ជនជាតិ​ចិន​ដែល​ចាក់សំរាម​បង្ហូរ​តាម​ទឹកភ្លៀង ចេញមុខ​សុំទោស​ជា​សាធារណៈ បន្ទាប់​អាជ្ញាធរ​ក្រុងព្រះសីហនុ​ព្រមាន​

1199
ចែករម្លែក

​ដោយ​: វណ្ណៈ / ព្រះសីហនុ​: បុរស​ជនជាតិ​ចិន​ម្នាក់ មុខរបរ​ជា​ចុងភៅ​កាស៊ីណូ New Golden Wealth ដែល​ចាក់​បង្ហូរ​សំរាម​ឲ្យ​ហូរ​តាម​ទឹកភ្លៀង​កាលពី​ថ្ងៃទី​២​ខែសីហា​ឆ្នាំ​២០១៨ នៅ​ម្តុំ​សណ្ឋាគារ New Golden Wealth សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ផ្លូវ​ទៅ​សាលា UME ត្រូវបាន​អាជ្ញាធរ​កោះហៅ​ចូលខ្លួន​ទៅកាន់​សាលាក្រុង​ព្រះសីហនុ កាលពី​រសៀល​ថ្ងៃទី​៣​ខែសីហា​ឆ្នាំ​២០១៨​។

​មន្ត្រី​សាលាក្រុង​បាន​ប្រាប់ថា ការកោះអញ្ជើញ​បុរស​ជនជាតិ​ចិន​ពេលនេះ ដើម្បី​ធ្វើការ​ផាកពិន័យ​ជា​ប្រាក់​តាមច្បាប់ និង​បាន​ឲ្យ​សរសេរ​កិច្ចសន្យា​ជា​លាយ​លក្ខ​អក្សរ​ទាំង​ភាសារ​ខ្មែរ និង​ភាសា​ចិន សុំទោស​ជា​សាធារណៈ ដោយ​បញ្ឈប់​មិន​ឲ្យ​មាន​ករណីនេះ លើក​ក្រោយ​ទៀតឡើយ​។

​គួរ​បញ្ជាក់ថា កាលពី​ថ្ងៃទី​២​សីហា​២០១៨ ជនជាតិ​ចិន​រូបនេះ បាន​កាយ​សំរាម​បង្ហូរ​តាម​ទឹកភ្លៀង​នៅ​ម្តុំ​សណ្ឋាគារ New Golden Wealth សង្កាត់​លេខ​៤​ក្រុងព្រះសីហនុ ផ្លូវ​ទៅ​សាលា UME ហើយ​ត្រូវ​បានទទួល​ការរិះគន់​ពី​មជ្ឈដ្ឋាន​នានា ក្នុង​ខេត្ត​ព្រះសីហនុ រួម​និង​មានការ​សំណូមពរ​ពី​ពលរដ្ឋ ឲ្យ​អាជ្ញាធរ ព្រមាន​ចំពោះ​ជន​ទាំងឡាយណា​ដែល ប្រព្រឹត្ត​អំពើ​ខុសឆ្គង ដូចខាងលើ​នេះ ដោយ​មិន​ចំពោះ​ជនបរទេស​នោះទេ គឺជា​ទូទៅ​តែម្តង​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម