ដោយ៖ សរិទ្ធ / ភ្នំពេញ៖ ស្រ្ដីជាអ្នកទោស ដែលគេស្គាល់ថា ឃាតករសម្លាប់គ្រូទាយ ដើម្បីប្លន់យកគ្រឿងអលង្កា ក្នុងផ្ទះសំណាក់ មួយកន្លែង បានសម្រេចចិត្តធ្វើអត្តឃាតចង ក នៅក្នុងបន្ទប់ឃុំឃាំង អធិការខណ្ឌដូនពេញ កាលពីថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ២០២៣ ម្សិលមិញនេះ ។

ជនសង្ស័យ ឈ្មោះ នួន ខេង ភេទស្រី អាយុ ៥១ ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិជ្រៃត្នោត ឃុំញ៉ែងញ៉ង ស្រុកត្រាំកក់ ខេត្តតាកែវ ត្រូវបានចាប់ខ្លួន នៅថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ២០២៣ តាមដីកាបង្គាប់បញ្ជាឲ្យចូលខ្លួនលេខ ៤៥៩ ចុះថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ ហើយបាន បញ្ជូនមកឃុំខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាល ខណ្ឌដូនពេញ ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញកោសល្យវិច័យបច្ចេកទេស នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ បានចុះមកពិនិត្យសព និងទីតាំងកើតហេតុ ដោយសមត្ថកិច្ច បញ្ជាក់ថា ស្ត្រីដែលជាឃាតករ ខាងលើនេះ ពិតជាបានចង ក សម្លាប់ខ្លួនឯង ពិតប្រាកដមែន ។ ដោយឡែក សាកសព សមត្ថកិច្ច បានធ្វើកំណត់ហេតុ ប្រគល់ទៅឲ្យក្រុមគ្រួសារសាច់ញាតិ ចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ V / N