ដោយៈ ដកស្រង់ពីវចនានុក្រមសម្តេចសង្ឃរាជ ជួន ណាត
ផល់ស្មា
នាមសព្ទ
ស្មា ។ (រ. ស.)
ផល់ព្រះអង្សាគឺផល់ស្មា ឬស្មានៃក្សត្រិយ៍ ។
ឈឺផល់ស្មា ឈឺស្មា ។ ពាក្យកាព្យថា
លើកដាក់តាមកម្លាំង កុំភើចខ្លាំងឈឺផល់ស្មា ប្រើគេប្រើឲ្យត្រា- ប្រណីគេដោយចៅរ៉ៅ ។ … (សាស្ត្រាច្បាប់ពាក្យចាស់) ។ ផល់ស្មា នេះ ព.សា. ថា ផស់ស្មា (កុំប្រើ) ។
ប្រហែល
និបាតសព្ទ
(សំ. ប្រហេលី, ប្រហេលិកា ប្រើជា ន. “ប្រស្នា, ការសួរដណ្ដឹង; កល, កិច្ចកល, ឧបាយកល”) ដូចយ៉ាង, ដូចជា
ប្រហែលយ៉ាងអ្នកមិនគួរវានឹងហ៊ានមើលងាយសោះ ! ។
ប្រមាណជា, ស្មានជា, ទំនងជា
ប្រហែលប៉ុន្មាននាក់ ?, ប្រហែល ២០ នាក់; ប្រហែលជាគេនឹងមិនមកទេដឹង ? ; ការនុះប្រហែលជា ៥ ថ្ងៃទៀតទើបហើយស្រេច ។
កិរិយាវិសេសន៍
ដែលស្មើគ្នា, ដែលដូចគ្នា
មានចំណេះប្រហែលគ្នា; ដាក់ថែមឲ្យបានច្រើនប្រហែលគ្នា, ដើរលឿនប្រហែលគ្នា។
គុណសព្ទ
ដែលស្មើគ្នា, ដែលដូចគ្នា
មានចំណេះប្រហែលគ្នា; ដាក់ថែមឲ្យបានច្រើនប្រហែលគ្នា, ដើរលឿនប្រហែលគ្នា។
ពងមាន់
នាមសព្ទ
(ព. ប្រ.) ឈ្មោះចេកមួយប្រភេទផ្លែតូចៗ ដល់វេលាទុំមានសម្បុរលឿងរលោង ជាចេកមានតម្លៃ
ចេកពងមាន់ ។
ព. ប្រ. ពងមាន់ ថា សូន្យ ( o ) នេះ ( បារ. zéro ) និយាយចំពោះតែការប្រឡងធ្លាក់
កូនគេសុទ្ធតែបានពិន្ទុ ប្លែកតែកូនទាំង២នាក់របស់ខ្ញុំបានសុទ្ធតែពងមាន់, វាយកពងមាន់មកផ្ទះ (ព. សា.) ។
មគ្គនកម្ម
(ម័ក-គៈនៈក័ម)
នាមសព្ទ
(បា. មគ្គន + កម្ម; សំ. មាគ៌ណ + កម៌ន៑) ការជ្រើសរើស, ការរើសសម្រាំង; ការស្វែង
ធ្វើមគ្គនកម្ម ។
រក្ស
(រ័ក)
កិរិយាសព្ទ
(សំ.; បា. រក្ខ) រក្សា ។ ខ្មែរប្រើពាក្យនេះរួមចូលនឹងសព្ទដទៃឲ្យជាបទសមាស ជាឋានន្តររបស់មន្ត្រី ឬជានាទីជាតំណែងណាមួយ ដូចជា
គទានុរក្ស អ្នករក្សាដំបង ( ឋានន្តរសម្រាប់អភិបាលខែត្របាត់ដំបង, សំដៅសេចក្ដីថា”អ្នករក្សាខែត្របាត់ដំបង” ); គ្រឹហានុរក្ស ការរក្សាគ្រឹហា, អ្នករក្សាផ្ទះ, អ្នកចាំផ្ទះ; ធនានុរក្ស ឬ ធនាភិរក្ស ការរក្សាទ្រព្យ, អ្នករក្សាទ្រព្យ; ធម្មានុរក្ស ការរក្សាធម៌, អ្នកកាន់តាមធម៌; វាចានុរក្ស ការរក្សាសម្ដី, អ្នករក្សាសម្ដី, អ្នកប្រយ័ត្នសម្ដី, ប្រយ័ត្នមាត់; វិនយានុរក្ស ការរក្សាវិន័យ, ការកាន់ច្បាប់, អ្នកកាន់ច្បាប់; សច្ចានុរក្ស ឬ សត្យានុរក្ស ការកាន់ពាក្យពិត, អ្នកកាន់ពាក្យសត្យ; សិក្ខានុរក្ស ការកាន់សិក្ខា, អ្នកកាន់សិក្ខា ( អ្នកប្រព្រឹត្តតាមសិក្ខាបទ ); ហិរញ្ញានុរក្ស ឬ ហិរណ្យានុរក្ស ការរក្សាប្រាក់, ការទុកដាក់ប្រាក់មាស, អ្នករក្សាប្រាក់, អ្នកទុកដាក់ប្រាក់មាស ។ល។