ដោយ៖តារារិទ្ធ/ភ្នំពេញ៖សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានឹងអញ្ជើញសំណេះសំណាលជាមួយប្រតិភូកីឡាកម្ពុជាដែលនឹងត្រូវចូលរួម ប្រកួត “កីឡាអាស៊ីលើកទី១៩ នៅសាធារណរដ្ឋប្រជាមានិតចិន” នៅរសៀលថ្ងៃទី២០ កញ្ញា ២០២៣ នេះនៅវិមានសន្តិភាព រាជធានីភ្នំពេញ ។
គួរបញ្ជាក់ថាសម្រាប់ព្រឹត្តិការណ៍ “កីឡាអាស៊ីលើកទី១៩ នៅសាធារណរដ្ឋប្រជាមានិតចិន” កម្ពុជាបានបញ្ជូនអត្តពលិកកីឡាទៅចូលរួមនៅទីក្រុងហាងចូវ (Hangzhou) ខេត្តជឺជាំង សាធារណរដ្ឋប្រជាមានិតចិនដែលមានចំនួន១៧វិញ្ញាសារួមមាន៖ វិញ្ញាសាកីឡាបាល់ទះ, បាល់បោះ, អត្តពលកម្ម, ហែលទឹក, គ្រិក ឃីត ,យូដូ ,ចំបាប់,វាយសី ,ជឺជីតស៊ូ ការ៉ាតេ ,ទូកក្ដោង, តេក្វាន់ដូ WT, ទ្រីយ៉ាត្លុង, ទូកប្រពៃណី ,សូហ្វតិន្នីស ,អុកចិន និងកីឡាគុនដាវ ។ មកទល់ពេលនេះ មានកីឡាមួយចំនួនបានធ្វើដំណើរដល់ទីតាំងប្រកួត ហើយ ពិសេសក្រុមបាល់ទះបុរសក្នុងសាលដែលត្រូវធ្វើការប្រកួតនៅល្ងាចថ្ងៃអង្គារនេះដោយត្រូជួបក្រុមឥណ្ឌាមុនគេ ក្នុងពូលC ។
ព្រឹត្តិការណ៍កីឡាអូឡាំពិកអាស៊ីលើកទី១៩ នៅទីក្រុងហាងចូវនេះប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៣ ខែកញ្ញាដល់ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៣ ដែលបានលើកពីឆ្នាំ ២០២២ មកឆ្នាំ ២០២៣ ដោយសារជំងឺរាតត្បាតកូវីដ-១៩ ក្រោមពាក្យស្លាកថា Heart to Heart, @Future។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC)បានបញ្ជាក់ថាកម្ពុជានឹងបញ្ជូនប្រតិភូមន្ដ្រីថ្នាក់ដឹកនាំ គ្រូបង្វឹក គ្រូជំនួ យនិងកីឡាករ-កីឡាការិនី សរុបចំនួន១៨៩នាក់ លើ១៧ប្រភេទកីឡា ចូលរួមប្រកួតកីឡាអាស៊ីឆ្នាំនេះក្នុងនោះមានកីឡាករ-កីឡាការិនីជាង ៥០នាក់ដែលកំពុងធ្វើការហ្វឹកហាត់នៅចិននឹងធ្វើដំណើរទៅទីតាំ ងប្រកួតតែម្ដងខណៈកីឡាករ-កីឡាការិនីជាង ៦០នាក់ ត្រូវចេញដំណើរពីកម្ពុជា ។
សូមរំឮកថា កាលពី Asian Games លើកទី១៨ ឆ្នាំ២០១៨ នៅឥណ្ឌូនេស៊ីកម្ពុជាបានបញ្ជូនអត្តពលិក១៣ប្រភេទកីឡាចូលរួមនិងដណ្ដើមបានមេដាយសរុប ៣គ្រឿងរួមមានមេ ដាយមាស ២ និងសំរឹទ្ធ ១ ក្នុងនោះវីរកីឡាករម៉ូតូទឹក សាលី អ៊ូមើត ឈ្នះមេដាយមាស ១ និងសំរឹទ្ធ ១ និង វីរកីឡាការិនីជឺជីតស៊ូ ខាន់ ចេសា ដណ្ដើមបានមេដាយមាស ១ ។ នេះគឺជា កំណត់ត្រាប្រវត្តិសាស្ដ្រដែលកម្ពុជាឈ្នះមេដាយមាសកីឡាអាស៊ី ២គ្រឿងបន្ទាប់ពីវីរកីឡាការិនីតេក្វាន់ដូ WT ស៊ន សៀវម៉ី ដណ្ដើមបានមេដាយមាសកីឡាអាស៊ីជូនជាតិ លើកដំបូង កាលពីឆ្នាំ២០១៤ នៅសាធារណរដ្ឋកូរ៉េ ។
ប៉ុន្ដែសោកស្ដាយការប្រកួតកីឡាអាស៊ីឆ្នាំនេះម្ចាស់មេដាយមាសកីឡាអាស៊ីទាំងពីរពុំបានចូលរួមប្រកួតនោះទេដ្បិតកីឡាម៉ូតូទឹកមិនត្រូវបានម្ចាស់ផ្ទះចិនដាក់ចូលដែលនាំឲ្យជើង ខ្លាំងលំដាប់ពិភពលោក សាលី អ៊ូមើត និងកីឡាករឆ្នើមៗផ្សេងទៀតមិនអាចចូលរួមបាន ។ រីឯកីឡាការិនី ខាន់ ចេសា ដោយសារមូលហេតុផ្ទាល់ខ្លួនគួរផ្សំនាងត្រូវប្រកួតដណ្ដើម ខ្សែក្រវាត់ពិភពលោកជាមួយកីឡាការិនីអាមេរិក Danielle Kellyក្នុងកម្មវិធី ONE Fight Night 14 នៅសិង្ហបុរីនាថ្ងៃទី៣០ ខែកញ្ញានេះផងនាំឲ្យ (ចេសា) ខកខាន ចូលរួមប្រកួតដូចគ្នាហើយអាជ្ញាធរកីឡាកម្ពុជារួមទាំងសហព័ន្ធសាមីក៏បានគោរពតាមការសម្រេចចិត្តនេះដែរ ៕