ដោយ: សុខសុភ័ណ្ឌ / កំពង់ស្ពឺ: បុរសម្នាក់ បានស្លាប់ភ្លាមៗនៅនឹងកន្លែង បន្ទាប់ពីបើកម៉ូតូ ក្នុងល្បឿនលឿន ជ្រុលទៅបុករថយន្តពីក្រោយ នៅតាមបណ្តោយផ្លូវលេខ១៣០ស្ថិតនៅក្នុងុភូមិព្រៃទទឹង ឃុំព្រះនិព្វាន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ កាលពីវេលាម៉ោង ៧និង៣០នាទី យប់ថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ២០២៣។
នគរបាលមូលដ្ឋាន បានឲ្យដឹងថា មុនកើតហេតុ មានរថយន្តមួយគ្រឿង ម៉ាក NISSAN DIESEL សេរីឆ្នាំ១៩៩៤ ក្បាលពណ៌ទឹកក្រូចលាយបៃតង និងទ្រុងពណ៌ទឹកក្រូច ពាក់ស្លាកលេខ ភ្នំពេញ 3A-3361 ។ អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ កំពុងឈប់រថយន្ត លើផ្លូវ ក្បាលរថយន្តបែរទៅទិសខាងលិច ពុំមានបើកភ្លើងសញ្ញា និងផ្លាកសញ្ញាសម្គាល់ ។
ស្រាប់តែមានម៉ូតូមួយគ្រឿង ម៉ាក HONDA Scoopy ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1KG-9862 សេរីឆ្នាំ២០២៣ បើកបរដោយឈ្មោះ ខេង កុយ ភេទប្រុស អាយុ ២២ឆ្នាំ រស់នៅភូមិព្រៃខ្លា ឃុំព្រះនិព្វាន ស្រុកគងពិសី បើកបរពីទិសខាងកើត ទៅទិសខាង លិច ក្នុងល្បឿនលឿន លុះមកដល់កន្លែងកើតហេតុ ក៏បានបុករថយន្តពីក្រោយ ពេញទំហឹង បណ្តាលឲ្យជនរងគ្រោះ ស្លាប់នៅកន្លែងកើតហេតុភ្លាមៗ ។ ក្រោយពេលកើតហេតុ អ្នកបើកបររថយន្ត បានរត់គេចខ្លួនបាត់ស្រមោល។
ក្រោយកើតហេតុ មន្ត្រីជំនាញ បានធ្វើការវាស់វែង និងបានប្រគល់សពជនរងគ្រោះ ឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី។ វត្ថុតាងរថយន្ត និងម៉ូតូ បានយកមក រក្សាទុក នៅប៉ុស្តិ៍នគបាលរដ្ឋាបាលព្រះនិព្វាន ដើម្បីចាត់កាបន្ត តាមនីតិវិធី៕ V / N