ដោយៈមុនីរ័ត្ន/ភ្នំពេញ ៖ ក្នុងជំនួបនៅទីស្ដីការក្រសួងមហាផ្ទៃ នា​រសៀល​ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងទៅកាន់ លោក កៅ គឹមហួន អគ្គលេខាធិការអាស៊ានថា ក្នុងនាមក្រសួងមហាផ្ទៃ ឯកឧត្ដមត្រៀមខ្លួនជានិច្ចក្នុងការជំរុញ និងលើកកម្ពស់ទំនាក់ទំនង​រាល់​កិច្ចការពាក់ព័ន្ធទាំងអស់ រវាងក្រសួងមហាផ្ទៃ និងលេខាធិការអាស៊ាន។ ទន្ទឹមនេះ ឯកឧត្ដម ក៏បានស្នើដល់អគ្គលេខាធិការអាស៊ាន បន្តជួយ​គាំទ្ររាល់គំនិតផ្ដួចផ្ដើមផ្សេងៗ ជាពិសេសក្នុងសមត្ថកិច្ចក្រសួងមហាផ្ទៃ ដើម្បីអនុវត្តគម្រោងនានាឱ្យដំណើរការទៅបានជាឧត្ដមប្រយោជន៍រួមរបស់សហគមន៍អាស៊ានទាំងមូល ជាពិសេសលើការងារសន្តិសុខ។

 ឯកឧត្ដមអភិសន្តិបណ្ឌិត បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងដ៏ល្អ និងកិច្ចសហការដ៏ជិតស្និទ្ធ រវាងលេខាធិការដ្ឋានអាស៊ាន ក្នុងការជួយ​គាំទ្រការអនុវត្តកិច្ចការពាក់ព័ន្ធមួយចំនួន ដែលក្រសួងមហាផ្ទៃបាន​ធ្វើកន្លងទៅ។ ក្នុងនោះរួមមាន ការរៀបចំកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់​ទទួល​បន្ទុកឧក្រិដ្ឋកម្មឆ្លងដែន (SOMTC) និងកិច្ចប្រជុំថ្នាក់​រដ្ឋមន្ត្រី​អាស៊ាន​ទទួលបន្ទុកឧក្រិដ្ឋកម្មឆ្លងដែន (AMMTC)។
ជាការឆ្លើយតប លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន ជម្រាបថា លោកត្រៀមខ្លួនជានិច្ចក្នុងការបន្តជួយគាំទ្រដល់កម្ពុជា ក៏ដូចជាបណ្ដារដ្ឋសមាជិកាទាំងអស់ ក្នុងយន្តការថ្នាក់តំបន់ដែល​មាន​កន្លងទៅនេះ។ លោកអគ្គលេខាធិការអាស៊ាន ចាត់ទុកថា ការថែរ​ក្សា​បាននូវសន្តិសុខ និងសន្តិភាព គឺជាកិច្ចការដ៏មានសារសំខាន់សម្រាប់​តំបន់អាស៊ានទាំងមូល ដែលកន្លងទៅនេះ រដ្ឋជាសមាជិកអាស៊ាន​ទាំងអស់ មានកម្ពុជាផងនោះ បានចូលរួមយ៉ាងសកម្មក្នុងការងារ​ប្រយុទ្ធ​ប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន។

លោកបណ្ឌិត បានសម្ដែងការអបអរសាទរចំពោះកម្ពុជា ដែលបាន​ធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ាននាឆ្នាំ២០២២កន្លងទៅយ៉ាងជោគជ័យ។ ក៏បានអបអរសាទរផងដែរ ចំពោះក្រសួងមហាផ្ទៃ ដែលបានចូលរួមចំណែកក្នុងការអនុវត្តរាល់យន្តការផ្សេងៗរបស់អាស៊ាន ដែលក្រសួងមហាផ្ទៃបានដឹកនាំក្នុងឆ្នាំ២០២២កន្លងទៅនេះ លើការងារពាក់ព័ន្ធនឹងបញ្ហាសន្តិសុខ។ 

លោកបណ្ឌិត កៅ គឹមហួន ថ្លែងដោយភាពស្និទ្ធស្នាលថា នឹងបន្ត​ផ្ដល់ការគាំទ្រកម្ពុជា ក៏ដូចបណ្ដាសមាជិកអាស៊ានដទៃទៀតដែរ ដោយធ្វើយ៉ាងណាឱ្យមានលទ្ធភាពអនុវត្តបានជោគជ័យនូវបណ្ដាយន្តការតំបន់អាស៊ាននានា ដែលប្រទេសនីមួយៗមានភារកិច្ច​ទទួលខុសត្រូវ។

 ឯកឧត្ដមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្តៃ បានថ្លែងគាំទ្រចំពោះតួនាទីរបស់ ឯកឧត្ដមអគ្គលេខាធិការអាស៊ាន ក្នុងការពង្រឹង និងលើកកម្ពស់សាមគ្គីភាពរបស់អាស៊ាន។ ចំពោះ​ការងារសន្តិសុខ ឯកឧត្ដមសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំ​ដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បាននិង​កំពុងយក​ចិត្តទុកដាក់យ៉ាងខ្លាំង ដោយចាត់ទុកថា ជាឆ្អឹងខ្នងដ៏សំខាន់ នៃ​សេដ្ឋកិច្ច​ជាតិ។ ក្នុងនោះ កម្ពុជាបាននិងកំពុងធ្វើ​យ៉ាងណាកសាង​នូវភាពសុខដមរមនាក្នុងសង្គម។ លើសពីនេះ កម្ពុជាបានដើរតួនាទី និងបំពេញកិច្ចការងារយ៉ាងច្រើនក្នុងកិច្ចសហប្រតិបត្តិការអាស៊ានពាក់ព័ន្ធនឹងការងារប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន និងបន្តចូលរួម​ថែរក្សា​សន្តិសុខ សន្តិភាពក្នុងតំបន់ផងដែរ៕សរន / N