ដោយ៖ រ៉ាម៉ន / ភ្នំពេញ៖ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានណែនាំឱ្យអាជ្ញាធរខណ្ឌ បង្ក្រាបគ្រឿងញៀន ល្បែងស៊ីសង ឱ្យបានខ្លាំងក្លាបំផុត ជាមួយនឹងការចុះពិនិត្យនៅតាមដានមើល បាបរទេស ដើម្បីបង្ការ និងទប់ស្កាត់ នូវការជួញដូរមនុស្សគ្រប់ទម្រង់។
ការជំរុញបែបនេះ បានធ្វើឡើង កាលពីរសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ នេះ ក្នុងកិច្ចប្រជុំការពង្រឹងការផ្តល់សេវា តាមយន្តការច្រកចេញចូលតែមួយ និងការអនុវត្តសេចក្តីសម្រេច ស្តីពីការផ្អាកការផ្តល់សេវារដ្ឋបាលមួយចំនួន នៅរដ្ឋបាលក្រុង ស្រុក ខណ្ឌ ក្រោមអធិបតីភាព ជាមួយអភិបាលខណ្ឌទាំង១៤ និងមន្ទីរពាក់ព័ន្ធមួយចំនួនទៀត នៅសាលារាជធានីភ្នំពេញ។
លោក ឃួង ស្រេង បានមានប្រសាសន៍ថា ការផ្អាកការផ្តល់សេវារដ្ឋបាលមួយចំនួន នៅរដ្ឋបាលក្រុង ស្រុក ខណ្ឌ របស់រាជរដ្ឋាភិបាលថ្មីក្រោមការដឹកនាំសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី គឺដើម្បីកាត់បន្ថយការចំណាយរបស់ប្រជាពលរដ្ឋ ។ ដូច្នេះទេ សម្រាប់រដ្ឋបាលរាជធានី ខណ្ឌ ត្រូវយកចិត្តទុកដាក់ឱ្យបានខ្លាំងក្លាបំផុត ក្នុងការបំរើសេវាជូនប្រជាពលរដ្ឋ ពិសេសគឺការអនុវត្ត ការផ្អាកការផ្តល់សេវារដ្ឋបាលមួយចំនួន សម្រាប់ប្រជាពលរដ្ឋ ដែលកំពុងអាជីវកម្មខ្នាតតូចនៅក្នុងមូលដ្ឋានរបស់ខ្លួន ទៅតាមប្រកាសអន្តរក្រសួង លេខ១៤៣៤២ ប្រក ចុះថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ២០១៦ ស្តីពីការផ្តល់សេវារដ្ឋបាលរបស់ រដ្ឋបាលថ្នាក់ក្រោមជាតិ។
លោក ឃួង ស្រេង បានបន្តថា សម្រាប់ច្រក ចេញចូលតែមួយ ត្រូវតែបំរើសេវា ជូនប្រជាពលរដ្ឋ ឱ្យបានលឿន ប្រកបដោយគុណភាព តម្លាភាព និងទាន់ពេលវេលា ពិសេសថែមទៀតនោះ ត្រូវតាមដានមើល ច្រក ចេញចូលតែមួយ នៅថ្នាក់សង្កាត់ ធ្វើយ៉ាងណាទម្រង់ទិសឱ្យមន្ត្រីរបស់យើង អនុវត្តឱ្យបានត្រឹមត្រូវ ទៅតាមការណែនាំ របស់ក្រសួងមហាផ្ទៃ។ បើថ្នាក់សង្កាត់ អនុវត្តមិនបានត្រឹមត្រូវ ថ្នាក់ខណ្ឌនេះហើយ ជាអ្នកទទួលខុសត្រូវ ដូច្នេះត្រូវមើលការងារនេះ ឱ្យបានគ្រប់ជ្រុងជ្រោយ។
