ដោយៈ ដកស្រង់ពីវចនានុក្រមសម្តេចសង្ឃរាជ ជួន ណាត
ផុយផាយ
គុណសព្ទ
ដែលកញ្ជះកញ្ជាយ, ចាយវាយឥតសណ្តាប់; សើវ៉ើ
ស្រីផុយផាយ; ភរិយាផុយផាយ ។ ( ព. កា. ) : អ្នកបួសឥតក្រឹត្យ ចាស់ឥតប្រព្រឹត្តខ្សត់ច្រើនប្រមាទ ភរិយាផុយផាយ ចាយវាយឥតខ្នាត ពលពាលសុទ្ធសាធ ប្រដៅក្របាន ។ ( សាស្ត្រាច្បាប់ រាជនេតិ ព្រះនិពន្ធនៃព្រះរាជសម្ភារ ) ។
ភយូបសគ្គ
(ភៈយូប៉ៈស័ក)
នាមសព្ទ
(បា. ភយ + ឧបសគ្គ; សំ– + ឧបសគ៌) ឧបសគ្គដែលគួរខ្លាច, សេចក្ដីទើសទាក់យ៉ាងសម្បើម
មានភយូបស័គ្គ ។ (ព. កា.) : ភយូបស័គ្គ កើតមានតាមថ្នាក់ កម្មកាចចេញមុខ ចេញផ្ដល់ឲ្យផល ជូរចត់ជាទុក្ខ អ្នកចង់បានសុខ គួរកុំប្រមាទ ។ (ម. ព. ឧបសគ្គ ទៀតផង) ។
ប្រមាទ
(—ម៉ាត)
នាមសព្ទ
(សំ.; បា. បមាទ) ការភ្លេចស្មារតី, ធ្វេសស្មារតី, សេចក្ដីប្រហែស, ការប្រហែសធ្វេស ។
កិរិយាសព្ទ
ភ្លេច, ធ្វេស, ប្រហែស ស្មារតី
ជនណាប្រមាទ ប្រព្រឹត្តឃ្លៀងឃ្លាត ចាកធម៌សុចរិត ជននោះទោះបី នៅមានជីវិត តាមដោយការណ៍ពិត ថាស្លាប់ស្រេចហើយ ។
(ត្រូវត្រង់គ្នានឹងព្រះពុទ្ធភាសិតថា ជនណាប្រមាទ ជននោះទុកដូចជាបុគ្គលស្លាប់ គឺស្លាប់ប្រយោជន៍ក្នុងលោកនេះនិងក្នុងបរលោក) ។
ប្រស់
កិរិយាសព្ទ
បង្ខាំងរក្សាទុកឲ្យរស់នៅបានយូរ ដើម្បីនឹងពិឃាតក្នុងថ្ងៃខាងមុខ : ប្រស់ត្រី, ប្រស់ក្ដាម, ប្រស់លលក ។ ត្រីប្រស់ គុ. ត្រីដែលគេប្រស់ទុក ។ ( ព. ប្រ. ) ស្រោចស្រង់, សង្គ្រោះ, ដោះទុក្ខឲ្យមានជីវិតតទៅទៀត ក៏ទុកដូចជាប្រស់ឲ្យរស់ដែរ : កូនហ្នឹង, កាលពីឆ្នាំទៅមួយនាយវាលង់ទឹកឈ្លក់កខក់ រកកល់នឹងស្លាប់ទៅហើយ, បានអ្នកបង់សំណាញ់ពីរនាក់ គេស្រង់ទាន់, វាក៏បានរស់នៅរៀងមក ដោយសារអ្នកស្រង់នោះគេប្រស់វា ។ គ្រូប្រស់ ( ព. ប្រ. ) គ្រូពេទ្យដែលព្យាបាល អ្នកឈឺធ្ងន់គួរស្លាប់ ឲ្យបានជារស់តមកទៀត : ពេទ្យជាគ្រូប្រស់មនុស្ស; ពេទ្យសត្វ ជាគ្រូប្រស់សត្វ . . . ។ ប្រោសប្រស់ ( ព. ប្រ. ) សង្គ្រោះឲ្យបានរួចផុតចាកគ្រោះថ្នាក់ធ្ងន់ឬឲ្យបានរួចផុតពីទ័លក្រ ។ ឥសីប្រស់ ឬ ទេវតាប្រស់ ឥសីស័ក្ដិសិទ្ធិ ឬទេវតា ប្រស់មនុស្សឬសត្វដែលស្លាប់ហើយឲ្យរស់ឡើងវិញ (មានតំណាលក្នុងរឿងព្រេងឬក្នុងរឿងប្រតិដ្ឋ) ។ ព្រះពុទ្ធទ្រង់ប្រោសប្រស់ (ព. ប្រ.) ព្រះពុទ្ធទ្រង់ប្រៀនប្រដៅឲ្យមនុស្សលះទិដ្ឋិខុសចេញបាន (ដោយហេតុ មនុស្សនោះ មានសេចក្ដីប្រមាទជ្រុល ដែលទុកដូចជាស្លាប់ស្រេចទៅហើយ ឲ្យដឹងខុសត្រូវឡើងទុកដូចជារស់ឡើងវិញ; មានរឿង អហឹសបុរស ដែលហៅថា អង្គុលិមាល ជាឧទាហរណ៍) ។
រស់
កិរិយាសព្ទ
មានជីវិតនៅ, មិនទាន់ស្លាប់
បុគ្គលរស់នៅមួយរយឆ្នាំ បើមានសេចក្ដីប្រមាទលោកហៅថា រស់នៅឥតអំពើ ទុកស្មើដូចស្លាប់ទៅហើយ ( ព. ពុ. ) ។
គុ. ដែលមានជីវិតនៅ : សត្វរស់ ។ រស់រាន មានជីវិតរានខែឆ្នាំតទៅ គឺមានអាយុវែងតទៅ : សូមឲ្យបានរស់រានមានជីវិតតវែងឆ្ងាយទៅ ! ។ ព. ប្រ. ស្ថិតនៅ, តាំងនៅ, មិនទាន់វិនាស, មិនទាន់រលំ : ជំនួញនៅរស់ ។ វេវ. ទ្រង់ព្រះជន្មនៅ, មាន ឬ គង់ព្រះជន្មនៅ, ទ្រទ្រង់នៅ; មានជីវិតនៅ, មានអាយុនៅ។ ព. ផ្ទ. បរិនិពា្វន; សោយទិព្វជង្គត, សោយទិវង្គត; សោយពិរាល័យ; សុគត; ក្ស័យ, ក្សីណក្ស័យ; ទទួលអសញ្ញកម្ម, ទទួលអសញ្ញភាព; ទទួលមរណភាព, ទទួលអនិច្ចធម្ម; ទទួលអនិច្ចកម្ម; ធ្វើកាលកិរិយា; រលត់, រលត់ខន្ធ, រំលាងខន្ធ, ធ្លាយខន្ធ, ធ្លាយសង្ខារ ឬ បែកធ្លាយសង្ខារ; បាត់បង់, ស្លាប់; ដើរ, ផុត, ផុតរលត់; ដាច់ខ្យល់, អស់ដង្ហើម; ងាប់; តាយសាក; តាយហោង; ស្មឹង, តាយស្មឹង, តេន ( ប្រើតាមថ្នាក់ ខ្ពស់, កណ្ដាល, ទាប ឬ សាមញ្ញ ) ។