ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ នាយកប្រតិបត្តិរបស់ក្រុមហ៊ុន VinFast បានប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រកាលពីថ្ងៃព្រហស្បតិ៍ថា ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់វៀតណាមនេះគ្រោងនឹងដឹកជញ្ជូនរថយន្ត EV ដំបូងរបស់ខ្លួនទៅកាន់អឺរ៉ុបនៅឆ្នាំនេះ បន្ទាប់ពីទទួលបានការយល់ព្រមផ្នែកបទប្បញ្ញត្តិ ខណៈដែលសហភាពអឺរ៉ុបពិចារណាការដំឡើងពន្ធលើគូប្រជែងចិនរបស់ខ្លួន។
មនុស្សដែលដឹងពីគម្រោងនេះបានប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រថា នៅក្រោមផែនការនេះ រថយន្តប្រភេទ Crossovers VF8 របស់ខ្លួនចំនួន ៣.០០០ គ្រឿងនឹងត្រូវបញ្ជូនទៅប្រទេសបារាំង អាល្លឺម៉ង់ និងហូឡង់ក្នុងត្រីមាសទី ៤ នៃឆ្នាំនេះពីរោងចក្ររបស់ VinFast នៅភាគខាងជើងប្រទេសវៀតណាម។
ផែនការរបស់ក្រុមហ៊ុនដើម្បីពង្រីកទៅកាន់ទ្វីបអឺរ៉ុប នឹងតំណាងឱ្យការកើនឡើងចំនួនបួនដងពីគោលដៅចែកចាយរថយន្តចំនួន ៧០០ គ្រឿងក្នុងខែកក្កដាឆ្នាំមុន និងកើតឡើងខណៈដែលការស៊ើបអង្កេតរបស់សហភាពអឺរ៉ុបទៅលើក្រុមហ៊ុនផលិតរថយន្ត EV របស់ចិនដើម្បីវាយពន្ធពិន័យ។
ប្រសិនបើសម្រេចបាន អឺរ៉ុបនឹងក្លាយជាទីផ្សារក្រៅប្រទេសដ៏ធំបំផុតរបស់ VinFast នៅឆ្នាំនេះ។ ក្រុមហ៊ុនបានដឹកជញ្ជូនរថយន្ត EV ប្រហែល ២.១០០ គ្រឿងនៅដើមឆ្នាំនេះទៅកាន់សហរដ្ឋអាម៉េរិក។
លោកស្រី ឡេ ធី ធូ ទ្វី (Le Thi Thu Thuy) នាយកប្រតិបត្តិក្រុមហ៊ុន VinFast បាននិយាយថា “យើងរំពឹងថានឹងផ្តល់ម៉ូដែល VF8 ដំបូងដល់អតិថិជនបារាំង អាល្លឺម៉ង់ និងហូឡង់ក្នុងត្រីមាសទី ៤ នៃឆ្នាំនេះ” ដោយបន្ថែមថា ម៉ូដែលផ្សេងទៀតរបស់ក្រុមហ៊ុន គឺ VF6, VF7, និង VF9 នឹងត្រូវបានដាក់លក់លើទីផ្សារអឺរ៉ុបនៅឆ្នាំក្រោយ៕
រថយន្ត EV របស់វៀតណាមប្រហែល ២.១០០ គ្រឿងបានដឹកទៅកាន់សហរដ្ឋអាម៉េរិកនៅដើមឆ្នាំនេះ