូ (Alexandre Giquello) មកពីក្រុមហ៊ុនដេញថ្លៃនៅទីក្រុងប៉ារីស Hotel Drouot បាននិយាយថា “វាគឺជាសំណាកដែលត្រូវបានរក្សាទុកយ៉ាងល្អ ដែលកម្រមានណាស់”។
គាត់បាននិយាយថា “ជាឧទាហរណ៍ លលាដ៍ក្បាលត្រូវបានស្តារ ៩០ ភាគរយ ហើយគ្រោងឆ្អឹងសេសសល់របស់ដាយណូស័របានស្តារ៨០ភាគរយ”។
លោកហ្គីក្វេលឡូបាននិយាយថា សំណាកដាយណូស័រនៅលើទីផ្សារសិល្បៈនៅតែកម្រ ដោយមិនមានការលក់លើសពីពីរបីដងក្នុងមួយឆ្នាំនៅទូទាំងពិភពលោកនោះឡើយ។
គ្រោងឆ្អឹង ដែលនឹងត្រូវបានបង្ហាញជាសាធារណៈនៅពាក់កណ្តាលខែតុលាមុនពេលលក់ ត្រូវគេរំពឹងថានឹងអាចទទួលបានរហូតដល់ទៅ ១,២ លានអឺរ៉ូ៕
គ្រោងឆ្អឹងដាយណូស័របារីរំពឹងលក់បាន ១,២ លានអឺរ៉ូ