ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ ថ្នាក់ផ្សាយផ្ទាល់លើកទីបួនពីស្ថានីយអវកាសរបស់ចិនត្រូវបានធ្វើឡើងកាលពីរសៀលថ្ងៃព្រហស្បតិ៍ទី២១កញ្ញា ដែលបង្ហាត់បង្ហាញដោយអវកាសយានិករបស់យាន Shenzhou-16 លោក ជីង ហៃផឹង (Jing Haipeng) លោក ជូ យ៉ាងជូ (Zhu Yangzhu) និង លោក គួយ ហៃចាវ (Gui Haichao) ដល់សិស្សនិស្សិតនៅលើផែនដី។
នេះជាការបង្រៀនបែបវិទ្យាសាស្ត្រដំបូងបង្អស់ ដែលបានផ្សាយផ្ទាល់ចេញពីយានមន្ទីរពិសោធន៍ Mengtian នៃស្ថានីយអវកាស Tiangong និងជាការផ្សាយលើកទីបួននៅក្នុងវគ្គសិក្សាឈ្មោះថា “Tiangong Class”។
ក្នុងអំឡុងពេលនៃការបង្រៀនរយៈពេល ៤៨ នាទី អវកាសយានិកបានណែនាំឈុតឆាកទិដ្ឋភាពពីកន្លែងការងារនិងជីវិតរបស់ពួកគេនៅក្នុងយានមន្ទីរពិសោធន៍ Mengtian ។
ពួកគេក៏បានបង្ហាញពីការពិសោធន៍គួរឱ្យចាប់អារម្មណ៍ជាច្រើននៅក្នុងបរិយាកាសមីក្រូទំនាញផងដែរ ដូចជាអណ្តាតភ្លើងស្វ៊ែរ និងការពិសោធន៍ដែករង្វិលម្យ៉ាងហៅថា Metal Gyroscope ហើយការពិសោធន៍ទាំងនោះបានបង្ហាញពីច្បាប់នៃការរក្សាសន្ទុះ។ ពួកគេក៏បានពន្យល់ពីគោលការណ៍វិទ្យាសាស្ត្រនៃការពិសោធន៍ទាំងនោះផងដែរ។
ថ្នាក់រៀនចំនួនប្រាំត្រូវបានកំណត់នៅលើផែនដី រួមទាំងបន្ទប់រៀនមួយនៅសាកលវិទ្យាល័យប៉ីហាំង (Beihang) ក្នុងទីក្រុងប៉េកាំង។ សិស្សនិស្សិតប្រហែល ២.៨០០ នាក់បានចូលរួមការបង្រៀននៅទីតាំងទាំងនេះ៕
សិស្សនិស្សិត ២.៨០០ នាក់ចូលរួមស្តាប់ការបង្ហាត់បង្រៀនពីអវកាសយានិកចិន