ដោយៈ វ៉ៃកូ / ស្វាយរៀង៖ លោក ប៉េង ពោធិ៍សា អភិបាលខេត្ត ស្វាយរៀង នៅព្រឹកថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ២០២៣ នេះ បានដឹកនាំមន្ត្រីរាជការ នៃរដ្ឋបាលខេត្ត ទូងស្គរ ដើម្បីអបអរសាទរ ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនេះ នៅសាលាខេត្តស្វាយរៀង នៅវេលាម៉ោង ៧ៈ០០ នាទីព្រឹក ។

ទន្ទឹមនោះ នៅគ្រប់ទីកន្លែងក្នុងខេត្ត រួមមាន នៅតាមបណ្តាមន្ទីរអង្គភាព រដ្ឋបាលក្រុង -ស្រុកទាំង៨ សាលាឃុំ-សង្កាត់ វត្តអារាម សាលាបុណ្យ សាលារៀន ព្រមទាំងគ្រប់ទី ប្រជុំជននានា បានរៀបចំអបអរសាទរ ប្រកបដោយទឹកចិត្ត មោទនភាពជាតិ និងសប្បាយរីករាយ ចំពោះព្រឹត្តិការណ៍ ជាប្រវត្តិសាស្ត្រ នៅនាពេលនេះ។

សូមបញ្ជាក់ថា ដើម្បីអបអរសាទរព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏បានណែនាំដល់គ្រប់ក្រសួង-ស្ថាប័ន នៃរាជរដ្ឋាភិបាល នៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ រួមមាន គ្រប់រាជធានី-ខេត្ត ក្រុង ស្រុក ខណ្ឌ និងគ្រប់ឃុំ សង្កាត់ ព្រមទាំងអំពាវនាវ ដល់ដល់ជនរួមជាតិកម្ពុជាគ្រប់រូប រួមគ្នារៀបចំការវាយគង ទូងស្គរ ទះប៉ោត និងគោះត្រដោក តាមគ្រប់មធ្យោបាយ ដែលខ្លួនមាន នៅម៉ោង ៧ៈ០០ នាទី ព្រឹក ថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ២០២៣ នៅគ្រប់ទីកន្លែងសាធារណៈសំខាន់ៗ រួមមាន៖ ទីស្ដីការក្រសួង-ស្ថាប័ន និងអង្គភាព គ្រប់សាលារាជធានី-ខេត្ត គ្រប់សាលាក្រុង-ស្រុក-ខណ្ឌ គ្រប់សាលាឃុំ-សង្កាត់ គ្របវត្តអារាម និងសាលាបុណ្យ ព្រមទាំងគ្រប់ទីប្រជុំជនសហគមន៍ នៅតាមភូមិឱ្យបាន កុះករ ខ្ញៀវខ្ញារ ប្រកបដោយទឹកចិត្តមោទនៈ និងសប្បាយរីករាយចំពោះព្រឹត្តិការណ៍ជា ប្រវត្តិសាស្ត្រនេះ។

បូករួមទាំងរមណីយដ្ឋានប្រាសាទកោះកេរនេះ កម្ពុជាមានតំបន់បេតិកភណ្ឌពិភពលោក ចំនួន ៤ ហើយ ក្នុងនោះរួមមាន តំបន់អង្គរ ត្រូវបានចុះបញ្ជី នៅឆ្នាំ១៩៩២ ទំហំ ៤០.០០០ ហិកតា, ប្រាសាទព្រះវិហារ ចុះបញ្ជីឆ្នាំ២០០៨ ទំហំ ២.៦៤៣ ហិកតា និងតំបន់ប្រាសាទសំបូរព្រៃគុក ចុះបញ្ជីនៅឆ្នាំ២០១៧ ទំហំ ៣៩.០០០ ហិកតា៕/V/r