ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ ក្នុងការប្រកួតបើកឆាកពូល C នៃព្រឹត្តិការណ៍កីឡាអាស៊ីលើកទី១៩ នៅទីក្រុង Hangzhou ប្រទេសចិន នៅថ្ងៃទី ១៩ កញ្ញា ប្រភេទបាល់ទះ ក្នុងសាលបុរស កម្ពុជាចាញ់ឥណ្ឌា ០ទល់៣សិត។

នេះជាកាចាញ់លើកដំបូង បន្ទាប់ពីព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ មកនោះ។ ចំពោះពិន្ទុនៃការប្រកួត នាសិតទី១ ឥណ្ឌាឈ្នះកម្ពុជា ២៥ទល់១៤សិត ទី២ ឥណ្ឌាឈ្នះកម្ពុជា ២៥ទល១៣ និងសិតទី៣ ឥណ្ឌាឈ្នះកម្ពុជា ២៥ទល់១៩។

ឥណ្ឌា ដែលជាក្រុមចំណាត់ថ្នាក់លេខ៧១ ពិភពលោករួច ក្រុមបាល់ទះបុរសកម្ពុជា នឹងត្រូវធ្វើការកាន់តែធ្ងន់ ដោយត្រូវជួបក្រុមកូរ៉េខាងត្បូង នារសៀលថ្ងៃទី២១ ខែកញ្ញា ខាងមុខ ដែលជាជំនួបកាត់សេចក្ដី ដើម្បីកំណត់ជោគវាសនា ក្រុមឡើងវគ្គបន្ដ។

សូមបញ្ជាក់ថា កម្ពុជា ត្រៀមបញ្ជូនអត្តពលិក ១៧ ប្រភេទកីឡា ចូលរួម ប្រកួតកីឡា អាស៊ី លើកទី១៩ នៅចិន ខណៈក្រុមបាល់ទះបុរសកម្ពុជា បានធ្វើដំណើរទៅដល់ទីតាំង និងធ្វើការប្រកួតមុនគេ។ នេះក៏ជាលើកដំបូងផងដែរ ដែលក្រុមបាល់ទះបុរសកម្ពុជា បានបង្ហាញខ្លួន ក្នុងព្រឹត្តិការណ៍កីឡាប្រចាំទ្វីបអាស៊ី ៤ឆ្នាំម្ដងនេះ បន្ទាប់ពីខកខាន អស់រយៈពេល ៥៣ ឆ្នាំ ខណៈការបង្ហាញខ្លួនលើកចុងក្រោយ កម្ពុជាទទួលបាន ចំណាត់ថ្នាក់លេខ៤ ក្នុងកីឡាអាស៊ី ឆ្នាំ១៩៧០ ៕ V / N