ដោយៈសុផល/ភ្នំពេញ៖កំណើនសេដ្ឋកិច្ចកម្ពុជា ក្នុង ឆ្នាំ២០២៣ ត្រូវបានរំពឹងថានឹងទាបជាងការព្យាករពីដើមឆ្នាំបន្តិច គឺមកត្រឹម ៥,៣% ស្រុតចុះពី ៥,៥% ជាចម្បងគឺដោយសារ តែ កំណើន វិស័យឧស្សាហកម្មយឺតជាងការរំពឹងទុកនៅក្នុងឆមាសទីមួយ។ នេះបើយោងតាមការធ្វើបច្ចុប្បន្ន ភាពនៃរបាយការណ៍សេដ្ឋកិច្ចរបស់ធនាគារអភិវឌ្ឍន៍ អាស៊ី (ADB)ដែល បាន ចេញ ផ្សាយ នៅ ថ្ងៃ ២០ខែកញ្ញានេះ តែរបាយការណ៍ នេះបានរក្សាការព្យាករកំណើនសេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២៤ នៅ ៦ % ដដែល ។
ទស្សនវិស័យអភិវឌ្ឍន៍អាស៊ី (ADO) ខែកញ្ញា ឆ្នាំ២០២៣ បានកត់សម្គាល់ថា ការនាំចេញសម្លៀកបំពាក់ ស្បែកជើង និងទំនិញធ្វើដំណើរបានធ្លាក់ចុះ ១៨,៦% ក្នុងឆមាសទី១នៃឆ្នាំ ២០២៣។ ការធ្លាក់ចុះនេះត្រូវបានប៉ះប៉ូវមួយផ្នែកដោយកំណើន ២២,៩% នៃការនាំចេញ ផលិតផលកម្មន្តសាលក្រៅ ពីវិស័យកាត់ដេរ មានជាអាទិ គ្រឿងបន្លាស់រថយន្ត បន្ទះស្រូបពន្លឺព្រះអាទិត្យ និងគ្រឿងសង្ហារឹមជាដើម។
នាយិកា ADB ប្រចាំកម្ពុជា លោកស្រី ជីយូសានា វាម៉ា (Jyotsana Varma )មានប្រសាសន៍ថា «ការរំពឹងទុកចំពោះភាពប្រសើរជាងមុននៃកំណើនសេដ្ឋកិច្ចរបស់ប្រទេសធំៗដែលមានការជឿនលឿន ត្រូវបានរំពឹងថានឹង
ជំរុញការនាំចេញ របស់ កម្ពុជាសម្រាប់ឆមាសទី២ ឆ្នាំ២០២៣ ទោះបីជាកំណើនវិស័យឧស្សាហកម្មក្នុង ស្រុក បានថមថយក្នុងឆមាសដំបូងឆ្នាំនេះក៏ដោយ។
វិស័យសេវាកម្មចូលរួមចំណែកធំជាងគេ ចំពោះ កំណើនសេដ្ឋកិច្ចឆ្នាំនេះ ដោយវិស័យនេះបានកើនលើសការរំពឹងទុកនៅក្នុងឆមាសទី១ ជាពិសេសដោយសារការងើបឡើងវិញខ្លាំងនៃវិស័យទេសចរណ៍។ »
របាយការណ៍នេះ បានបង្កើនការព្យាករកំណើនវិស័យសេវាកម្មនៅឆ្នាំ២០២៣ ពី ៧,៣% ទៅ ៨,០%។
ការព្យាករសម្រាប់កំណើនវិស័យឧស្សាហកម្មត្រូវបានបន្ថយពី ៥,៨% មក ៤,៨%ហើយ ការ ព្យាករ សម្រាប់កំណើនវិស័យកសិកម្មត្រូវបានកែសម្រួលពី ១,១% ទៅ ០,៩%។
របាយការណ៍នេះរក្សា ការព្យាករ អតិផរណាសម្រាប់ឆ្នាំនេះនៅកម្រិត ៣ % និងឆ្នាំក្រោយនៅកម្រិត ៤ % ខណៈដែលឱនភាព ពាណិជ្ជកម្មអន្តរជាតិ ដែល មាន ភាពប្រសើរឡើង និងការងើបឡើងវិញនៃវិស័យទេសចរណ៍ នឹងបន្តបង្រួម
ឱនភាពគណនីចរន្ត។
ហានិភ័យសម្រាប់ទស្សនវិស័យនេះរួមមាន កំណើនសេដ្ឋកិច្ច ខ្សោយនៃបណ្តាប្រទេសជឿនលឿន, ការមកដល់នៃភ្ញៀវទេសចរនិងលំហូរវិនិយោគផ្ទាល់ពីបរទេសតិច, ការអូសបន្លាយនៃការរឹតបន្តឹងស្ថានភាពហិរញ្ញវត្ថុជាសកល ការកើនឡើងតម្លៃថាមពល ក្តីបារម្ភអំពីបំណុលឯកជនដែល មានកម្រិតខ្ពស់និងអំពីស្ថិរភាពហិរញ្ញវត្ថុក្នុងស្រុក និង អាកាសធាតុដែលកាន់តែអាក្រក់ ដោយសារការ ប្រែប្រួលបរិយាកាស ផែនដី។
មកដល់ពេលនេះការវិនិយោគលើគម្រោងរបស់ ADB នៅកម្ពុជាមានតម្លៃសរុប ២,៤ ពាន់លានដុល្លារហើយការ ផ្តល់ ប្រាក់កម្ចីប្រចាំឆ្នាំជាមធ្យមពីឆ្នាំ ២០១៦ ដល់ឆ្នាំ ២០២២ មានប្រមាណ ៣៥០ លានដុល្លារ។ P / N