ដោយៈ ប.ជ័យ / បន្ទាយមានជ័យៈ ​មន្ទីររៀបចំដែនដី​នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តបន្ទាយមានជ័យ បានធ្វើពិធីបិទផ្សាយជាសាធារណៈ ឯកសារនៃ ការវិនិច្ឆ័យលេី ការចុះបញ្ជីធ្លី មានលក្ខណៈជាប្រព័ន្ធ ចំនួនជាង ២.៦០០ ក្បាលដី ក្នុងភូមិសូភី នៅថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ២០២៣​ នាវត្តស្វាយថ្មី ហៅវត្តតាហី ភូមិ២ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ។

លោក អាង ណារិទ្ធ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់​និងសុរិយោដី ខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា មុនឈានដល់ការចេញប្លង់កម្មសិទ្ធិស្របច្បាប់បាន​ ត្រូវឆ្លងកាត់ ចំនួន ៥ ដំណាក់កាល។ នៅភូមិនេះ ទិន្នន័យដែលមន្ត្រីជំនាញ និងថ្នាក់ដឹកនាំ ទទួលបានចំនួន ២.៦០៧ ក្បាលដី ។

ក្នុងពេលបិទផ្សាយឯកសារ នៃការវិនិច្ឆ័យលេីការចុះបញ្ជីធ្លី មានលក្ខណៈជាប្រព័ន្ធ រយៈពេល ១៥ ថ្ងៃ (ចាប់ពីថ្ងៃទី១៩ កញ្ញា​ – ០៣​ តុលា​ ឆ្នាំ២០២៣​ ដោយមិនគិតថ្ងៃឈប់សម្រាក)​ សូមបងប្អូនពលរដ្ឋ មកពិនិត្យ និងផ្ទៀងផ្ទាត់ទិន្នន័យក្បាលដី​ 

ឈ្មោះ​ម្ចាស់ដី បេីមានការខុសឈ្មោះ ត្រូវដាក់ពាក្យកែតម្រូវ ជាមួយមន្ត្រីសុរិយោដី​ ដេីម្បីធ្វេីការកែតម្រូវ ។

លោក ប្រាក់ ប៉ូលី អអភិបាលរងខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា ការចុះបញ្ជីដីធ្លី គឺពិតជាមានសារៈសំខាន់ណាស់ ដែលអាចកាត់បន្ថយ នូវបញ្ហាទំនាស់ អាចធានាបាន 

នូវសុវត្ថិភាពពីការក្លែងបន្លំ ពីសំណាក់ជនខិលខូចមួយចំនួន ។ មិនតែប៉ុណ្ណោះ ក្រោយពីធ្វើការចុះបញ្ជីធ្វើប័ណ្ណកម្មសិទ្ឋិនេះហើយ ម្ចាស់កម្មសិទ្ធិ អាចយកទៅប្រើប្រាស់ ឬដាក់បញ្ចាំ​នៅតាមធនាគារ និងតាមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនានា បានតាមសេចក្តីត្រូវការ ៕ V / N