ដោយៈប.ខុន/ភ្នំពេញ៖​រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទនៅ​ថ្ងៃទី២១​ខែកញ្ញាឆ្នាំ២០២៣ បានអញ្ជើញជួបសំណេះសំណាលជាមួយ​​ថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្តាល។

លោក ឆាយ ប្ញទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទមានប្រសាសន៍​ក្នុងឱកាសខាងលើថា អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ ត្រូវរៀបចំ​បញ្ជីសារពើភណ្ឌទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីឱ្យមាន​ទិន្នន័យ​ច្បាស់លាស់អំពីកង្វះខាត និងតម្រូវការជាក់ស្តែង។

លោករដ្ឋមន្ត្រីបន្តថា ដើម្បីចូលរួមចំណែកសម្រេចបាននូវការអនុវត្ត​យុទ្ធសាស្រ្ត​បញ្ចកោណ និងចក្ខុវិស័យឆ្នាំ២០៣០ និងឆ្នាំ២០៥០ ក្រសួងអភិវឌ្ឍន៍ជនបទ បានខិតខំសម្រេចឱ្យបាននូវចក្ខុវិស័យ​របស់ខ្លួនគឺ លើកកម្ពស់គុណភាព និងគុណតម្លៃរបស់ប្រជាជននៅ​ជនបទ​ប្រកបដោយចីរភាព និងបរិយាបន្ន ទាំងផ្នែកសេដ្ឋកិច្ច សង្គម និងវប្បធម៌ ។

លោកបានបន្ថែមទៀតថា ក្រសួងអភិវឌ្ឍន៍ជនបទបន្តខិតខំប្រែក្លាយ​តំបន់​ជនបទទៅជាជនបទស៊ីវិស័យ និងមានកិត្យានុភាព  ដើម្បីកាត់​បន្ថយ​គម្លាតរវាងទីក្រុង និងជនបទ ដែលក្រសួងមានយុទ្ធសាស្ត្រ​អាទិភាព​ចំនួនបួន។ក្នុងនេះ ទី១៖ អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍ ប្រទាក់ក្រឡា ធានាបាននូវតំបន់ជនបទ​សមាហរណ​កម្ម និងដើម្បីជំរុញសរសៃឈាមនៃកំណើនសេដ្ឋកិច្ចដល់ទីជនបទ ។ 

ទី២៖ កែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទ ក្នុង​គោលដៅឱ្យប្រជាជនជនបទរស់នៅមានឥរិយាបថល្អ ប្រកបដោយ​សុខភាពល្អ និងអនាម័យ ព្រមទាំងផាសុកភាព ។ 

ទី៣៖ ធ្វើពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទ តាមរយៈការបណ្តុះ​បណ្ដាល​​​ជំនាញមូលដ្ឋាន ដើម្បីបង្កើតការងារ និងមុខរបរ ក្នុងគោល​ដៅ​បង្កើនចំណូលសេដ្ឋកិច្ចគ្រួសារនៅទីជនបទ។ 

ទី៤៖ ពង្រឹងសេវាគាំទ្ររដ្ឋបាល និងកិច្ចការទូទៅ ដើម្បីពង្រឹងស្ថាប័ន ក្នុងគោលដៅបម្រើប្រជាជននៅជនបទ ដោយសុចរិត និងទទួលខុស​ត្រូវខ្ពស់។ 

នៅក្នុងឱកាសនេះលោករដ្ឋមន្រ្ដី បានផ្ដាំផ្ញើ ដល់ថ្នាក់ដឹកនាំ និងមន្ត្រី​រាជការ​នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្ដាល ត្រូវបង្កើតឱ្យមាន ក្រុមអ្នក​នាំពាក្យរបស់មន្ទីរ ដើម្បីផ្ដល់ព័ត៌មាន ក្នុងគោលដៅចូលរួមផ្សព្វផ្សាយ​សមិទ្ធផលរបស់រាជរដ្ឋាភិបាលក៏ដូចជាក្រសួងអភិវឌ្ឍន៍ជនបទ ឱ្យបានទូលំ​ទូលាយដល់មហាជន។ត្រូវខិតខំសហការជា​មួយ​អាជ្ញាធរ គ្រប់លំដាប់ថ្នាក់ ។  srn / N