វៀតណាម​កាត់ទោស​ប្រហារជីវិត​មនុស្ស​៥​នាក់​ចំពោះ​ការជួញដូរ​ថ្នាំញៀន​

3124
ចែករម្លែក

តុលាការក្រុងហូជីមិញ បានកាត់ទោសប្រហារជីវិតសមាជិក៥នាក់នៃក្រុមជួញដូរថ្នាំញៀនមួយ និងដាក់ទោសមនុស្ស៤នាក់ទៀតអោយជាប់គុកមួយជីវិតកាលពីថ្ងៃព្រហស្បតិ៍ទី២សីហា។

មេដឹកនាំក្រុមនេះឈ្មោះ ង្វៀន វ៉ាន់ ភូ អាយុ៥៤ឆ្នាំ និងមនុស្សរបស់គាត់៤នាក់ទៀតក៏ទទួលទោសដូចគ្នាចំពោះការជួញដូរនិងចរាចរណ៍ថ្នាំញៀនខុសច្បាប់។ជន៣នាក់ទៀតត្រូវបានដាក់ទោសអោយជាប់គុក២០ឆ្នាំ។

យោងតាមការកាត់ទោសនេះ ភូ បានធ្វើដំណើរមកកម្ពុជាជាញឹកញាប់ជាផ្នែកនៃការងាររបស់ខ្លួន និងបានជួបស្គាល់ពួកផ្តល់ថ្នាំញៀននៅទីនេះ។គាត់និងសហការីដែលជាប់គុក ឈ្មោះង្វៀន ធី បេ និងង្វៀន ហ៊ុងឡុក បានបង្កើតក្រុមជួញដូរថ្នាំញៀននេះដើម្បីនាំថ្នាំពីកម្ពុជាទៅក្រុងហូជីមិញ។

ក្រុមនេះដំបូងបានបង្ហាញខ្លួនក្នុងរ៉ាដារបស់អាជ្ញាធរនៅពេលមន្រ្តីគយនៅមាត់ទ្វារម៉ុកបាយ ក្នុងខេត្តតៃនិញចាប់ឃាត់ខ្លួនបេនិងឡុកខណៈពួកគេកំពុងព្យាយាមចូលក្នុងប្រទេសវៀតណាមជាមួយនឹងថ្នាំញៀនហេរ៉ូអ៊ីន២,១គីឡូក្រាមកាលពីឆ្នាំ២០១៥។

បេក្រោយមកត្រូវបានកាត់ទោសប្រហារជីវិត តែឡុកបានគេចខ្លួននិងព្រមានភូ អោយគេចពីការចាប់ខ្លួន។នៅទីបំផុត ភូត្រូវបានចាប​បាននៅខែវិច្ឆិកាឆ្នាំ២០១៥ក្រោយប៉ូលិសចាប់ខ្លួនអ្នកទិញថ្នាំញៀនម្នាក់នៅក្រុងហូជីមិញ។

អ្នកទិញនោះបានចង្អុលទៅរកភូ ហើយប៉ូលិសបានចាប់ខ្លួនគាត់និងបក្ខពួកបានភ្លាមៗផងដែរ។

សហការីរបស់គាត់ត្រូវបានចាប់ខ្លួននៅភាគខាងជើងប្រទេសនៅប៉ុន្មានខែក្រោយ បន្ទាប់ពីប៉ូលិសចាប់បានសមាជិកក្រុមនេះម្នាក់ជាមួយនឹងថ្នាំញៀន១៧គីឡូក្រាមនាំមកពីកំពង់ផែហាយហ្វុង។

ក្រុមនេះបានជួញដូរថ្នាំហេរ៉ូអ៊ីនជាង២០គីឡូក្រាមនិងថ្នាំស៊ីណេទិច១៧គីឡូក្រាមរវាងខែមីនាឆ្នាំ២០១៤និងខែមករាឆ្នាំ២០១៦។

វៀតណាមមានច្បាប់ដាក់ទោសបទល្មើសថ្នាំញៀនធ្ងន់បំផុត។ជនណាមានឬលួចដឹកជញ្ជូនថ្នាំញៀនហេរ៉ូអ៊ីនឬកូកាអ៊ីនចាប់ពី៦០០ក្រាមឡើង និងថ្នាំមេតំហ្វេតាមីនលើ២,៥គីឡូក្រាមអាចប្រឈនឹងទោសប្រហារជីវិត។ការផលិតឬលក់ហេរ៉ូអ៊ីន១០០ក្រាម ឬថ្នាំញៀនដទៃទៀត៣០០ក្រាមឡើងក៏ទទួលទោសប្រហារជីវិតផងដែរ៕ដោយៈវាសនា

ជនជួញដូរថ្នាំញៀននៅក្នុងតុលាការកាលពីថ្ងៃព្រហស្បតិ៍