ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ស្ត្រេត​ថែមស៍​) ៖ បុរស​ម៉ាឡេស៊ី​ម្នាក់​បាន​សន្សំ​កាក់​៥០​សេន​រយៈពេល ៧ ឆ្នាំ ហើយ​ឥឡូវ​អាច​ទិញ iPhone 14 ជាមួយ​ប្រាក់​សន្សំ​របស់គាត់​។​

​វីដេអូ TikTok ដែល​បង្ហោះ​កាលពី​ថ្ងៃទី ១ ខែ​កញ្ញា បានបង្ហាញ​លោក មូហា​ម៉ាត់ ហា​ហ្វីស អាប់​ឌុល ហា​មី​ដ (Muhammad Hafiz Abdul Hamid) អាយុ ៣០ ឆ្នាំ​នៅក្នុង​បន្ទប់​របស់​គាត់​ជាមួយនឹង​ប៊ីដុង​ទឹក ១៩ លីត្រ​ដែល​ពោរពេញ​ទៅ​ដោយ​កាក់​។​

​គាត់​បាន​សរសេរ​នៅក្នុង​ចំណងជើង​វីដេអូ​ថា “​លទ្ធផល​នៃ​ការ​សន្សំ​ប្រាំពីរ​ឆ្នាំ​។ Alhamdulillah (​អរគុណ​ព្រះ​ជា​ម្ចាស់​)”​។​

​វីដេអូ​បាន​បង្ហាញ​ឱ្យឃើញ​លោក​ហា​ហ្វី​ស​និង​សមាជិក​គ្រួសារ​របស់គាត់​ពីរ​បី​នាក់​កំពុង​ព្យាយាម​ចាក់​កាក់​ចេញពី​ប៊ីដុង​ទឹក ប៉ុន្តែ​មាន​តែ​ពីរ​បី​កាក់​ប៉ុណ្ណោះ​ដែល​ខ្ទាត​ចេញ​ដោយសារ​តែ​រន្ធ​តូច​ចង្អៀត​ពេក​។​

​ម្នាក់​ក្នុងចំណោម​ពួកគេ​បន្ទាប់មក​ប្រើរ​ណា​ដើម្បី​កាត់​ប៊ីដុង​ឱ្យ​ចំហ​។ វីដេអូ​នេះ​បាន​បញ្ចប់​ជា​មួយ​ការ​តម្រៀ​ង​កាក់ ៥០ សេន​ជា​ជង់ៗ​យ៉ាង​ស្អាត​។​

​លោក​ហា​ហ្វីស​បាន​និយាយថា គាត់ ប្រពន្ធ​គាត់ បងស្រី និង​ប្អូនថ្លៃ​របស់​គាត់​ចំណាយ​ពេល​បី​ម៉ោង​ដើម្បី​រាប់​កាក់ ដែល​មាន​តម្លៃ​ដល់​ទៅ ៥.៣៦០ រីង​ហ្គី​ត (១.១៤៤ ដុល្លារ​) ដែល​គាត់​ប្រើ​ដើម្បី​ទិញ iPhone 14៕

កាក់​៥០​សេន​សរុប​តម្លៃ ១.១៤៤ ដុល្លារ​របស់​លោក​ហា​មី​ដ ត្រូវបាន​ប្រើ​ដើម្បី​ទិញ iPhone 14