ដោយ:បូកគោ/កំពត៖ ក្រោយបានដឹងអំពីការចិញ្ចឹមចង្រិតរបស់អ្នកភូមិច្រកកែស និងភូមិត្រពាំងម្នាស់ ឃុំដងទង់ ស្រុកដងទង់ ជួប​បញ្ហា​ជំងឺរហូតឈានដល់បោះបង់មុខរបរនោះកាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ មន្ទីរកសិកម្មខេត្ត រុក្ខាប្រមាញ់ និងនេសាទកំពត​បានបញ្ជូន​មន្ត្រីជំនាញចុះបើកវគ្គបំប៉នសមត្ថភាពចិញ្ចឹម វិធានការការពារ និងព្យាបាលដល់កសិករជាបន្ទាន់។

លោក សំ សុវណ្ណា អនុប្រធានមន្ទីរកសិកម្ម រុក្ខប្រមាញ់ និងនេសាទខេត្តកំពតបានបញ្ជាក់ថា បន្ទាប់ពីបានទទួលដំណឹងអំពិកសិករចិញ្ចឹម​ចង្រិតជួបបញ្ហាជំងឺ និងដង្កូវស៊ី មន្ត្រីជំនាញបានចុះពិនិត្យ និងស្វែងរកអ្នកជំនាញពីខេត្តកែវមកបង្ហាត់បង្ហាញកសិករដើម្បីអាច​បន្តមុខ​របរឡើងវិញ។ អ្នកចិញ្ចឹមចង្រិតអាចរកចំណូលបានសមរម្យដោយប្រើដើមទុនតិចតួច និងជាមុខរបរធ្វើនៅផ្ទះផ្ទាល់ ពិសេសបញ្ចៀស​ពីធ្វើចំណាកស្រុក។

លោកអនុប្រធានមន្ទីរបានបន្តថា កន្លងមក មន្ទីរតែងគាំទ្រ និងផ្តល់ជូននូវវគ្គបណ្តុះបណ្តាលមិនមែនតែលើការចិញ្ចឹមចង្រិតទេ។ ក្នុងនោះ​ក៏មានការបង្ហាត់បង្ហាញអំពីរបៀបដាំបន្លែ ដំណាំស្រូវ ការចិញ្ចឹមត្រី និងចិញ្ចឹមសត្វជាញឹកញយផងដែរ។ និយាយរួម មន្ទីរតែងតែព្រួយ​បារម្ភ​អំពីបញ្ហា និងផលលំបាកដែលកើតឡើងចំពោះកសិករជានិច្ច។

លោក ពេជ្រ វឌ្ឍនៈ គ្រូបណ្តុះបណ្តាលវគ្គចិញ្ចឹមចង្រិតបានប្រាប់ឱ្យដឹងថា ជាទូទៅ កសិករចេះចិញ្ចឹមចង្រិតដោយខ្លួនឯង ហើយធ្វើជា​លក្ខណៈគ្រួសារទាំងខ្វះខាតបច្ចេកទេស និងចំណេះដឹងមួយចំនួន។ ដើម្បីចិញ្ចឹមចង្រិតបានល្អត្រូវផ្តោតទៅលើកត្តាមួយចំនួន ដូចជា អនាម័យ, ចំណី, ពូជចង្រិតជាដើម។

ក្រោយទទួលបានការបង្ហាត់បង្ហាញពីអ្នកជំនាញ កសិករដែលធ្លាប់មានបញ្ហាបានបញ្ជាក់ថា ពួកគាត់ពិតជាសប្បាយចិត្តយ៉ាងខ្លាំងដែល​មន្ទីរ​កសិកម្មបានបញ្ជូនមន្ត្រី និងអ្នកជំនាញមកបង្ហាត់បង្ហាញអំពីវិធីកម្ចាត់មេរោគ និងដង្កូវស៊ីចង្រិតជូនដល់ពួកគាត់៕សរន / N