​អាជ្ញាធរ​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ប្រុងប្រយ័ត្ន​ចំពោះ​ការ​ហក់​ឡើង​នៃ​ទឹកទន្លេ​

994
ចែករម្លែក

​ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះ​វិហារៈ​អភិបាលខេត្ត​ព្រះវិហារ​លោក​អ៊ុន​ចាន់​ដា​បាន​អំពាវនាវ​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាម​ដង​ទន្លេមេគង្គ​លើ​និង​ទន្លេ​ពៅ​ឱ្យមាន​ការប្រុងប្រយ័ត្ន​ខណៈ​ទឹកទន្លេ​កំពុងតែ​ហក់​ឡើងជា​បន្ដបន្ទាប់​។ ដែល​ស្ថិតនៅក្នុង​ភូមិសាស្ត្រ​ឃុំ​កំពង់​ស្រឡៅ​១ និង​កំពង់​ស្រឡៅ​២ ក្នុងស្រុក​ឆែប ខេត្តព្រះវិហារ​។
​ការអំពាវនាវ​ខណៈពេល​ដែល​លោក​អភិបាលខេត្ត​រួមជាមួយ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​បាន​អញ្ជើញ​ចុះ​ត្រួតពិនិត្យ​ស្ថានភាព​ទឹក​នាពេល​ថ្មី​នេះ​។​លោក​អភិបាលខេត្ត​បាន​បន្ត​ឲ្យ​ដឹងថា​ដោយ​ពិនិត្យ​ស្ថានភាព​ជាក់ស្តែង​នៃ​ទឹកជំនន់​ដែល​រូបលោក និង​ក្រុមការងារ​ជំនាញ​បាន​ចុះទៅ​ផ្ទាល់ គឺ​ទឹកទន្លេ​មានការ​ហក់​ឡើង បណ្តាល​ឲ្យ​លិច​ផ្លូវ លិច​ដីស្រែ​របស់​ប្រជាពលរដ្ឋ​មួយចំនួន តែ​មិន​ធ្ងន់ធ្ងរ​នោះទេ អាចធ្វើ​ដំណើរ​បាន​។​

​ដោយឡែក​អាជ្ញាធរខេត្ត​និង​អាជ្ញាធរ​ស្រុក​ឆែប​ក៏បាន​ត្រៀម​កាណូត​ដឹកជញ្ជូន​និង​បាន​ត្រៀម​ទីទួល​សុវត្ថិភាព​ចំនួន​២​កន្លែង​។ ដោយ​ទីទួល​ទី​១​ស្ថិត​នៅក្បែរ​ជើងភ្នំ​ម្អម​កំពង់​ស្រឡៅ​ទី​១ និង​ទីទួល​ទី​២ នៅក្នុង​បរិវេណ​អនុ​វិទ្យា​ល​កំពង់​ស្រឡៅ​ទី​២ ទី​សម្រាប់​ប្រជាពលរដ្ឋ​មក​ស្នាក់នៅ​បណ្តោះអាសន្ន ក្នុងករណី​ទឹក​នៅតែ​បន្ត​ឡើង ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការរស់នៅ​ប្រជាពលរដ្ឋ​។​

​ក្នុងឱកាស​នៃ​ការអញ្ជើញ​ចុះទៅ​ផ្ទាល់​នោះ​លោក អ៊ុន ចាន់​ដា ក៏បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់ ដើម្បី​រក្សា​សុវត្ថិភាព​ពី​គ្រោះ​ទឹក​ទឹកជំនន់ ជាពិសេស​ត្រូវ​ថែទាំ​សុខភាព ហូប​ស្អាត ផឹក​ស្អាត និង​មាន​អនាម័យ និង​ត្រូវមាន​ការប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​ក្មេង​តូចៗ​ផងដែរ​៕S/​

​អាជ្ញាធរ​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ប្រុងប្រយ័ត្ន​ចំពោះ​ការ​ហក់​ឡើង​នៃ​ទឹកទន្លេ​

ទីតាំងផ្សាយពាណិជ្ជកម្ម