ដោយៈ មុនីរ័ត្ន / ភ្នំពេញៈ លោក ហ្វា សាលី ប្រធានសម្ព័ន្ធសហជីពជាតិ បានឲ្យដឹងថា តួនាទីជាមេដឹកនាំ ត្រូវគិតពីប្រយោជន៍រួម និងរយ:ពេលវែង ដូចជាការចរចាប្រាក់ឈ្នួលអីចឹងដែរ បើយើងចង់បានខ្ពស់តាមតម្រូវការដែលចង់បាន ហើយធ្វើឲ្យភាគីនិយោជក មិនអាចដំឡើងបាន នឹងធ្វើឲ្យប៉ះពាល់ដល់ការវិនិយោគ និងសង្វាក់ផលិតកម្ម ដែលអាចឈានទៅដល់ការបិទទ្វារ ឬធ្វើឱ្យគេរត់ទៅប្រទេសផ្សេង ដែលមានប្រាក់ឈ្នួលទាបជាងយើង ដូចជា ប្រទេសឡាវ ភូមា ប៉ាគីស្ថាន បង់ក្លាដែស ឥណ្ឌា និងប្រទេសមួយចំនួនទៀត ដែលមានប្រាក់ឈ្នួលទាប នោះវាមិនមែនជាតម្រូវការរបស់យេីង សម្រាប់អនាគតនោះឡើយ ។
ប្រធានសម្ព័ន្ធសហជីពជាតិ បានបន្តថា បងប្អូនកម្មករ និយោជិត សុទ្ធតែដឹងអំពីស្ថានភាពការងាររបស់ខ្លួនច្បាស់ថា តើកំពុងមានការងារធ្វើពេញលេញឬអត់ ? អ្វីដែលសំខាន់ពេល នេះ គឺបងប្អូនចង់បានការងារថែមម៉ោង ឬជាប់លាប់ ខណ:ដែលក្រុមហ៊ុនខ្លះ មានព្យួរតិចតួច ខ្លះស៊ី៥០% និងខ្លះទៀត គ្មានការថែមម៉ោង ស្ថានភាពទាំងនេះ កម្មករយើង បានដឹងច្បាស់ណាស់ ហើយក្នុងនាមជាថ្នាក់ដឹកនាំសហជីព កាន់តែច្បាស់លើបញ្ហានេះ នៅក្នុងដំណើរការ នៃការចរចាប្រាក់ឈ្នួល ធ្វើយ៉ាងណាយើងរស់បានទាំងអស់គ្នា ហើយរាជរដ្ឋាភិបាលកម្ពុជា ក៏បានខិតខំបន្តយន្តការចរចាប្រាក់ឈ្នួលនេះ ឲ្យបានចប់ត្រឹមថ្ងៃទី ២៨ កញ្ញា ខាងមុខនេះ ខណ:ដែលប្រទេសប្រកួតប្រជែងជិតខាង មិនមានការដំឡើងប្រាក់ឈ្នួលនោះឡើយ បងប្អូនទោះតិច ឬច្រើន យើងត្រូវទទួលយក និងអរគុណចំពោះកិច្ចខិតខំប្រឹងប្រែងគ្រប់ភាគី ដែលនឹងត្រូវបញ្ចប់ការចរចា នៅថ្ងៃទី ២៨ ខែកញ្ញា ខាងមុខនេះ និងសូមអំពាវនាវដល់សម្តេច មហាបវរធិបតី នាយករដ្ឋមន្ត្រីថ្មី មេត្តាជួយបំពេញបន្ថែម នូវគោលនយោបាយរបស់រដ្ឋ ដូចដែលសម្តេចតេជោ លោកធ្លាប់បន្ថែមពីលើប្រាក់ឈ្នួលដែលចរចាបាន និងគិតគួរពិចារណានូវអត្ថប្រយោជន៍ផ្សេងៗ ដែលក្រុមសហជីពបានស្នើ ក្នុងប្រជុំត្រីភាគីនេះ ៕ V / N