ដោយៈប.ជ័យ / បន្ទាយមានជ័យ៖ផ្តើមពីរឿងស្នេហាត្រីកោណ ជនសង្ស័យដៃដល់ម្នាក់ បានបបួលបក្ខ​ពួកខ្លួនបីនាក់ផ្សេង​ទៀតទៅ​ស្វែងរកកាប់គូទំនាស់ដល់ផ្ទះ។ ពេលមិនឃើញក៏កាប់ផ្ទះបញ្ចេញកំហឹងជំនួសបង្កការខូចខាតខ្ទេច ។ក្រោយកើតហេតុ​នគរបាលក្រុង​សិរីសោភ័ណ បានបង្ក្រាបដោយចាប់ឃាត់ខ្លួនបុរសជាជនសង្ស័យទាំងបួននាក់​ ។

លោកវរសេនីយ៍ឯក ស៊ី ឌី អធិការនគរបាលក្រុងសិរីសោភ័ណបានឱ្យដឹងថា ក្រោយពីទទួលបានពាក្យបណ្ដឹងពីប្រជាពលរដ្ឋ​លោកដឹក​នាំកម្លាំងនគរបាលមួយក្រុមចុះធ្វើការស្រាវជ្រាវ ទើបរកជនសង្ស័យឃើញនៅកន្លែងជាងជួសជុលរថយន្ដ ផ្លូវលេខ១ ស្ថិតក្នុងភូមិ ភ្នំកន្ទួត សង្កាត់កំពង់ស្វាយ ដោយឃាត់ខ្លួនបានបួននាក់ ។ក្នុងនេះ ទី១.ឈ្មោះ ដុំ ប៉ាវ ,២. រស់ រិទ្ធធា  អាយុ២១ឆ្នាំ ,៣. ម៉ាន់ សីហា  អាយុ២១ឆ្នាំ និង៤. រស់ រឹទ្ធី អាយុ ២៥ឆ្នាំ ។

លោកអធិការនគរបាលក្រុងសិរីសោភ័ណបានឱ្យដឹងបន្តទៀតថា តាមចម្លើយរបស់ឈ្មោះ ដុំ ប៉ាវ ជាអ្នកបង្ករឿងបានឱ្យ​ដឹងថា ​នៅ​មុន​ពេលកើតហេតុនោះខ្លួនបានដឹកស្រីស្នេហ៍តាមម៉ូតូរបស់ខ្លួនមកដល់កន្លែងកើតហេតុ ស្រាប់តែមានមនុស្សមួយក្រុមទៀតមករករឿងខ្លួន។
គឺមកពីប្រចណ្ឌ ។ពួកគេក៏បង្កើតជារឿងជម្លោះកាប់ចាក់គ្នា ។

ឈ្មោះ ដុំ ប៉ាវ បានបន្តទៀតថា កន្លងបានពីរថ្ងៃ ខ្លួនក៏បានហៅបក្ខពួកខ្លួនបីនាក់ទៀត ដែលមានដាវពីរដើម ជិះម៉ូតូទៅដល់ផ្ទះគូ​សត្រូវ​របស់​ខ្លួននៅផ្ទះ នាផ្លូវប៉ារ៉ែត ភូមិសូភីសង្កាត់កំពង់ស្វាយ ក្រុងសិរីសោភណ ។តែដោយពុំឃើញមាន​មនុស្ស​នៅ ខ្លួនក៏កាប់ផ្ទះជំនួសបែក​កញ្ចក់អស់ដើម្បីរំសាយកំហឹង។

ជនសង្ស័យទាំងបួននាក់ បានត្រូវបានបញ្ជូនមកការិយាល័យនគរបាលជំនាញព្រហ្មទណ្ឌនៃស្នងការដ្ឋានខេត្តដើម្បីសួរចម្លើយ ហើយ​ក្រោយពីជនសង្ស័យសារភាព ក៏បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តនាថ្ងៃទី២២ ខែកញ្ញា ឆ្នាំ ២០២៣ដើម្បី​ចាត់ការ​បន្ត​តាមនិតិវិធី ៕សរន / N