ដោយៈ ប.ខុន/ភ្នំពេញ៖ ជំនន់ទឹកស្អឹងសែននៅក្រុងកំពង់ធំបន្តកើនឡើងលើសកម្រិតកម្ពស់ត្រូវប្រកាសឱ្យមានការប្រុងប្រយ័ត្នហើយនិង ទឹកបឹងទន្លេសាបក៏បានបន្តកើនឡើងដល់កម្ពស់ជិត៥.៥០ម៉ែត្រ ខណៈទឹកទន្លេមេគង្គបន្តស្រកចុះជាលំដាប់។
លោក ចាន់ យុត្ថា អ្នកនាំពាក្យនិងជារដ្ឋលេខាធិការក្រសួងធនធានទឹកនិងឧតុនិយមបានប្រាប់រស្មីកម្ពុជានៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ថា ស្ថានភាពជំនន់ទឹកស្ទឹងនៅក្នុងខេត្តកំពង់ធំបន្តកើនឡើងលើសពីកម្រិតកម្ពស់ត្រូវប្រកាសឱ្យមានការប្រុងប្រយ័ត្ននៅក្រុងស្ទឹងសែននិងនៅខេត្តព្រះវិហារទឹកនៅបន្តកើនឡើងបន្ទាប់ពីមានភ្លៀងធ្លាក់ថែមបន្តបន្ទាប់ក្នុងពេលប៉ុន្មានថ្ងៃចុងក្រោយនេះរួចមក។
អ្នកនាំពាក្យដដែលឱ្យដឹងទៀតថា ទឹកបឹងទន្លេសាបក៏នៅបន្តកើនឡើង តែទឹកទន្លេមេគង្គលើ មេគង្គក្រោម ទន្លេបាសាក់នឹងបានបន្តស្រកចុះជាលំដាប់។ចំពោះទឹកស្ទឹងសែននៅក្រុងកំពង់ធំនាថ្ងៃទី២២ខែកញ្ញាមានកម្ពស់១៣.៦៤ម៉ែត្រខ្ពស់ជាងថ្ងៃទី២១ ខែកញ្ញា ០.០៤ម៉ែត្រ បានន័យថាទឹកឡើងលើសកម្រិតត្រូវប្រកាសឱ្យមានការប្រុងប្រយ័ត្ន០.១៤ម៉ែត្រហើយ។ នៅសណ្តាន់ភាគខាងលើក្រុងកំពង់ធំ ទឹកមានកម្ពស់ ១៩.៣៨ម៉ែត្រ ខ្ពស់ជាងថ្ងៃទី២១ ខែកញ្ញា ០.០២ម៉ែត្រ គឺលើសកម្រិតកម្ពស់ ត្រូវប្រកាសឱ្យមានការប្រុងប្រយ័ត្ន០.៨៨ម៉ែត្រ។ នៅអាងរក្សាក្នុងខេត្តព្រះវិហាទឹកមានកម្ពស់ ៤៨.៣៤ម៉ែត្រ ។ អាងទឹករក្សាអាចតម្កល់ទឹកទុកបានដល់កម្ពស់៤៩ម៉ែត្រ តែដោយសារទំនប់អាងថ្មីនេះទើបសាងសង់រួច ការតម្កល់ទឹកទុកមិនទាន់ឱ្យឡើងដល់កម្ពស់៤៩ម៉ែត្រនោះទេ។ តាមព្រឹត្តិបត័្រព័ត៌មាននិងព្យាករណ៍កម្ពស់ទឹករបស់ក្រសួងធនធានទឹកនិងឧតុនិយមចេញផ្សាយថ្ងៃទី២២ ខែកញ្ញាបានបង្ហាញឱ្យឃើញថា ទឹកទន្លេមេគង្គ នៅខេត្តស្ទឹងត្រែងមានកម្ពស់ ៨.៥០ម៉ែត្រ ទាបជាងថ្ងៃទី២១ កញ្ញា ០.០៩ម៉ែត្រ។ នៅខេត្តក្រចេះទឹកមានកម្ពស់១៩.២៧ម៉ែត្រទាបជាងថ្ងៃទី២១ ខែកញ្ញា ០.១២ម៉ែត្រ។ នៅកំពង់ចាម ទឹកមានកម្ពស់១២.៧០ម៉ែត្រ ទាបជាងថ្ងៃទី២១ កញ្ញា ០.១២ម៉ែត្រ នៅចតុមុខទឹកមានកម្ពស់៧.៩៥ម៉ែត្រ ទាបស់ជាងថ្ងៃទី២១ ខែកញ្ញា ០.០៣ម៉ែត្រ ។ នៅអ្នកលឿងទឹកមានកម្ពស់ ៥.៧១ម៉ែត្រខ្ពស់ជាងថ្ងៃទី២១ ខែកញ្ញា ០.០១ម៉ែត្រ នៅទន្លេបាសាក់កោះខែលទឹកមានកម្ពស់៦.៩៥ម៉ែត្រទាបជាងថ្ងៃទី២១ កញ្ញា ០.០២ម៉ែត្រ នៅទន្លេសាបព្រែកក្តាមទឹកមានកម្ពស់ ៦.៧៥ម៉ែត្រខ្ពស់ជាងថ្ងៃទី២១ ខែកញ្ញា ០.០២ម៉ែត្រ នៅបឹងទន្លេសាប ក្រគរ កំពង់ហ្លួងទឹកមានកម្ពស់ ៥.៤៩ម៉ែត្រ ខ្ពស់ជាងថ្ងៃទី២១ ខែកញ្ញា ០.១០ម៉ែត្រ។
កម្ពស់ទឹកដែលត្រូវប្រកាសឱ្យមានការប្រុងប្រយ័ត្ន នៅស្ទឹងត្រែងនៅកម្ពស់១០.៧០ម៉ែត្រ ។នៅក្រចេះនៅកម្ពស់២២ម៉ែត្រ។ នៅកំពង់ចាម នៅកម្ពស់១៥.២០ម៉ែត្រ នៅភ្នំពេញ ចតុមុខនៅកម្ពស់១០.៥០ម៉ែត្រ នៅអ្នកលឿងនៅកម្ពស់៧.៥០ម៉ែត្រ នៅកោះខែលនៅកម្ពស់៧.៩០ម៉ែត្រនិងនៅព្រែកក្តាមនៅកម្ពស់៩.៥០ម៉ែត្រ។
តាមការព្យាករដដែលសម្រាប់ថ្ងៃទី២៥ ខែកញ្ញាទឹកនៅខេត្តស្ទឹងត្រែងអាចស្រកមកនៅកម្ពស់៨.១៨ម៉ែត្រ។ នៅខេត្តក្រចេះទឹកអាចស្រកមកនៅកម្ពស់១៨.៩៤ម៉ែត្រ។ នៅកំពង់ចាម ទឹកអាចស្រកមកនៅកម្ពស់១២.៤៥ម៉ែត្រ ។នៅចតុមុខទឹកអាចស្រកមកនៅកម្ពស់៧.៧៨ម៉ែត្រ ។នៅអ្នកលឿងទឹកអាចស្រកមកនៅកម្ពស់៥.៥៧ម៉ែត្រ។នៅទន្លេបាសាក់កោះខែលទឹកអាចស្រកមកនៅកម្ពស់៦.៨១ម៉ែត្រនិងនៅទន្លេសាបព្រែកក្តាមទឹកអាចស្រកមកនៅកម្ពស់៦.៦២ម៉ែត្រ៕សរន/r