លោក ឃួង ស្រេង បានបញ្ជាក់ថា បើទោះបីយើង ផ្អាកការផ្តល់សេវារដ្ឋបាលមួយចំនួនក្តី ប៉ុន្តែអាជីវកម្មរបស់ពួកគាត់មួយចំនួននោះ ក៏ត្រូវតែក្នុងដែនសមត្ថកិច្ចគ្រប់គ្រងរបស់យើងដែរ ដោយក្នុងនាមយើង ជាអាណាព្យាបាលពួកគាត់ ត្រូវតែរក្សាឱ្យបាននូវសន្តិសុខ និងសណ្តាប់ធ្នាប់ ជូនពួកគាត់។
ពាក់ព័ន្ធនឹងការងារសន្តិសុខនេះដែរ លោកឃួង ស្រេង បានជំរុញឱ្យអាជ្ញាធរខណ្ឌ ពិសេសខណ្ឌដូនពេញ ត្រូវបង្ក្រាបគ្រឿងញៀន ល្បែងស៊ីសង់ ឱ្យបានខ្លាំងក្លាបំផុត ជាមួយនឹងការចុះពិនិត្យ នៅតាមដានបាបរទេស ដើម្បីបង្ការនិងទប់ស្កាត់ នូវការជួញដូរមនុស្សគ្រប់ទម្រង់។
គួរបញ្ជាក់ថា ចំពោះការផ្អាកផ្តល់សេវារដ្ឋបាលក្រុង ស្រុក ខណ្ឌ ពាក់ព័ន្ធនឹងការបំពេញបែប បទ ដែលកំណត់ដោយប្រកាសអន្តរក្រសួងលេខ ១៤៣៤២ ប្រក ចុះថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ២០១៦ ស្តីពីការផ្តល់សេវារដ្ឋបាលរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ រួមមាន អាជីវកម្មសិល្បៈសូនរូប ទីតាំងផលិត និងលក់ចម្លាក់ ពុម្ភស៊ីម៉ងត៍ ជាងគំនូរ ។ អាជីវកម្មកាត់សក់ អ៊ុតសក់ លម្អក្រចក និងសម្អាងការ (ហាង) កាត់សក់បុរស (ចាប់ពី ២កៅអី ទៅ ៤កៅអី) – កាត់សក់បុរស (ចាប់ពី ៥កៅអី ឡើងទៅ) – អ៊ុតសក់ កាត់សក់ លម្អក្រចក ( ចាប់ពី ២កៅអី ទៅ ៤កៅអី) – អ៊ុតសក់ កាត់សក់ លម្អក្រចក (ចាប់ពី ៥កៅអី ឡើងទៅ – សម្អាងការ (តម្លៃក្រោម ៥០០ ដុល្លារអាមេរិក) – សម្អាងការ ( តម្លៃចាប់ពី ៥០០ ដុល្លារអាមេរិក ដល់ក្រោម ១.០០០ ដុល្លារអាមេរិក) ។ – អាជីវកម្មលក់សម្ភារកីឡា រួមទាំងការធ្វើសុពលភាពឡើងវិញ ។ – ភោជនីយដ្ឋាន និងអាហារដ្ឋានក្នុងស្រុក – តូបលក់អាហារ – ហាងលក់គុយទាវ កាហ្វ- ម៉ូត្តឌុបទេសចរណ៍ – ម៉ូតូជួលទេសចរណ៍ – រ៉ឺម៉កម៉ូតូដឹកទេសចរណ៍ – ផលិតជើងតាង ពាង លូ ឥដ្ឋការ៉ូ – ធ្វើទៀន ធូប – ដំឡើងម៉ាស៊ីនអគ្គិសនី សម្រាប់ធ្វើសេវាកម្មបញ្ចូលអាគុយ ដែលមានកម្លាំងមិនលើសពី ២៥ គីឡូវ៉ាត់ – ជួសជុលគ្រឿងអគ្គិសនីអេឡិចត្រូនិក- លាងរថយន្ត ម៉ូតូ លាងម៉ូតូ ។ វិស័យពាណិជ្ជកម្ម – លិខិតអនុញ្ញាតធ្វើអាជីវកម្ម សេវាកម្មពាណិជ្ជកម្ម ។ វិស័យកសិកម្ម – លិខិតអនុញ្ញាតធ្វើអាជីវកម្មលក់ដុំ រាយ សម្ភារកសិកម្ម៕/V/r