ដោយៈ សុខសុភ័ណ្ឌ / កំពង់ស្ពឺៈ ជំងឺគ្រុនចាញ់ នៅតែជាបញ្ហា ប្រឈម និងចាក់ស្រេះ ពិបាកក្នុងការលុបបំបាត់ឱ្យអស់ ១០០ ភាគរយ នៅពេលប្រជាពលរដ្ឋ ចូលព្រៃ ប្រកបរបរ រកអនុផល ព្រៃឈើ និងមន្ត្រីពាក់ព័ន្ធ មិនព្រមអនុវត្តវិធានការណែនាំរបស់ក្រុមគ្រូពេទ្យឯកទេស ឱ្យបានត្រឹមត្រូវ និងមិនទទួលការ ព្យាបាលផ្តាច់។ នេះបើតាមការលើកឡើងរបស់លោក វេជ្ជបណ្ឌិត ម៉ម សម្បត្តិរត្នម៉ានិត អនុប្រធានមន្ទីរសុខាភិបាល ខេត្តកំពង់ស្ពឺ ក្នុងពិធីបូកសរុបលទ្ធផលការងារលុបបំបាត់ជំងឺគ្រុនចាញ់ ប្រចាំត្រីមាស ទី៣ ឆ្នាំ២០២៣ ថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ២០២៣។
លោកវេជ្ជបណ្ឌិត ម៉ម សម្បត្តិរត្នម៉ានិត បានគូសបញ្ជាក់ថា បច្ចុប្បន្ននេះ ប្រជាពលរដ្ឋ រស់នៅតាមភូមិនៃស្រុកឆ្ងាយៗ នៅតែប្រើទម្លាប់ចូលព្រៃ រកអនុផលព្រៃឈើ យកមកលក់ ដើម្បីដោះដូរជីវភាព ហើយក្នុងការចូលព្រៃ ពួកគាត់ ត្រូវស្នាក់ នៅក្នុងរយៈពេលវែង នៅក្នុងព្រៃនោះ ក្នុងកំឡុងពេលស្នាក់នៅ ពួកគាត់មិនសូវបានអនុវត្តតាមការណែនាំ របស់ក្រុមគ្រូពេទ្យ ស្ម័គ្រចិត្តភូមិនោះទេ ដោយការស្នាក់នៅ ឬដេកពុំមានមុង សុវត្ថិភាព ឬក៏ប្រើថ្នាំការពារ មុនចូលព្រៃដែរ ដែលប្រការនេះ ធ្វើឱ្យពួកគាត់ ងាយប្រឈមជាមួយមូស និងកើតជំងឺគ្រុនចាញ់។ មិនតែប៉ុណ្ណោះ ក្រោយការព្យាបាល ក៏មិនព្រមព្យាយាម
ព្យាបាលឱ្យជាដាច់ដែរ ដែលប្រការនេះ ងាយធ្វើឱ្យជំងឺលាប់ ឡើងវិញ ហើយប្រឈម ដល់ការគ្រោះថ្នាក់ ដល់អាយុជីវិត។
លោកអនុប្រធានមន្ទីរសុខាភិបាលខេត្ត ក៏បានបញ្ជាក់ផងដែរថា មានករណីគ្រុនចាញ់មួយប្រភេទ គឺជំងឺគ្រុនចាញ់ ប្រភេទម៉ាឡាយ៉េ ដែលស្ថិតនៅតំបន់ព្រំប្រទល់ជាមួយខេត្តពោធិ៍សាត់ (ភូមិត្រពាំងក្រើញ ស្រុកថ្ពង) គឺមិនអាចប្រើ ប្រាស់តេស្តរហ័ស ដើម្បីរកវិនិច្ឆ័យបានទេ ដែលទាមទារឱ្យអ្នកជំងឺ ត្រូវប្រើពេល ដើម្បីរកវិនិច្ឆ័យឱ្យឃើញ និងព្យាបាល។
នៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៣នេះ ខេត្តកំពង់ស្ពឺ មានករណី គ្រុនចាញ់ ចំនួន ២៦ ករណី ក្នុងនោះ មានករណីលាប់ឡើងវិញ ២៤ ករណី និងករណីគ្រុនចាញ់ ប្រភេទម៉ាឡាយ៉េ ២ ករណី។
ជាមួយនោះ លោកស្រី ឡុង បូណារ៉េត អភិបាលរងខេត្តកំពង់ស្ពឺ ជំរុញឱ្យអាជ្ញាធរ ស្រុក និងឃុំ ត្រូវបន្តចុះជួប និងអប់រំសហគមន៍ នៅក្នុងភូមិគោលដៅ ដែលកំពុងកើតមាន ជំងឺគ្រុនចាញ់ខ្ពស់ និងលើកទឹកចិត្ត ឱ្យប្រជាពលរដ្ឋ ក្នុងភូមិគោលដៅទាំងនោះមកទទួលសេវាព្យាបាលគ្រុនចាញ់ នៅមណ្ឌលសុខភាព ដែលស្ថិតនៅជិតផ្ទះបំផុត ហើយក្នុងនោះ បន្តជំរុញនិងបង្កើន ការព្យាបាលផ្តាច់ ឱ្យបាន ១០០% បន្តពង្រឹងកិច្ចសហការរវាង មន្ត្រីសុខាភិបាល (មណ្ឌលសុខភាព) អ្នកស្ម័គ្រចិត្ត និងអាជ្ញាមូលដ្ឋាន ក្នុងការជំរុញឱ្យមានការចូលរួម របស់ប្រជានជន ប្រឈមនឹងជំងឺគ្រុនចាញ់ ជាពិសេសអ្នកចូលព្រៃ និងអ្នកពាក់ព័ន្ធ ត្រូវទទួលការព្យាបាលផ្តាច់។ មិនតែប៉ុណ្ណោះ ជំរុញឱ្យពួកគាត់ ចូលរួមលេបថ្នាំការពារ មុនទៅព្រៃ សម្រាប់ក្រុមគោលដៅ កំណត់ទីតាំងភូមិសាស្ត្រដែលប្រជាជនគោលដៅឆ្លងកាត់ពង្រឹងប្រព័ន្ធអង្កេតតាមដានករណីគ្រុនចាញ់ និងបង្កើនការយល់ដឹង ដល់ប្រជាជន ពីបញ្ហាប្រឈម នៃជំងឺគ្រុនចាញ់។ ត្រូវផ្តល់មុងដល់ភូមិ ដែលមានករណីគ្រុនចាញ់ច្រើន និងមានប្រជាជនចូលព្រៃ បង្កើនការយកចិត្តទុកដាក់ និងតាមដាន លើករណីគ្រុនចាញ់ ប្រភេទម៉ាឡាយ៉េ ដែលកំពុងកើតមាន ក្នុងភូមិសាស្ត្រកំពង់ស្ពឺ បន្តទៀត៕ V / N