ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ យោងតាមមន្ត្រីយោធាទាំងសងខាងនៃសង្គ្រាមនិងរូបភាពពីកន្លែងកើតហេតុនៅគ្រីម៉េបានឱ្យដឹងថា អ៊ុយក្រែនបានវាយប្រហារទីស្នាក់ការកណ្តាលនៃកងនាវាសមុទ្រខ្មៅរបស់រុស្ស៊ីក្នុងការវាយប្រហារដោយមីស៊ីលកាលពីថ្ងៃសុក្រ ដែលបណ្តាលឱ្យទាហានម្នាក់បាត់ខ្លួន និងអគារសំខាន់ឆាបឆេះ។
ដំបូងឡើយ ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា ទាហានម្នាក់ត្រូវបានសម្លាប់ ប៉ុន្តែបន្ទាប់មកបានចេញសេចក្តីថ្លែងការណ៍មួយ ដោយនិយាយថាទាហាននេះបានបាត់ខ្លួនបន្ទាប់ពីការវាយប្រហារនៅទីក្រុងកំពង់ផែ សេវ៉ាស្តូប៉ូល (Sevastopol)។
ឧបទ្វីបគ្រីម៉េ ដែលរុស្ស៊ីបានកាត់យកពីអ៊ុយក្រែនក្នុងឆ្នាំ ២០១៤ បានក្លាយជាគោលដៅវាយញឹកញាប់ចាប់តាំងពីប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានបញ្ជាអោយទាហានរបស់លោកបើកប្រតិបត្តិការចូលអ៊ុយក្រែនកាលពីជិត ១៩ ខែមុន។
គ្រីម៉េបានបម្រើការជាមជ្ឈមណ្ឌលសំខាន់ដែលគាំទ្រប្រតិបត្តិការយោធារបស់រដ្ឋាភិបាលក្រុងមូស្គូលើអ៊ុយក្រែន។ ក្រុងសេវ៉ាស្តូប៉ូល ដែលជាមូលដ្ឋានសំខាន់នៃកងនាវាសមុទ្រខ្មៅរបស់រុស្ស៊ីចាប់តាំងពីសតវត្សរ៍ទី ១៩ មានសារៈសំខាន់ជាពិសេសសម្រាប់ប្រតិបត្តិការកងទ័ពជើងទឹកចាប់តាំងពីការចាប់ផ្តើមនៃការឈ្លានពានអ៊ុយក្រែន៕
ទីស្នាក់ការកណ្តាលនៃកងនាវាសមុទ្រខ្មៅរបស់រុស្ស៊ីនៅទីក្រុងសេវ៉ាស្តូប៉ូលនៃតំបន់គ្រីម៉េត្រូវបានវាយប្រហារដោយមីស៊ីលអ៊ុយក្រែន កាលពីថ្ងៃសុក្រ ទី២២ ខែកញ្ញា ឆ្នាំ២០២៣