ដោយៈ មុនីរ័ត្ន/ភ្នំពេញ៖ នៅក្នុងកិច្ចប្រជុំកម្រិតខ្ពស់ស្តីពីលទ្ធផល​នៃកិច្ច​សហប្រតិបត្តិការក្របខ័ណ្ឌគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល (GDI) ក្រោម​ប្រធានបទ “គំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកលសម្រាប់គោលដៅ​អភិវឌ្ឍន៍​ដោយចីរភាព (SDGs)៖ សកម្មភាព និង វឌ្ឍនភាព” នៅទីក្រុងញូវយ៉ក កាលពីថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ ២០២៣ លោក អ៊ុច បូររិទ្ធ ទេសរដ្ឋមន្ត្រី នៃរាជរដ្ឋាភិបាលកម្ពុជាបានគូសបញ្ជាក់អំពីការ​ចូលរួម​យ៉ាងសកម្មរបស់កម្ពុជានៅក្នុងគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល ដែលទទួលបានការគាំទ្រពីបណ្ដាប្រទេសនិងអង្គការចំនួនប្រមាណជាង ១០០ ក្នុងរយៈពេលត្រឹមតែពីរឆ្នាំ ចាប់តាំងពីការបង្កើតឡើងមក។

លោកទេសរដ្ឋមន្ត្រីបានបន្តថា កម្ពុជាមានមោទនភាពដែលបានចូលរួម និងពេញចិត្តចំពោះវឌ្ឍនភាពជាច្រើនរបស់គំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកលនេះ។ គោលការណ៍ជាមូលដ្ឋាននៃគំនិតផ្តួចផ្តើមនេះគឺ ផ្តល់អាទិភាព​ដល់ការអភិវឌ្ឍ ប្រកាន់អភិក្រមយកប្រជាជនជាស្នូល ធានាថាមិនទុក​បុគ្គលណាម្នាក់ចោល និងកសាងភាពជាដៃគូអភិវឌ្ឍន៍សកល។ លោកក៏បានថ្លែងអំណរគុណយ៉ាងស្មោះសរជូនចំពោះសាធារណរដ្ឋប្រជាមានិតចិន ដែលបានដឹកនាំ និងប្តេជ្ញាចិត្តឥតងាករេ គាំទ្រដល់គំនិត​ផ្តួចផ្តើមអភិវឌ្ឍន៍សកលនេះ។

លោកទេសរដ្ឋមន្ត្រី  បានសង្កត់ធ្ងន់លើតួនាទីសំខាន់នៃគម្រោង​អភិវឌ្ឍន៍​​នានារបស់គំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល ក្នុងការរួម​ចំណែក​ដល់គោលដៅអភិវឌ្ឍន៍ជាតិរបស់កម្ពុជា ពោលគឺចក្ខុវិស័យ​ប្រែក្លាយ​ប្រទេសកម្ពុជាជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០។

លោកទេសរដ្ឋមន្ត្រី អ៊ុច បូររិទ្ធ បានបញ្ជាក់សាជាថ្មីអំពីការប្តេជ្ញា​ចិត្ត​របស់កម្ពុជាចំពោះសកម្មភាពរួម និងវិធានការដែលបានដាក់ចេញ   សំដៅដោះស្រាយបញ្ហាប្រឈម  និងពន្លឿនវឌ្ឍនភាព ដោយមិនទុក​ប្រទេស ឬបុគ្គលណាមួយចោលឡើយ។   លោកទេសរដ្ឋមន្ត្រី  ក៏បាន​បង្ហាញពីការត្រៀមខ្លួនជាស្រេចរបស់កម្ពុជា ក្នុងការធ្វើការយ៉ាងជិតស្និទ្ធ​ជាមួយដៃគូទាំងអស់  ដើម្បីសម្រេចឱ្យបាននូវសក្តានុពលពេញលេញ​នៃគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល ដែលនឹងបន្តជំរុញការសម្រេចបាន​នូវគោលដៅអភិវឌ្ឍន៍ដោយចីរភាព  និងអនាគតដ៏ភ្លឺស្វាងសម្រាប់​គ្រប់ៗ​គ្នា៕ សរន / N