ឥណ្ឌា​ធ្វើតេស្ត​ជោគជ័យ​លើ​បច្ចេកវិជ្ជា​ជំរុញ​ដល់​ការ​ចុះចត​យន្តហោះ​ចម្បាំង​លើ​នាវា​ផ្ទុក​យន្តហោះ​ឱ្យបាន​រលូន​

1453
ចែករម្លែក

​ឥណ្ឌា​បាន​ចូលរួម​ក្នុង​ក្រុម​ប្រទេស​សម្រិតសម្រាំង​មួយចំនួន​តូច​ប៉ុណ្ណោះ ដែលមាន​សមត្ថ​ភាពចុះ​ចត​យន្តហោះ​ចម្បាំង បន្ទាប់ពី​គម្រោង​យន្តហោះ​ចម្បាំង​ធុន​ស្រាល​ផលិត​ក្នុងស្រុក (LCA) បាន​ឆ្លងកាត់​ដំណាក់កាល​ដ៏​សំខាន់បំផុត​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​២​សីហា ជាមួយនឹង​ការអនុវត្ត​ជោគជ័យ​នៃ​ប្រព័ន្ធ​ខ្សែ​ទាក់ ដែល​ពន្យឺត​ល្បឿន​យន្តហោះ​ចម្បាំង​ដើម្បី​អនុញ្ញាតឱ្យ​វា​ចុះចត​លើ​នាវា​ផ្ទុក​យន្តហោះ​ដោយ​រលូន​។​

​យោងតាម​ក្រុមហ៊ុន Hindustan Aeronautics Ltd. (HAL) ដែល​គ្រប់គ្រង​ដោយ​រដ្ឋ និង​ជា​អ្នក​ផលិត​យន្តហោះ​ចម្បាំង​បានឱ្យដឹងថា យន្តហោះ​ចម្បាំង LCA Naval Prototype 2 បាន​ចុះចត​ដោយ​សុវត្ថិភាព​ដោយ​ប្រើ​ប្រព័ន្ធ​ខ្សែ​ទាក់ ជាមួយ​ល្បឿន​ចុះចត​កម្រិត​មធ្យម​នៅលើ​ទីតាំង​សាកល្បង​ឈ្មោះថា INS Hansa ក្នុង​រដ្ឋ​ហ្គា​វ​។​

​លោក ធី ស៊ូ​វ៉ា​ណា រ៉ា​ជូ អ្នកតំណាង​ក្រុមហ៊ុន Hindustan Aeronautics Ltd. បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា “​នេះ​គឺជា​លើកដំបូង​នៃ​ការសាកល្បង​ជា​បន្តបន្ទាប់​តាម​ផែនការ ដើម្បី​បង្ហាញ​ពី​សមត្ថភាព​នៃ​ប្រព័ន្ធ​ចាប់ទាញ​យន្តហោះ​ចម្បាំង​”​។​

​យន្តហោះ​ចម្បាំង LCA បាន​ហោះ​ក្នុង​ល្បឿន​ប្រហែល ១១១ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង មុនពេល​វា​ត្រូវបាន​បញ្ឈប់​ល្បឿន​ទាំងស្រុង​តាមរយៈ​ប្រព័ន្ធ​ខ្សែ​ចាប់​ទាក់​។

​ក្រុមហ៊ុន Hindustan Aeronautics Ltd. សង្ឃឹមថា យន្តហោះ​គំរូ LCA-Navy ចំនួន​២​របស់ខ្លួន នឹង​ចាប់ផ្តើម​សាកល្បង​ហោះហើរ​ជាច្រើន​ទៀត​ដូចជា ការ​ចុះចត ការចាក់​ប្រេង និង​ការហោះហើរ​នៅ​ចុងឆ្នាំ ២០១៩៕ ដោយ៖ កញ្ញាដាលីស

យន្តហោះ​ចម្បាំង LCA Naval Prototype 2 ចុះចត​ដោយ​រលូន​និង​សុវត្ថិភាព តាមរយៈ​ប្រព័ន្ធ​ខ្សែ​ទាក់

ទីតាំងផ្សាយពាណិជ្ជកម្ម