ដោយ: ភ្នំដែក/ព្រះវិហារ : នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣នេះ អាជ្ញាធរជាតិព្រះវិហារ ប្រចាំរមណីយដ្ឋានប្រាសាទកោះកេរ និងប្រាសាទព្រះវិហារ បានរៀបចំពិធីទូងស្គរ អបអរសាទរប្រាសាទកោះកេរ ត្រូវបានគណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៃអង្គការយូណេស្កូ សម្រេចជាឯកច្ឆ័ន្ទ បញ្ចូលក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ នៅទីក្រុង រីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីដ។

ពិធីនេះធ្វើឡើងនៅក្នុងបរិវេណប្រាសាទប្រាង្គ នៃរមណីយដ្ឋានប្រាសាទកោះកេរ ថ្នាក់ដឹកនាំអាជ្ញាធរជាតិព្រះវិហារ ថ្នាក់ដឹកនាំអភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ  អាជ្ញាធរស្រុកគូលែន មេឃុំ មេភូមិ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងព្រះសង្ឃ ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សសារុបចូលរួមចំនួន៦០០នាក់។

ដោយឡែកនៅរមណីយដ្ឋានប្រាសាទព្រះវិហារ បានប្រារព្វឡើងនៅចំណុចស្ពានបង្កាន់ដៃនាគ គោបុរៈទី៥ មានថ្នាក់ដឹកនាំអាជ្ញាធរជាតិព្រះវិហារ មន្រ្តី និងបុគ្គលិក ឆ្មាំ ពលករ នៃអាជ្ញាធរជាតិព្រះវិហារ អាជ្ញាធរស្រុកជាំក្សាន្ត អាជ្ញាធរឃុំស្រអែម កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ប្រចាំតំបន់ប្រាសាទព្រះវិហារប្រមាណជិត២០០នាក់ផងដែរ។ P / N