ដោយៈ គង់ហេង/ កំពង់ចាម៖ ខេត្តកំពង់ចាម ប្តេជ្ញានឹងបិទបញ្ចប់ការវាស់វែងចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ចេញប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋ នៅត្រឹមឆមាសទី១ ឆ្នាំ២០២៤ ខណៈចំនួនក្បាលដីនៅសល់ប្រមាណ ២០ម៉ឺន ក្បាលដី នៃសរុបទូទាំងខេត្តជិតមួយលានក្បាលដី។ នេះជាការថ្លែងឱ្យដឹងរបស់លោក អ៊ុន ចាន់ដា ជាអភិបាលខេត្ត នៅថ្ងៃទី ១៩ ខែកញ្ញានេះ។

  លោកអភិបាលខេត្តកំពង់ចាមបានថ្លែងថា ចាប់ផ្តើមធ្វើការវាស់វែងចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនេះយើងនៅសល់ក្បាលដីចំនួន ប្រាំ ស្រុក គឺបានធ្វើរួចរាល់ចំនួន ប្រាំ ស្រុក ក្រុង។ដោយ គិតមកដល់ពេលនេះបានវាស់វែងចុះបញ្ជីក្បាលដី និងប្រគល់ជាប័ណ្ណកម្មសិទ្ធិចំនួន៧២ម៉ឺន ក្បាលដី ប៉ុន្តែក្នុងផែនការរួមកន្លងមក គឺអនុវត្តឱ្យហើយរួចរាល់ទាំងជាង ៩២ម៉ឺន ក្បាលដីសរុបនៅក្នុងខេត្តត្រឹមឆ្នាំ២០២៣។

  លោកបានបន្ថែមថា ការដែលអនុវត្តមានការយឺតយាវមិនបានតាមផែនការ គឺដោយសារកត្តាច្រើនយ៉ាងមានៈ កត្តាភូមិសាស្រ្តមានលក្ខណៈស្ម័គ្រស្មាញ, កត្តាអាកាសធាតុ,ខ្វះមន្រ្តី និងកត្តាប្រជាពលរដ្ឋចូលរួមនៅមានកម្រិត បណ្តាលពីការចំណាកស្រុកទៅក្រៅប្រទេស និងចំណាកស្រុកក្នុងប្រទេស។ បញ្ហានេះមិនអាចរង់ចាំគាត់(អ្នកចំណាកស្រុកក្នុង និងក្រៅប្រទេស)បានទេ គឺត្រូវអញ្ជើញចាស់ព្រឹទ្ធាចារ្យប្រចាំភូមិឱ្យធ្វើសាក្សីថា ក្បាលដីពិតជារបស់អ្នកចំណាកស្រុកនោះមែន ហើយទាមទារឱ្យម្ចាស់ដីនៅជុំវិញមកផ្តិតមេដៃ ដើម្បីឱ្យគណកម្មការវិនិច្ឆ័យមានការសម្រេច គឺត្រូវការបង្រួមនីតិវិធីដោយមិនចាំបាច់រង់ចាំម្ខាស់ក្បាលដីពិតប្រាកដទៀតទេ។

  លោកបានបន្តថាៈ ផែនការរបស់រដ្ឋបាលខេត្ត គឺត្រូវធ្វើយ៉ាងណាការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនៅក្នុងខេត្តកំពង់ចាមឱ្យហើយរួចរាល់ នៅត្រឹមឆមាសទី១ ឆ្នាំ២០២៤ និងដើម្បីឱ្យខេត្តជាប់ដងទន្លេមេគង្គមួយនេះក្លាយជាខេត្តគំរូក្នុងការអនុវត្តការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ នៅទូទាំងប្រទេស។

  ការប្តេជ្ញារបស់លោក អ៊ុន ចាន់ដា ដែលថា នឹងបិទបញ្ចប់ការវាស់វែងចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធចេញជាប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋ នៅត្រឹមឆមាសទី១ ឆ្នាំ២០២៤ នេះ ធ្វើឡើង ក្នុងឱកាសដែលលោកបានអញ្ជើញចូលរួមចែកវិញ្ញាបនបត្រសម្គាល់អចលនវត្ថុ(ប័ណ្ណកម្មសិទ្ធិ)ចំនួន ៩៣៧ ប័ណ្ណជូនប្រជាពលរដ្ឋចំនួន ៤១២ គ្រួសារនៅភូមិស្វាយព័ន្ធទី១ ឃុំខ្ចៅ ស្រុកកងមាស នៅថ្ងៃទី ១៩ កញ្ញានេះ៕ P / N