ដោយៈ ប.ខុន / ភ្នំពេញៈ នៅលើរាជធានីភ្នំពេញ ពេលរសៀល និងព្រលប់ ថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ២០២៣ នេះ អាចមានភ្លៀងធ្លាក់តិចតួច នៅពេលថ្ងៃ តែពេលយប់ អាចមានភ្លៀងធ្លាក់ ច្រើនជាង នៅពេលថ្ងៃ។ ភ្លៀងបានចាប់ផ្តើមមានធ្លាក់ ពេលព្រលប់ ដេញទៅយប់ជ្រៅ និងជិតភ្លឺ ជាសញ្ញានៃធម្មជាតិ ប្រាប់ថា ភ្លៀងរដូវវស្សា កាន់តែជិត អស់ទៅវិញហើយ។ ក្រសួងធនធានទឹក និងឧតុនិយម ក៏បានជូនដំណឹងរួចហើយដែរ ឱ្យអ្នកពាក់ព័ន្ធនឹងការប្រើប្រាស់ទឹក ត្រូវសន្សំសំចៃខ្ពស់បំផុត នៅចុងរដូវវស្សានេះ។
លោក ចាន់ យុត្ថា អ្នកនាំពាក្យ និងជារដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម បានប្រាប់ឱ្យរស្មីកម្ពុជាដឹង នៅថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ២០២៣ថា នៅលើរាជធានីភ្នំពេញ ថ្ងៃនេះ (២០កញ្ញា) ពេលរសៀល អាចមានភ្លៀងតិចតួច តែនៅពេលយប់ ចាប់ពីចន្លោះ ម៉ោង ៨ ទៅម៉ោង ១០ អាចមានភ្លៀងច្រើនជាង កាលពីពេលថ្ងៃ ហើយនៅពេលនេះ ភ្លៀងបានចាប់ផ្តើមមានភាគច្រើន តែនៅពេលយប់។
អ្នកនាំពាក្យក្រសួងជំនាញ ខាងលើ បានបញ្ជាក់ថា នៅពេលភ្លៀង ចាប់ផ្តើមធ្លាក់ពីពេល ព្រលប់ ដេញទៅយប់ជ្រៅ ហើយនឹងនៅពេលជិតភ្លឺនោះ ជាសញ្ញាធម្មជាតិ ប្រាប់ថា ភ្លៀងរដូវវស្សា កាន់តែជិតអស់ហើយ។ ទោះជាយ៉ាងណា ក្នុងសប្តាហ៍នេះ ភ្លៀងនៅបន្ត មានធ្លាក់រាយប៉ាយ ក្នុងកម្រិតពីខ្សោយ ទៅបង្គួរ កើតមាននៅគ្រប់តំបន់។
ក្រសួង បានជូន ដំណឹងរួចហើយ ស្តីពីបញ្ហាស្ថានភាពទឹកភ្លៀងរដូវវស្សា ឆ្នាំ២០២៣ថា អាចនឹងបញ្ចប់លឿនជាងរដូវវស្សា ឆ្នាំ២០២២។ ពេលនេះ មន្ត្រីជំនាញ កំពុងធ្វើការ តាមដាន យ៉ាងយកចិត្តទុកដាក់ ចំពោះបញ្ហាអាកាសធាតុ ដែលមានការវិវត្តលឿននេះ។
ក្រសួងធនធានទឹក និងឧតុនិយម កាលពីថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ២០២៣ បានជូនដំណឹង ស្តីពីការព្យាករអាកាសធាតុ លើកទី៣ សម្រាប់រដូវវស្សា ឆ្នាំ២០២៣ ដោយយោងទៅ តាមការវិវត្ត នៃអាកាសធាតុជាសកល តំបន់ ក៏ដូចជា នៅក្នុងផ្ទៃប្រទេសកម្ពុជា បង្ហាញឱ្យឃើញថា នៅក្នុងរដូវវស្សា ឆ្នាំ២០២៣ នេះ បាតុភូតអែលនីណូ បានបង្កើន ឥទ្ធិពល ចាប់ពីខែកញ្ញា ដល់ខែធ្នូ ឆ្នាំ២០២៣ ដល់អត្រាមធ្យមភាគ ១០០ ភាគរយ នាំឱ្យផ្ទៃដីរងទឹកភ្លៀង និងបរិមាណទឹកភ្លៀង ចាប់ផ្តើមថយចុះជាលំដាប់ ហើយនឹងរដូវវស្សា បញ្ចប់លឿនជាងឆ្នាំ២០២២។
នៅក្នុងសេចក្តីជូនដំណឹង ដែលចុះហត្ថលេខា ដោយលោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួង ធនធានទឹក និងឧតុនិយមនេះ បានសរសេរទៀតថា នៅក្នុងខែកញ្ញា ស្ថានភាពភ្លៀង ជាទូទៅ ធ្លាក់មិនសូវបានរាយប៉ាយ គឺភ្លៀងធ្លាក់បានតែនៅលើផ្ទៃដីរងទឹកភ្លៀង ប្រមាណជាពី ៤០ ទៅ ៦០ ភាគរយ (នៃផ្ទៃដីសរុប) ជាមួយនឹងកម្រិតទឹកភ្លៀងធ្លាក់ ប្រែប្រួលពីខ្សោយទៅមធ្យម ក្នុងនោះក៏មានភ្លៀងធ្លាក់ច្រើន នៅផ្នែកខ្លះ ក្នុងភូមិសាស្ត្រ តំបន់ជួរភ្នំ ខ្ពង់រាប និងតំបន់មាត់សមុទ្រ។
ក្នុងសេចក្តីជូនដំណឹង បានបញ្ជាក់ថា នៅក្នុងខែតុលា និងខែវិច្ឆិកា របាយទឹកភ្លៀងធ្លាក់ រាយប៉ាយ និងកម្រិតទឹកភ្លៀង បន្តធ្លាក់ មានការថមថយ មកនៅក្នុងកម្រិតប្រែប្រួលពី ខ្សោយ ទៅមធ្យម លាយឡំទៅដោយបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ជាមួយផ្ទៃរងទឹក ភ្លៀង ប្រមាណជាពី ៣០ ទៅ ៤០ ភាគរយ (នៃផ្ទៃដីទាំងមូល)។ រដូវវស្សា នឹងបញ្ចប់ ទៅលឿនជាងឆ្នាំ២០២២។ រដូវវស្សា នៅតំបន់ខ្ពង់រាប នឹងបញ្ចប់នៅសប្តាហ៍ទី៣ នៃខែតុលា តំបន់វាលទំនាប និងតំបន់មាត់សមុទ្រ រដូវវស្សា នឹងបញ្ចប់នៅក្នុងសប្តាហ៍ ទី៤ នៃខែតុលា។
យោងលើស្ថានភាពអាកាធាតុ ដូចបានព្យាករណ៍ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធន ធានទឹក និងឧតុនិយម បានអំពាវនាវទៅដល់ក្រសួងស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី សូមបន្តរក្សា និងប្រើប្រាស់ទឹក ដោយសន្សំសំចៃ ក្នុងកម្រិតខ្ពស់ ជាពិសេសបណ្តា តំបន់ជនបទដាច់ស្រយាល ដែលនៅឆ្ងាយពីប្រភពទឹក៕/V/r