​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ នាយករដ្ឋមន្ត្រី​វៀតណាម​លោក ផាំ មិញ ជិញ បាន​ទៅ​ទស្សនា​ទីស្នាក់ការ​កណ្តាល​របស់​ក្រុមហ៊ុន Nvidia និង Synopsys ដោយ​លើក​ទឹកចិត្ត​ពួកគេ​និង​ក្រុមហ៊ុន​បច្ចេកវិជ្ជា​ផ្សេង​ទៀត​របស់​សហរដ្ឋ​អាម៉េរិក​វិនិយោគ​បន្ថែម​ទៀត​នៅក្នុង​ឧស្សាហកម្ម​បន្ទះ​ឈីប​របស់​ប្រទេស​អាស៊ី​អាគ្នេយ៍​មួយ​នេះ​។​

​សេចក្តីថ្លែងការណ៍​របស់​រដ្ឋាភិបាល​បាន​ដកស្រង់​សម្តី​លោ​កជិញ ដែល​បាន​ប្រាប់​វេទិកា​ធុរកិច្ច​បច្ចេកវិជ្ជា​នៅ​ទីក្រុង​សាន់​ហ្វ្រា​ន់​ស៊ី​ស្កូ​ក្នុងអំឡុង​ដំណើរ​ទស្សនកិច្ច​របស់​គាត់​ទៅកាន់​សហរដ្ឋ​អាម៉េរិក​ថា “​វៀតណាម​មាន​ឆន្ទៈ​ក្នុង​ការបើកទ្វារ​របស់​ខ្លួន​សម្រាប់​អ្នកវិនិយោគ​ទាំងអស់​ដើម្បី​វិនិយោគ​និង​ធ្វើ​អាជីវកម្ម​នៅ​ទីនោះ​”​។​

​ដំណើរ​ទស្សនកិច្ច​រប​ស់លោ​កជិញ​ធ្វើឡើង​បន្ទាប់​ពី​ដំណើរ​ទស្សនកិច្ច​របស់​ប្រធានាធិបតី​អាម៉េរិក​ចូ បៃ​ដិ​នទៅ​កាន់​ទីក្រុង​ហាណូយ​ក្នុង​ខែ​នេះ ដែល​ក្នុង​អំឡុងពេល​នោះ​មេដឹកនាំ​ទាំងពីរ​បាន​ប្រកាស​ពី​ការធ្វើឱ្យ​ប្រសើរឡើង​នូវ​ទំនាក់ទំនង​ទ្វេភាគី​និង​ផែនការ​ធ្វើ​ឱ្យ​ស៊ីជម្រៅ​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​មួយចំនួន​រួមមាន​បន្ទះ​ឈីប AI និង​រ៉ែ​សំខាន់ៗ​។​

​សេចក្តីថ្លែងការណ៍​បាន​និយាយថា លោ​កជិញ​បាន​សន្យា​ជួយ​សម្រួល​ដល់​ការវិនិយោគ​នាពេល​អនាគត​ដោយ​ក្រុមហ៊ុន Nvidia និង Synopsys ក្នុង​ប្រទេស​វៀតណាម​។​

​សេចក្តីថ្លែងការណ៍​បាន​ដកស្រង់​សម្តី​នាយក​ប្រតិបត្តិ Nvidia លោក ជេន​សិន ហួ​ង (Jensen Huang) ដោយ​បាន​ប្រាប់​លោ​កជិញ​ថា “Nvidia ចង់​សហការ​ជាមួយ​វៀតណាម​ក្នុង​វិស័យ​បន្ទះ​ឈីប បច្ចេកវិជ្ជា​ព័ត៌មាន និង​បញ្ញា​សិប្បនិម្មិត​”​។​

​ក្រុមហ៊ុន Synopsys ដែល​មាន​គម្រោង​សាងសង់​មជ្ឈមណ្ឌល​រចនា​បន្ទះ​ឈីប​នៅក្នុង​ប្រទេស​វៀតណាម​កា​លពី​ថ្ងៃ​ចន្ទ បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​ជាមួយ​ក្រសួង​ព័ត៌មាន​និង​ជាមួយ​ក្រសួង​វិនិយោគ​របស់​វៀតណាម​។​

​ក្រុមហ៊ុន​ផលិត​បន្ទះ​ឈីប​របស់​អាម៉េរិក Intel មាន​រោងចក្រ​ដ៏​ធំ​បំផុត​របស់​ខ្លួន​សម្រាប់​ការ​ផ្គុំ វេច​ខ្ចប់ និង​សាកល្បង​បន្ទះ​ឈីប​នៅ​ភាគខាងត្បូង​ប្រទេស​វៀតណាម ខណៈ​ដែល​គូប្រជែង Amkor កំពុង​សាងសង់​រោងចក្រ​ដ៏​ធំ​មួយ​សម្រាប់​ការ​ផ្គុំ​និង​សាកល្បង​ឧបករណ៍​បន្ទះ​ឈីប​នៅ​ជិត​ទីក្រុង​ហាណូយ​។​

​លោក​ចិញ​ញ​កំពុងស្ថិត​នៅ​សហរដ្ឋ​អាម៉េរិក​សម្រាប់​មហាសន្និបាត​អង្គការសហប្រជាជាតិ​ក្នុង​សប្តាហ៍​នេះ ដែល​បន្ទាប់ពីនោះ លោក​មាន​គម្រោង​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេសប្រេ​ស៊ីល​៕

លោ​កជិញ​ជួប​ជាមួយ​នាយក​ប្រតិបត្តិ Nvidia លោក ជេន​សិន ហួ​ង (​ឆ្វេង​) កាលពី​ថ្ងៃ​ចន្ទ